ក្រសួងព័ត៌មាន ពន្យា​ពេល​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ក្នុង​ម៉ោង​មាស

ភ្នំពេញ៖ ក្រសួងព័ត៌មានបានប្រកាសថា ការចាក់ផ្សាយវណ្ណកម្មខ្មែរ នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ នៅក្នុងម៉ោងមាស ចាប់ពីម៉ោង១៩:០០ដល់ម៉ោង២១:០០យប់។

យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយ នៅថ្ងៃ២៦ តុលា នេះបានឲ្យដឹងថា ដោយសារមានទូរទស្សន៍ក្នុងស្រុកមួយចំនួន សុំពន្យាពេលចាក់ផ្សាយ ភាពយន្ដខ្មែរព្រោះបញ្ហាផលិតកម្មវិធី និងការផ្លាស់ប្ដូរម៉ោងផ្សាយ ក្រសួងព័ត៌មានអនុញ្ញាត ឲ្យម្ចាស់ស្ថានីយទាំងអស់អាចពន្យាពេលនូវការចាក់ផ្សាយ វណ្ណកម្មខ្មែរ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាកំហិត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហាមឃាត់គ្រប់ បណ្តា ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ក្នុងស្រុកចាក់ផ្សាយភាពយន្ត បរទេសគ្រប់ប្រភេទ ក្នុងអំឡុងចាប់ពីម៉ោងមាស (៧-៩យប់) ។

ការហាមឃាត់នេះ បានធ្វើឡើងក្រោយ ពីខ្សែភាពយន្តភាគថៃ កំពុងតែមានសកម្មភាព យ៉ាងខ្លាំងក្លានៅតាមបណ្តាញ ទូរទស្សន៍ក្នុងស្រុក ដែលនាំគ្នាចាក់ផ្សាយនៅក្នុងម៉ោងពិសេស ដែលជាម៉ោងសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការទស្សនា ទូរទស្សន៍បន្ទាប់ពីបរិភោគបាយរួច ៕