កងទ័ព ដែល​កំពុង​ឈរជើង នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​ថៃ បានទាមទារ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​សភា​

ភ្នំពេញ: ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​ថៃ បានធ្វើ​ញ្ញត្តិ​ស្នើសុំ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​ទាំងអស់​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា​។​

​នៅក្នុង​ញ្ញត្តិ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា​ថា “​យើងខ្ញុំ​ទាំងអស់គ្នា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​អំពី​សភាពការណ៍​នយោបាយ​របស់​ប្រទេសជាតិ និង​បាន​មើលឃើញ​ពី​សកម្មភាព​ដ៏​ពិសពុល​របស់លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងធ្វើការ​ឃោសនា​បើក​ប្រាស់​ប្រជាពលរដ្ឋ ញុះញង់​អុចអាល​លាប​ពណ៌ បង្ក​កំហឹង​រើសអើង​ពូជសាសន៍ និង​ឈានទៅ​បង្ក​សង្គ្រាម​ផ្ទៃក្នុង ដែល​មិន​សមជា​ទង្វើ​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​។ ដើម្បី​សុខសន្តិភាព​របស់​ប្រទេសជាតិ និង​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ធ្វើការ​អំពាវនាវ​ដល់​ស​ម្តេច​ប្រធានរដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​ទាំងអស់ មេត្តា​ដក​លោក​កឹម សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ យើងខ្ញុំ​សង្ឃឹមថា សម្តេច​ប្រធាន និង​អ្នកតំណាងរាស្ត្រ​ទាំងអស់ និង​ចាត់វិធានការ​តាម​ការស្នើសុំ​របស់​យើងខ្ញុំ និង​ប្រជាពលរដ្ឋ​ទាំងអស់ ជាក់​ជាមិនខាន​”​។​
 
​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា​នេះ ក្រុមបាតុករ​រាប់រយ​នាក់ បាន​ប្រមូលផ្តុំ​មុខ​រដ្ឋសភា ចាប់តាំងពី​ព្រឹក​ព្រលឹម ដើម្បី​ទាមទារ​ឲ្យ​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចុះ​ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​។

​ក្រុមបាតុករ អះអាងថា លើកឡើងថា រយៈពេល​កន្លងមកនេះ លោក​កឹម​សុខា អនុប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សកម្មភាព​ឃោសនា បោកប្រាស់ ញុះញង់ បំបែកបំពាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើការ​អុកឡុក បង្ក​ឲ្យ​មាន​កំហឹង​ពូជសាសន៍ និង​អាចឈាន​បង្ក​ឲ្យ​មាន​សង្គ្រាម កើតមាន​ក្នុង​ផ្ទៃ​ប្រទេស ដែល​សកម្មភាព​ទាំងនេះ គឺ​ពិតជា​មិន​ស័​ក្ត​សមជា​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទេ​។​

​រហូតដល់​ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៦​តុលា​នេះ នៅពេល​អ្នកតំណាងរាស្ត្រ​ចេញពី​កិច្ចប្រជុំ​រដ្ឋសភា ក្រុមបាតុករ បាន​វាយ​តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សុភា បណ្តាល​ឲ្យ​របួស​យ៉ាងដំណំ​។ លោក ញ៉យ ចំរើន បាន​សន្លប់ បែកភ្នែកម្ខាង បាក់​កដៃ និងបាក់ខ្ទង់ច្រមុះ​។​

​ក្រោយ​ព្រឹត្តិការណ៍​នោះ ទាំង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​រដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដាច់​ដោយឡែក​ពីគ្នា និង​ទាមទារ​ឲ្យ​សមត្ថកិច្ច វែកមុខ​រក​ជនដៃដល់ យកមក​ផ្តន្ទាទោស​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ច្រានចោល​នូវ​ការលើក​ឡើង​​របស់លោក​សមរង្ស៊ី ដែលថា បាតុករ​ទាំងនោះ ជា​ក្រុមបាតុករ ដែល​រៀបចំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​៕​