រដ្ឋសភា នឹងពិនិត្យ ពិចារណាលើញត្តិទាមទារដកលោកកឹម សុខា ពីតំណែង

ញត្តិទាមទារដកលោកកឹម សុខា ពីតំណែងអនុប្រធានរដ្ឋសភា  នឹងត្រូវបញ្ជូនទៅហេង សំរិន ប្រធានរដ្ឋសភា តាមនីតិវិធី ហើយរដ្ឋសភារដ្ឋសភានឹងពិនិត្យពិចារណាលើញត្តិទាមទារនេះនាពេលខាងមុខ។ នៅព្រឹកថ្ងៃចន្ទ ទី២៦ខែតុលានេះ  មានប្រជាពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខរដ្ឋសភា ទាមទារឲ្យរដ្ឋសភា ដកតំណែង លោកកឹម សុខា។ ពួកគេបានចោទ លោក កឹម សុខាថា ជាមនុស្សចូលចិត្តបង្កបញ្ហា និងញុះញង់ពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។

ញត្តិទាមទារដកលោក កឹម សុខា អនុប្រធានរដ្ឋសភាចេញពីតំណែង របស់ក្រុមប្រជាពលរដ្ឋ នឹងត្រូវបញ្ជូនទៅហេង សំរិន ប្រធានរដ្ឋសភា តាមនីតិវិធី។ នេះជាការបញ្ជាក់របស់ លោក សុខ ឥសាន អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មការទី១នៃរដ្ឋសភា ដែលបានចេញមកទទួលញត្តិរបស់ក្រុមបាតុករនៅព្រឹកថ្ងៃចន្ទនេះ។

អនុប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក សុខ ឥសាន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងនេះថា៖«មន្រ្តីរបស់គណៈកម្មការទី១ នឹងយកញត្តិនេះដាក់ជូនប្រធានរដ្ឋសភាដើម្បីពិចារណា និងដោះស្រាយតាមនីតិច្បាប់»។

សូមបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី២៦ខែតុលានេះ មានប្រជាពលរដ្ឋរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខរដ្ឋសភាជាតិ ទាមទារឲ្យដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា។ ពួកគេបានចោទថា អនុប្រធានទីមួយរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ ជាមនុស្សចូលចិត្តបង្កបញ្ហា និងញុះញង់ពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។

លោក ប៉ាន់ខែម ប៊ុន ថន ដែលជាអ្នកដឹកនាំបាតុកម្មនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមយ៉ាងដូច្នេះថា «ដោយសារតែកន្លងមកលោក កឹម សុខា តែងតែដើរសន្យាបោកប្រាស់ប្រជាពលរដ្ឋ ការសន្យានេះ សន្យានោះ និងរិះគន់រដ្ឋាភិបាល ខណៈដែលខ្លួនមិនដែលបានធ្វើសកម្មភាពអ្វីដូចរដ្ឋាភិបាលសោះ»។

គួរជម្រាបជូនថា បន្ទាប់ពីប្រមូលគ្នានៅមុខរដ្ឋសភា មានក្រុមបាតុករមួយចំនួនបានលើកគ្នាទៅតវ៉ា នៅមុខផ្ទះរបស់លោក កឹម សុខា ក្នុងខណ្ឌទួលគោកផងដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​