សមត្ថកិច្ច​ខេត្តសៀមរាប​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​ប្រតិបត្តិការ​ក្តៅ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​អំពើ​លួច​-​ប្លន់​ក្នុង​ក្រុង​សៀមរាប ។

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​រួម​មួយ​ដែល​មាន​កម្លាំង​មក​ពី​បណ្តា​ស្រុក​ទាំង​១១​ចំនួន​២២​នាក់​, កម្លាំង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​២៣​នាក់​, កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​១៦​នាក់​, កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​៧​នាក់​, កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​១២​នាក់ និង​កម្លាំង​នគរបាល​សង្កាត់​គោក​ចក​៦​នាក់ សរុប​ទាំងអស់​៨៦​នាក់ ចែក​ចេញ​ជា​២​គោលដៅ គឺ​នៅ​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​គោក​ចក​។

របាយការណ៍​បាន​បញ្ជាក់​ថា ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​២២ តុលា ២០១៥ បាន​រក​ឃើញ និង​បញ្ជូន​ជនសង្ស័យ​រក្សា​ទុក ចាត់ចែង ប្រើប្រាស់​សារធាតុ​ញៀន បញ្ជូន​ទៅ​តុលាការ​បាន​៤​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់​(​ស្រី​៤​នាក់​) និង​ដកហូត​បាន​វត្ថុ​តាង​មាន ចង្ក្រាន​ចម្រាញ់​សារធាតុ​ញៀន​១, ថ្នាំ​ញៀន​ម្សៅ​ក្រាម​១​កញ្ចប់​តម្លៃ​៥០​ដុ​លា្ល​រ​, ទូរស័ព្ទ​ដៃ​៦​គ្រឿង និង​ឧបករណ៍​មួយ​ចំនួន ។ រក​ឃើញ និង​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​មជ្ឈមណ្ឌល​ស្តារ​យុវ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បាន​ចំនួន​១០​នាក់​(​ស្រី​ម្នាក់​) និង​មាន​ចម្លើយ​សារភាព ព្រមទាំង​បាន​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ពិតប្រាកដ ។ នៅ​ថ្ងៃ​ទី​២៣ តុលា ២០១៥ រក​ឃើញ និង​បញ្ជូន​ជនសង្ស័យ​រក្សា​ទុក​ ចាត់ចែង ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​តុលាការ​បាន​៤​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ និង​ដកហូត​បាន​វត្ថុតាង​មាន ម្សៅ​ក្រាម​១​កញ្ចប់​(​កន្លះ​ក្រាម​), មេ​តំ​ហ្វេ​តា​មីន​៨​កញ្ចប់ ស្មើនឹង​ទម្ងន់​៣,៨​ក្រាម​, ​ទូរស័ព្ទ​ដៃ​៤​គ្រឿង​, ម៉ូតូ​២​គ្រឿង ។ រក​ឃើញ និង​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​មជ្ឈមណ្ឌល​ស្តារ​យុវ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បាន​ចំនួន​៦​នាក់ ហើយ​មាន​ចម្លើយ​សារភាព​ និង​បាន​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ពិតប្រាកដ និង​រក​ឃើញ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ប្លន់​ជន​រង​គ្រោះ​យក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​៨ តុលា ២០១៥) បាន​មនុស្ស​ចំនួន​៩​នាក់ កំពុង​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ​រក​វត្ថុ​តាង​បន្ត ។

របាយការណ៍​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៩​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​មាន ១-​ឈ្មោះ ស ខន ភេទ​ប្រុស ៣១​ឆ្នាំ ជា​ជន​ដៃដល់​, ២-​ឈ្មោះ មឿ​ន សុ​វ​ណ្ណា​រ៉ា ហៅ ហេង លី​ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជន​ដៃដល់​, ៣-​ឈ្មោះ អ៊ុ​ក ឌី​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៤-​ឈ្មោះ ស៊ុន ប៊ុ​ន​ហេង ហៅ​តា​ទឹកកក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៥-​ឈ្មោះ គង់ សីហា ហៅ​តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៦-​ឈ្មោះ រឿ​ម រ៉ា​ន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៧-​ឈ្មោះ ជេស អំណត់ ហៅ​ធំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៨-​ឈ្មោះ ឆ​យ សុធា​វិចិត្រ ហៅ​ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង ៩-​ឈ្មោះ ធឿ​ន សុ​ណា​រិ​ទ្ធា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។

ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន ម៉ូតូ​៤​គ្រឿង​, ដាវ​ដែក​១​ដើម ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕