ឥណ្ឌា ៖ ស្ត្រី​គ​-​ថ្លង់​ម្នាក់​រកឃើញ​ក្រុមគ្រួសារ​វិញ ក្រោយពី​វង្វេង​នៅ​ប៉ា​គី​ស្ថាន​អស់ ១០ ឆ្នាំ​

​ស្ត្រី​គ​-​ថ្លង់​ជនជាតិ​ឥណ្ឌា​ម្នា​ក់បាន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​ហើយ កាលពី​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជួបជុំ​សមាជិក​ដែល​នាង​អះអាងថា ជា​ក្រុមគ្រួសារ​របស់​នាង បន្ទាប់ពី​បាន​វង្វេង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ជាង ១០ ឆ្នាំមុន​។​

​ស្ត្រី​វ័យក្មេង​នេះ​ដែល​បច្ចុប្បន្ន​មាន​អាយុ​ជាង ២០ ឆ្នាំ​ត្រូវបាន​មណ្ឌល​ដែល​ទទួល​នាង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដាក់ឈ្មោះថា Geeta ។ នៅពេលដែល​នាង​វង្វេង​ក្នុងប្រទេស​នេះ នាង​មិនអាច​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញាណ និង​ទីកន្លែង​ដែល​នាង​មក​បានទេ​។ Geeta បាន​ជិះ​រថភ្លើង​តែម្នាក់ឯង​ពី​ឥណ្ឌា​ឆ្លងដែន​ចូលមក​ប៉ា​គី​ស្ថាន ដោយ​គ្មាន​លិខិតឆ្លងដែន​អ្វី​ទាំងអស់​។ ក្រោយមក នាង​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​មូលនិធិ Edhi នៅ​ប៉ា​គី​ស្ថាន ដោយ​ស្នាក់នៅ​ជាមួយ​គ្រួសារ​មួយ​នៃ​សមាជិក​មូលនិធិ​នេះ​ក្នុង​ទីក្រុង Karachi ។​

១០ ឆ្នាំ​បន្ទាប់ពី​ការ​វង្វេង​តែម្នាក់ឯង​នៅក្នុង​ទឹកដី​ថ្មី ដំណើរ​នៃ​ការស្វែងរក​គ្រួសារ​របស់​នាង​មាន​ការវិវត្ត​ទៅមុខ នៅពេល​មាន​ការចាក់​បញ្ចាំងភាពយន្ត Bollywood មួយ​កាលពី​ខែសីហា​កន្លងទៅនេះ​។ ភាពយន្ត​នោះ​យក​លំនាំ​តាម​ជីវប្រវត្តិ​របស់ Geeta ។ ភ្លាមៗ​នោះ រដ្ឋាភិបាល​ឥណ្ឌា​បាន​សន្យាថា នឹង​នាំ​នាង​ត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ​។ ក្រោយមក មានគ្រួសារ​ជាច្រើន​បានប្រកាសថា ជា​សាច់ញាតិ​របស់​នាង ហើយ​នៅ​ទីបំផុត នៅ​ដើមខែ​តុលា​នេះ Geeta បាន​អះអាងថា រកឃើញ​គ្រួសារ​ពិតប្រាកដ​របស់​នាង​ហើយ​។​

​ទោះជា​យ៉ាងណា គេ​ត្រូវតែ​ធ្វើតេស្ត DNA ជាមុនសិន មុននឹង​ប្រគល់ Geeta ទៅ​ឲ្យ​គ្រួសារ​ដែល​នាង​អះអាងថា ជា​ក្រុមគ្រួសារ​ពិតប្រាកដ​របស់​នាង​។ បើសិនជា​លទ្ធផល​បង្ហា​ញ​ថា ក្រុមគ្រួសារ​នោះ​គ្មាន​ទំនាក់ទំនង​សាច់ឈាម​ទេ នាង​នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​ស្ថាប័ន​មួយ​នៅ​ប្រទេស​ឥណ្ឌា​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​