បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ម្នាក់​ ប្តឹង​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​សន្លឹក​ឆ្នោត​ឡើង​វិញ​

​លោក​មេធាវី​ ឡោ​ ជុន​ធី​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១០២​ អតីត​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៦​ និង​ជា​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ (២០១៥-២០១៨)​ នា​សម័យ​បោះ​ឆ្នោត​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​ របស់​គណៈមេធាវី​(BAKC)​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ ជូន​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​សន្លឹក​ឆ្នោត​ចំនួន​១៦​សន្លឹក​ នៅ​ការិយាល័យ​បោះ​ឆ្នោត​ទី​១​ ដែល​ចាត់ទុកជា​សន្លឹក​ឆ្នោត​មិន​បានការ​ឡើង​វិញ​ និង​ផ្សព្វផ្សាយ​ជូន​ម្ចាស់​ឆ្នោត​ដើម្បី​បង្ហាញ​តម្លាភាព​ ក្រោម​រូបភាព​ចាត់ការ​តាម​សមត្ថកិច្ច​ជា​លក្ខណៈ​គ្រួសារ​តែ​មួយ​ ។​

​ពាក្យ​ស្នើ​សុំ​របស់​លោក​មេធាវី​ ឡោ​ ជុន​ធី​ បាន​លើក​ឡើង​ថា​ ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ទី​១​ មានការ​ទាត់​ចោល​សន្លឹក​ឆ្នោត​មួយ​ចំនួន​ ក្នុង​ចំណោម​១៦​សន្លឹក​ ដែល​អ្នក​រាប់​ចាត់​ទុក​ថា​មិន​បានការ​ ក្នុង​នោះ​មានការ​គូស​ក្នុង​កូ​ឡោ​ន​ត្រឹមត្រូវ​ ដែល​ជា​ការ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​របស់​សហ​ភាតា​ម្ចាស់​ឆ្នោត​ ក៏​ត្រូវ​បដិសេធ​ដែរ​ ខណៈ​រីឯ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ផ្សេង​ គេ​ទទួលយក​ជា​បានការ​ ។​ ដូច្នេះ​ សូម​ឲ្យ​មានការ​ពិនិត្យ​លើ​សន្លឹក​ឆ្នោត​ជាក់ស្តែង​ឡើង​វិញ​ជា​លក្ខណៈ​ផ្ទៃក្នុង​សិន​ មុន​នឹង​បន្ត​នីតិវិធី​បន្ទាប់​ ។​

​ទោះ​យ៉ាងណា​ លោក​មេធាវី​ ឡោ​ ជុន​ធី​ មិន​បាន​ប្តឹង​តវ៉ា​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទៅ​សាលាឧទ្ធរណ៍​ ស្រប​ទៅ​នឹង​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា​១៧​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​ទេ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​នៃ​សំឡេង​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​មេធាវី​ ឡោ​ ជុន​ធី​ អត្តលេខ​១០២​ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ផង​ បោះ​ឆ្នោត​នៅ​ការិយាល័យ​ទី​១​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​១៨៤​សំឡេង​ ពោល​គឺ​មិន​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ដែល​ត្រូវ​ជ្រើសរើស​យក​សរុប​២៧​នាក់​នោះ​ឡើយ​ (​សូម​អាន​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ នា​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​បន្ថែម​)​ ។​

​មិន​ទាន់​បានដឹង​ថា​ តើ​ស្ថាប័ន​គណៈមេធាវី​ដែល​មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អត្តលេខ​១៤១​ ដែល​កំពុង​បម្រើ​ការងារ​ស្និទ្ធ​នឹង​ស្ថាប័ន​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ នឹង​ដោះស្រាយ​យ៉ាងណា​ចំពោះ​សំណើ​របស់​លោក​មេធាវី​ ឡោ​ ជុន​ធី​ នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ៕​

បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ម្នាក់​ ប្តឹង​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​សន្លឹក​ឆ្នោត​ឡើង​វិញ​ បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ម្នាក់​ ប្តឹង​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​សន្លឹក​ឆ្នោត​ឡើង​វិញ​