របប​សឹក​ថៃ​ដែល​ស្និទ្ធ​ជាមួយ​ចិន ស្ទាក់ស្ទើរ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​អាមេរិក​

​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អា​រិ​ក បាន​ក្លាយជា​ប្រធាន​មួយ​ដែល​ត្រូវបាន​គេ​ជជែក​ច្រើន​ក្រោយពី​ភាគី​ទាំង​១២ បាន​ចុះហត្ថលេខា​ទទួល​កិច្ចព្រមព្រៀង​លើកដំបូង​កាលពី​ថ្មី​នេះ​។ ខណៈ​មាន​រដ្ឋ​អាស៊ាន​ដូចជា​ព្រុយ​ណេ សិង្ហ​បុរី វៀតណាម និង ម៉ាឡេស៊ី បាន​ក្លាយជា​សមាជិក​ហើយ​នោះ ថៃ​ដែល​បច្ចុប្បន្ន កំពុង​គ្រប់គ្រង​ដោយ​របប​សឹក​នោះ កំពុង​មានការ​ស្ទើរ​ស្ទាក់​ខ្លាំង ដ្បិត​កិច្ចព្រមព្រៀង​នេះ អាច​ប៉ះពាល់​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​កំពុងមាន​ជាមួយនឹង​ចិន​ស្រាប់​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់ថា ថៃ នឹង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​អាមេរិក​។ លោក អះអាង​បែបនេះ ដោយសារតែ​បច្ចុប្បន្ន ថៃ កំពុងតែ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដែលជា​ដៃគូ​ដ៏​ធំ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

១. តើ​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​មានន័យ​ចំពោះ​ភាគី​
​កាលពី​ថ្ងៃទី​០៥ ខែតុលា សហរដ្ឋអាមេរិក និង រដ្ឋ​ប៉ាស៊ីហ្វិក​១១​ផ្សេងទៀត បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​ចរចា​ដោយ​សម្ងាត់​អស់​រយៈ​ជាង​ប្រាំ​ឆ្នាំ​មកហើយ​នោះ​។ កិច្ចព្រមព្រៀង​នេះ នឹងធ្វើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ប៉ាស៊ីហ្វិក​កាន់តែ​ធំ​និង​ធ្វើ​ឲ្យ​មាន​បទដ្ឋាន​ពាណិជ្ជ​ម្ម​រួម​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​កិច្ចព្រមព្រៀង​នេះ នឹង​ផ្តោតលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការលុបបំបាត់​របាំង​ពន្ធគយ​លើ​ទំនិញ​រាប់ម៉ឺន​មុខ ការកំណត់​បទដ្ឋាន​ព​លកម្ម​និង​បរិស្ថាន និង ការការពារ​កម្មសិទ្ធិ​បញ្ញា​ផងដែរ​។ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក បាន​បង្កើតឡើង​ដើម្បី​ជំរុញ និង បង្កើន​នូវ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម​។
​តែ​សម្រាប់​រដ្ឋាភិបាល​របប​សឹក ហាក់ដូចជា​មិនសូវ​ចាប់អារម្មណ៍​ជាមួយនឹង​កិច្ចព្រមព្រៀង​នេះ ប៉ុន្មាន នោះទេ​។

២. អ្វីដែល​ជំរុញ​ឲ្យ​របប​សឹក​មានការ​ស្ទាក់ស្ទើរ​ខ្លាំង​?
​តាមពិតទៅ សម្រាប់​ការចូលរួម​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ លោក​ប្រា​យុទ្ធ មិនបាន​ប្រកែក​ដាច់ ខាត​នោះទេ គ្រាន់តែ​ពេលនេះ រដ្ឋាភិបាល​របប​សឹក​ទាមទារ​ឲ្យ​មានការ​សិក្សា​ឲ្យ​ច្បាស់ ព្រោះ វា​អាច ប៉ះពាល់​ដល់​វិស័យ​ឯកជន​ច្រើន​។ ហើយ​លោក​ថា ថៃ​នៅមាន​ពេល​សម្រេចចិត្ត​ដល់​ឆ្នាំ​២០១៧ ជា​ពេល​មួយ​នៃ​ការជ្រើសរើស​រដ្ឋាភិបាល​ថ្មី​។ នេះ អាច​មានន័យថា ក្រោម​ការគ្រប់គ្រង​ដោយ​របប​សឹក ថៃ មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ​។

​យ៉ាងណាក៏ដោយ អ្វីដែល​ធ្វើ​ឲ្យ​ថៃ មានការ​ស្ទាក់ស្ទើរ​ខ្លាំង ក៏​ព្រោះតែ​បច្ចុប្បន្ន​ក្នុងចំណោម​រដ្ឋ​ទាំង​១២​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក គឺ​ថៃ​មាន​កិច្ចសហការ​ជាមួយនឹង​រដ្ឋ​ចំនួន​៩​ហើយ លើកលែងតែ​អាមេរិក កាណាដា និង ម៉ិ​ក​ស៊ិ​ក​។ មួយវិញទៀត នោះ ក៏​ព្រោះតែ​ថៃ ជាមួយនឹង​រដ្ឋ​អាស៊ាន​៩​ផ្សេងទៀត កំពុងតែ​ចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RECP) ជាមួយនឹង​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ ដែលមាន​ទំហំ​ស្មើ​៣​ពាន់​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ ហើយ បើ​ថៃ បន្ត​ចូល​កិច្ចព្រមព្រៀង ដែល​ដឹកនាំ​ដោយ​អាមេរិក​ទៀត នោះ នឹងធ្វើ​ឲ្យ​មានការ​ប៉ះពាល់​គ្នា​រវាង​កិច្ចព្រមព្រៀង​ជាមួយនឹង​ចិន និង អាមេរិក​។

៣. គោលនយោបាយ​ការបរទេស​របប​សឹក មិនសូវ​ចូលចិត្ត​អាមេរិក​?
​តាមពិតទៅ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក មិនមែន​គ្រាន់តែ​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ ការ​ពាណិជ្ជកម្ម​ល្អ​រវាង​សមាជិក​ទាំងអស់​នោះទេ តែ​វា នឹង​ជួយ​ឲ្យ​អាមេរិក អាច​រឹតចំណង​ជាមួយនឹង សម្ព​ន្ធ័​មិត្ត​របស់ខ្លួន​តាម​កិច្ចព្រមព្រៀង​នេះដែរ​។ ដោយឡែក បើ​គេ​ក្រឡេកមើល​គោលនយោបាយ ការបរទេស​ថៃ ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​២២ ឧសភា នោះគេ​ឃើញថា ថៃ​បាន​ងាក​ខ្លាំង​ទៅរក​ចិន​ទាំង ផ្នែក​ពាណិជ្ជកម្ម និង គោលនយោបាយ​ការបរទេស​។ ហើយ​គេ​ក៏​មិនអាច​ប្រកែក​បាន​ថា ដោយសារតែ អាមេរិក បាន​រិះគន់​របប​សឹក​ខ្លាំងៗ ដ្បិត​បំពាន​ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែលជា​អ្វីដែល​អាមេរិក​ចង់បាន​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​