​សម្តេច​តេ​ជោ សែន ៖ ក្រុមហ៊ុន​បារាំង​ប្រមាណ ១០០ បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​

ភ្នំពេញ: សម្តេច​តេ​ជោ សែន បាន​អះអាង​ថា សកម្មភាព​វិនិយោគ និង​ធុរកិច្ច​របស់​បារាំង នៅ​កម្ពុជា នៅមាន​ចំនួន​តិច​នៅឡើយ ជាក់ស្ដែង​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា មាន​ចំនួន​ត្រឹមតែ​ប្រមាណ ៥០ ក្រុមហ៊ុន​ប៉ុណ្ណោះ រួមបញ្ចូល​ទាំង​ក្រុមហ៊ុន​តូចៗ ដែល​បម្រើ​ក្នុង​វិស័យ​ផ្សេងៗ​ដទៃទៀត ចំនួន​ប្រមាណ ១០០ ក្រុមហ៊ុន​។​
​ក្រុមហ៊ុន​បារាំង ទាំង​តូច ទាំង​ធំ ដូចជា ក្រុមហ៊ុន​វ៉ាង់​ស៊ី (VINCI) ក្រុមហ៊ុន​តូ​តា​ល់ (Total) ជាដើម បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ជំនួប​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​បារាំង​-​កម្ពុជា​
 ដែល​រៀបចំឡើង​ដោយ MEDEF INTERNATIONAL នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដូចដែល​យើង​បានដឹងហើយថា នៅ​ចុងឆ្នាំ​២០១៥ នេះ កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៩​ទៀត នឹង​ឈានចូល​ទៅក្នុង​សករាជ​មួយ​ថ្មី គឺ​សករាជ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​យើង​ដឹង​ច្បាស់​ថា​នឹង​នាំមក​នូវ​កាលានុវត្តភាព ទន្ទឹមគ្នា​នឹង​ការ​ប្រឈម​។ ដូចនេះ ចាប់ពីពេលនេះ​តទៅ សូម​អស់លោក​ឈប់​គិតថា វិនិយោគ​នៅ​កម្ពុជា​ក្នុង​គោលបំណង​បម្រើ​ទីផ្សារ​កម្ពុជា​ដែលមាន​ត្រឹមតែ​១៥​លាន​នាក់ គឺ​ត្រូវ​គិតពី​ទីផ្សារ​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ (GMS) ដែលមាន​ប្រជាជន​ចំនួន ៣២៦​លាន​នាក់ និង​ធំ​ជាងនេះទៅទៀត គឺ​បម្រើ​ទីផ្សារ​តំបន់​អាស៊ាន​ទាំងមូល​ដែលមាន​ប្រជាជន​រហូតដល់​ទៅ​៦៣០​លាន​នាក់​។ ក្នុងន័យនេះ ខ្ញុំ​ចង់ឃើញ​ក្រុមហ៊ុន​បារាំង​មក​បណ្ដាក់ទុន​និង​ផលិត​នៅ​កម្ពុជា និង​នាំ​ចេញទៅ​ទីផ្សារ​អាស៊ាន​ដែល​ទំនិញ​ទាំងនោះ មិន​ត្រូវបាន​ជាប់ពន្ធ​ទេ​។ ជាមួយគ្នានេះដែរ ខ្ញុំ​សូម​ស្វាគមន៍​ក្រុមហ៊ុន​បារាំង​មក​បណ្ដា​ក់នៅ​កម្ពុជា ដើម្បី​បម្រើ​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​បានផ្ដល់​ភាពអនុគ្រោះ​ការនាំ​ចូល​មុខទំនិញ​/​ផលិតផល​ពី​កម្ពុជា ដោយ​គ្មាន​ការកំណត់​បរិមាណ និង​មិន​ជាប់ពន្ធ​ឡើយ (Quota Free-Duty Free)​។​

 នៅ​តំបន់​អាស៊ី មាន​ក្រុមហ៊ុន​បារាំង​មួយចំនួន​មាន​ទីតាំងនៅ​ប្រទេស​ចិន ឬ​ប្រទេស​ថៃឡង់​ដ៍ និង​នៅ​ប្រទេស​មួយចំនួនទៀត​។ ក្នុង​សម័យកាល “​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់ - Regional Supply Chain” ដែល​មានន័យថា គ្មាន​ទំនិញ​ណា​ផលិត​ពី​ដើម​ដល់​ចុង នៅលើ​ទីតាំង​តែមួយ នៅក្នុង​ប្រទេស​តែមួយ​ឡើយ​, ខ្ញុំ​យល់ឃើញថា ក្រុមហ៊ុន​បារាំង​ទាំងនោះ​អាចធ្វើ​ការពិចារណា​ឲ្យ​មាន​ផ្នែក​ណាមួយ​នៃ​សង្វាក់ ផលិតកម្ម​របស់ខ្លួន មាន​សកម្មភាព​នៅ​កម្ពុជា ដោយ​ផ្អែកលើ​សក្ដានុពល​សំខាន់ៗ​របស់​កម្ពុជា ជាពិសេស នៅក្នុង​វិស័យ​កសិកម្ម​, ក​សិ​-​ឧស្សាហកម្ម​, ឧស្សាហកម្ម​កែច្នៃ​, ឧស្សាហកម្ម​កម្មន្តសាល​, និង​នៅតាម​ផ្នែក​ផលិតកម្ម និង​សេវាកម្ម​ផ្សេងទៀត និង​ផ្អែកទៅលើ​ឧត្តមភាព​ប្រៀបធៀប​ពិសេស​របស់​កម្ពុជា ដែលជា​ប្រទេស​បើកចំហរ​, មាន​ប្រាក់​ឈ្នួល​សមរម្យ​, មាន​កម្លាំង​ពលកម្ម​វ័យក្មេង និង​សកម្ម (​មាន​អាយុ​ចន្លោះ​ពី​១៥​ដល់​៥៤​ឆ្នាំ ចំនួន​ប្រមាណ​៩,២​លាន​នាក់ ត្រូវ​នឹង​ប្រមាណ​៥៩,៤%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​) ព្រមជាមួយ​នឹង​ភាព​អំណោយផល​នៃ​អាកាសធាតុ​, ដី និង​ធនធានធម្មជាតិ​។ សក្ដានុពល​ទាំងអស់នេះ កំពុងតែ​រង់ចាំ​ការវិនិយោគ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន​របស់​អស់លោក​។​

​សូមជម្រាបថា ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៩១ មកដល់​សព្វថ្ងៃនេះ រដ្ឋាភិបាល និង​ប្រជាជន​បារាំង បានផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ ហិរញ្ញប្បទាន និង​បច្ចេកទេស ដែល​មិនអាច​កាត់ថ្លៃ​បាន ក្នុងការ​ស្វែងរក​សន្តិ​ភាព ព្រមទាំង​ការស្ដារ និង​អភិវឌ្ឍន៍​កម្ពុជា​។ លើសពីនេះ​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស រដ្ឋាភិបាល​បារាំង​បាន​ស្វាគមន៍ និង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​មក​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ក្នុង​ជំនាញ​ផ្សេងៗ ដូចជា ច្បាប់ ពេទ្យ វិស្វកម្ម​។ ការជួយជ្រោមជ្រែង​ទាំងអស់នេះ បានរួម​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា​មានលទ្ធភាព​ក្រោកឈរ​ឡើងវិញ​ជា​ប្រជាជាតិ​មួយ ដែល​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ និង​អរិយធម៌​ល្បីល្បាញ​។ ក៏ប៉ុន្តែ ជាការ​គួរ​ឲ្យ​កត់សម្គាល់​កម្រិត​នៃ​សកម្មភាព​វិនិយោគ និង​ធុរកិច្ច​របស់​បារាំង​នៅ​កម្ពុជា គឺ​នៅមាន​ចំនួន​តិច​នៅឡើយ ជាក់ស្ដែង​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា មាន​ចំនួន​ត្រឹមតែ​ប្រមាណ​៥០​ក្រុមហ៊ុន​ប៉ុណ្ណោះ រួមបញ្ចូល​ទាំង​ក្រុមហ៊ុន​តូចៗ​ដែល​បម្រើ​ក្នុង​វិស័យ​ផ្សេងៗ ដទៃទៀត ចំនួន​ប្រមាណ ១០០ ក្រុមហ៊ុន​។​
​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ក៏​សូម​ឆ្លៀតឱកាស​នេះ​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់​ក្រុមហ៊ុន​បារាំង ទាំង​តូច ទាំង​ធំ ដូចជា ក្រុមហ៊ុន​វ៉ាង់​ស៊ី (VINCI) ក្រុមហ៊ុន​តូ​តា​ល់ (Total) ជាដើម ដែល​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​នាពេល​កន្លងមក​។ ប្រាកដ​ណាស់ សកម្មភាព​ទាំងអស់នេះ មិន​ត្រឹមតែ​បាន​ចូលរួម​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​ការទូត និង​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​យើង​ទាំងពីរ​។​
​សម្តេច​តេ​ជោ បានកត់សម្គាល់​បន្តថា "​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​តែងតែ​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច ហើយដោយ​ឈរលើ​មូលដ្ឋាន​នៃ​ទស្សនទាន​នេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​យន្តការ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល ជាមួយនឹង​វិស័យ​ឯកជន​លើ​គ្រប់​វិស័យ សម្រាប់​ជួបប្រជុំ​ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​វិនិយោគ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​វិនិយោគ សំដៅ​ទាក់ទាញ​លំហូរ​វិនិយោគ​បរទេស​មក​កម្ពុជា​។ ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ធានា​ជូន​វិនិយោគិន​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុគ្រោះ និង​ជួយ​ជំរុញ​ដល់ ការវិនិយោគ ពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​"៕

​សម្តេច​តេ​ជោ សែន ៖ ក្រុមហ៊ុន​បារាំង​ប្រមាណ ១០០ បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​

​សម្តេច​តេ​ជោ សែន ៖ ក្រុមហ៊ុន​បារាំង​ប្រមាណ ១០០ បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​

​សម្តេច​តេ​ជោ សែន ៖ ក្រុមហ៊ុន​បារាំង​ប្រមាណ ១០០ បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​