ពលរដ្ឋ​រិះគន់​អាវុធហត្ថ​ស្រុក​កំពង់ត្រាច​និង​ខេត្តកំពត ហេតុ​អ្វី​ពាក់មួក​សុវត្ថិភាព​ឲ្យ​ជនសង្ស័យ​គ្រឿងញៀន?

ខេត្តកំពត ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រាច​កាលពី​រសៀល​ថ្ងៃ​ទី​២៦ តុលា ២០១៥ បាន​ឃាត់ខ្លួន​បងប្អូន​ប្រុស​-​ស្រី​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ។

ជនសង្ស័យ​២​នាក់​បងប្អូន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហង់ ស្រី​មុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​អ្នកលក់​ប្រេងសាំង​នៅ​មុខ​ផ្សារ​កំពង់ត្រាច និង​ប្អូនប្រុស​ម្នាក់​ទៀត​ឈ្មោះ ហង់ ធី អាយុ​២៤​ឆ្នាំ ។

រឿង​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​គឺជា​រឿង​ដដែល​ៗ​ទៅ​ហើយ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ដំបូង​ឡើយ​អាវុធហត្ថ​បម្រុង​នាំ​ជនសង្ស័យ​ឡើង​រថយន្ត​ទៅ​ហើយ តែ​ដោយ​ឃើញ​អ្នកកាសែត​រង់ចាំ​ថត ស្រាប់តែ​មន្ត្រី​អាវុធហត្ថ​នាំ​ចូល​ក្នុង​វិញ ហើយ​ឲ្យ​ជនសង្ស័យ​ពាក់មួក​សុវត្ថិភាព​ទើប​បណ្ដើរ​ឡើង​រថយន្ត​វិញ ។

ទោះបីជា​ការ​បង្ក្រាប និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​ហើយ​ក្តី តែ​មន្ត្រី​អាវុធហត្ថ​ស្រុក​កំពង់ត្រាច និង​មន្ត្រី​អាវុធហត្ថ​ខេត្តកំពត ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​រិះគន់​ថា បើ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ ហេតុ​អ្វី​សមត្ថកិច្ច​ពាក់មួក​សុវត្ថិភាព​ឲ្យ​ជនសង្ស័យ​បែប​នេះ? ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ អាក្រក់​មើល​ពេក​ហើយ ៕