ម្ចាស់​ថា​គយ​ច្រក​បឹង​ត្រកួន ​ឃាត់​រថយន្ត​ទារ​លុយរាប់​ពាន់ដុល្លារ គយ​ថា​សង្ស័យ​ឃាត់សួរ​​រក​ឯកសារ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​វី​ហ្គោ ចង្កូត​ស្ដាំ ពណ៌​ទឹកប្រាក់​១​គ្រឿង​ត្រូវ​មន្ត្រី​គយ​​ច្រក​បឹង​ត្រកួន​ឃាត់​ទុក​តាំងពី​ ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ តុលា រហូត​ដល់​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ តុលា ២០១៥ ដោយ​និយាយ​ថា​មានការ​សង្ស័យ​ទើប​ឃាត់​សួរ​រក​ឯកសារ​បញ្ជាក់​ឡាន ចំណែក​ម្ចាស់​រថយន្ត​និយាយ​ថា​ខាង​គយ​ទារ​ឲ្យ​កក់​លុយ​​រាប់​ពាន់​ដុល្លារ​​ បាន​ឲ្យ​ទៅ​បើ​មិន​យក​ឯកសារ​ឡាន​មក​ឲ្យ​ពិនិត្យ​ទេ​នោះ ។

ម្ចាស់​រថយន្ត​ដែល​ត្រូវ​គយ​ច្រក​បឹង​ត្រកួន​ឃាត់​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ សាត់ សំ​អៀន អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ិ​ន ចាន់​ហាន់ អាយុ​៤១​ឆ្នាំ រស់នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែក​រថយន្ត​ម៉ា​កវី​ហ្គោ ចង្កូត​ស្តាំ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-1629 ។

ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ថ្ងៃអាទិត្យ ថៃ​បាន​បើក​ផ្សារណាត់​នៅ​ផ្សារ​តា​ប្រ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជិត​ព្រំដែន​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា គាត់​ក៏​បាន​បើករថយន្ត​ដឹក​សាច់ញាតិ​ទៅ​លេង​ព្រោះ​នៅ​ពេល​ផ្សារណាត់​បើក​ ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​បើករថយន្ត​ចូល​ដល់​ផ្សារ​ក្នុង​ទឹកដី​ថៃ ​បាន​រាល់ថ្ងៃ​អាទិត្យ ដែល​នៅ​ក្នុង​រថយន្ត​មាន​មនុស្ស​៤​នាក់ ព្រមទាំង​មានកូន​ង៉ែត​ម្នាក់​ផង​ដែរ ។ នៅ​ពេល​ដែល​បើករថយន្ត​ចូល​ដល់​ច្រក​បឹង​ត្រកួន ស្រាប់តែ​មន្ត្រី​គយ និង​រដ្ឋាករ​ស្នាក់​ការ​ច្រក​បឹង​ត្រកួន​បាន​ឃាត់​រថយន្ត​ទាមទារ​រក​ឯកសារ​ រថយន្ត​ទាំងអស់ ។

ម្ចាស់​រថយន្ត​បញ្ជាក់​ថា ក្រោយ​ពេល​មន្ត្រី​គយ និង​រដ្ឋាករ​ច្រក​បឹង​ត្រកួត​ឃាត់ គាត់​បាន​ប្រាប់​ថា រថយន្ត​មាន​ឯកសារ​គ្រប់គ្រាន់ តែ​កាត​គ្រី​រថយន្ត​ភ្លេច​យក​មក ហើយ​មន្ត្រី​គយ​ដេញ​ឲ្យ​ត្រឡប់​ទៅ​យក​មក​ឲ្យ​មើល បើ​មិន​ទៅ​យក​សុំ​ឲ្យ​កក់​លុយ​ចំនួន​៦​ពាន់​ដុល្លារ រហូត​នៅ​សល់​១​ពាន់​ដុល្លារ​ទើប​ឲ្យ​រថយន្ត​ទៅ​បាន ទោះបីជា​គាត់​បាន​ឲ្យ​សាច់ញាតិ​ថត​កាត​គ្រី​រថយន្ត​បាញ់​តាម​ឡាញ​យក​មក​ឲ្យ​ មើល​ក៏​ដោយ តែ​មន្ត្រី​គយ​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ដែរ គឺ​ឃាត់​តាំងពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥​តុលា ២០១៥ ។ ក្រោយ​ពេល​សាច់ញាតិ​យក​កាត​គ្រី​មក​ឲ្យ មន្ត្រី​គយ​ទារក​ម៉ា​ញ៉ែ​ត​ទៀត ទោះជា​ម្ចាស់​រថយន្ត​ដើម​ដែល​លក់​ឲ្យ​គាត់​មក​ធានា​ថា រថយន្ត​មាន​ឯកសារ​គ្រប់​គ្រាន់តែ​បាត់​ម៉ា​ញ៉ែ​ត​ក៏​ដោយ រហូត​ទាល់តែ​មានការ​បញ្ជាក់​ពី​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយ​មាន​ជ័យ ទើប​ប្រគល់​រថយន្ត​ឲ្យ​វិញ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ តុលា ២០១៥ ។

ពាក់ព័ន្ធ​រឿង​ម្ចាស់​រថយន្ត​ចោទ​មន្ត្រី​គយ និង​រដ្ឋាករ​ច្រក​បឹង​ត្រកួន ឃាត់​រថយន្ត​ទារ​លុយ​១​ពាន់​ដុល្លារ​ដល់​៦​ពាន់​ដុល្លារ​នេះ លោក ជា ប៊ុ​ន​ថន ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ​ច្រក​បឹង​ត្រកួន បាន​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​ថា មិន​បាន​ទារ​លុយ​ពី​ម្ចាស់​រថយន្ត​មួយ​សេន​ឡើយ តែ​ពេល​ឃាត់​រថយន្ត​ព្រោះ​ឃើញ​ថា រថយន្ត​ធុន​វី​ហ្គោ​ចង្កូត​ស្តាំ​​មាន​ការ​​សង្ស័យ ទើប​ឃាត់​ទាម​ទារក​ឯកសារ តែ​គាត់​ភ្លេច​កាត​គ្រី និង​គ្មាន​ម៉ា​ញ៉ែ​ត ក្រោយ​ពេល​គាត់រ​កឯក​សារបាន​គ្រប់គ្រាន់ និង​បានឃើញ​ហើយ ក៏​ប្រគល់​ថ​យន្ត​ឲ្យ​ម្ចាស់​ត្រឡប់​ទៅ​វិញ​ហើយ ៕

ម្ចាស់​ថា​គយ​ច្រក​បឹង​ត្រកួន ​ឃាត់​រថយន្ត​ទារ​លុយរាប់​ពាន់ដុល្លារ គយ​ថា​សង្ស័យ​ឃាត់សួរ​​រក​ឯកសារ
ម្ចាស់​ថា​គយ​ច្រក​បឹង​ត្រកួន ​ឃាត់​រថយន្ត​ទារ​លុយរាប់​ពាន់ដុល្លារ គយ​ថា​សង្ស័យ​ឃាត់សួរ​​រក​ឯកសារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត