ស្ថានទូតអាម៉េរិក ថ្កោលទោស អំពើហិង្សាលើ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ

ភ្នំពេញ ៖ ក្រោយមាន អំពើហិង្សាលើតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិពីររូប នៅរសៀលនេះ ពីសំណាក់ក្រុមបាតុករ ដែលទាមទាឲ្យ លោក កឹម សុខា ចុះចេញពីដំណែងនោះ ស្ថានទូតសហរដ្ឋ អាម៉េរិកប្រចាំកម្ពុជាបានធ្វើការថ្កោលទោសចំពោះករណីជាខ្លាំង។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ស្ថានទូតអាម៉េរិក នៅរសៀលថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៥នេះ បានសរសេរថា “ស្ថានទូតសហរដ្ឋអាម៉េរិកបានដឹងថា អ្នកនយោបាយ ២ រូបមកពី គណបក្សសង្គ្រោះជាតិកម្ពុជា បានរងការវាយដំ នៅក្រៅវិមានរដ្ឋសភា។ ការអនុវត្តសេរីភាពក្នុងការប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការនិយាយស្តីមិនមែន ជាហេតុផលត្រឹម ត្រូវសំរាប់ប្រព្រឹត្តអំពើហឹង្សាទេ ហើយយើងសូមថ្កោលទោសសកម្មភាពទាំងនេះ” ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងប្រកប ដោយតម្លាភាព ទៅលើការវាយដំទាំងនេះ ដើម្បីរក្សារបៀបរៀបរយ នៅរដ្ឋសភាជាតិ និងធានា សុវត្ថិភាពរបស់អ្នកនយោបាយមកពីគ្រប់គណបក្សទាំងអស់៕