អតីត​និស្សិត​ដែល​គំរាម​សម្លាប់​សម្តេច​ក្រឡាហោម នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៨​តុលា​នេះ

ខេត្តសៀមរាប ៖ អតីត​និស្សិត​នៅ​ខេត្តសៀមរាប​ដែល​បាន​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច​ក្រឡាហោម ស ខេ​ង តាម​ហ្វេ​ស​ប៊ុ​ក នឹង​ត្រូវ​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៨ តុលា​ខាង​មុខ​នេះ ។ នេះ​បើ​តាម​មេធាវី​ការពារ​ក្ដី​របស់​អតីត​និស្សិត តៅ សា​វឿ​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ តុលា​នេះ ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​និស្សិត តៅ សា​វឿ​ន គឺ​អ្នកស្រី កុយ កិ​ត្យា បាន​មាន​ប្រសាសន៍​ថា តុលាការ​ខេត្ដសៀមរាប​បាន​សម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ តៅ សា​វឿ​ន រយៈពេល​១៥​ខែ តាម​មាត្រា​២៣៣ នៃ​បទ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​អនុវត្ត​ទោស​១​ខែ នៅ​សល់​គឺ​ព្យួរ​ទាំងអស់ បន្ទាប់​ពី​ការ​ជំនុំ​ជម្រះក្តី​កាលពី​ថ្ងៃ​ទី​២២ តុលា ២០១៥​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ អ្នកស្រី​បន្ដ​ថា នៅ​ថ្ងៃ​ទី​២៨ តុលា​នេះ គឺ​គ្រប់​១​ខែ​ហើយ ដូច្នេះ​កូនក្ដី​របស់​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ  ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ២០១៥​ យុវជន​ឈ្មោះ តៅ សា​វឿ​ន និស្សិត​រៀន​សកល​វិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ហៅ​កាត់​ថា USEA ខេត្ដសៀមរាប មាន​ទីលំនៅ​ក្នុង​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច​ក្រឡាហោម ស ខេ​ង តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​នោះ ។ គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែតុលា​នេះ គឺ​មាន​រយៈពេល​១​ខែ​ល្មម ។

មហាជន​ទូ​ទាំង​ខេត្តសៀមរាប និង​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទន្ទឹងរង់ចាំ​មើល​ថា តើ​អតីត​និស្សិត​សាកលវិទ្យាល័យ USEA តៅ សា​វឿ​ន អាច​ចេញពី​ពន្ធនាគារ​បាន​ដែរ ឬ​យ៉ាងណា?