ចា រិទ្ធី អួត​រឿង​មាន​នារី​កំណាន់ចិត្ត​វ័យក្មេង​មិន​ក្រោម ១០០ នាក់​

Sanofi

លោក ចា រិទ្ធី គឺជា​តារា​សម្តែង​ជើងចាស់​មួយរូប​ដែលមាន​រូបរាង​សង្ហា និង ជា​អ្នកគ្រប់គ្រង​កម្មវិធី​តន្ត្រី​ល្បីឈ្មោះ មានទ្រព្យ​ស្តុក​ផងដែរ ។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ លោក​ត្រូវបាន​គេ​ចាត់ទុកជា​តារា​ប្រុស​ដែលមាន​មន្ត​ស្នេហ៍ ព្រោះ​លោក​ធ្លាប់មាន​នារី​កំណាន់ចិត្ត​វ័យក្មេងៗ​មិន​ក្រោម​មួយរយ​នាក់​ឡើយ ។ ដោយឡែក​សម្រាប់​សម្ពន្ធ​ភាព​ប្តី​ប្រពន្ធ​វិញ​នោះ គ្រួសារ​លោក​បែរជា​មិនសូវ​កើតមាន​ជម្លោះ ដោយសារ​ប្រពន្ធ​ប្រចណ្ឌ​ទៅវិញ ។ បញ្ហា​នេះ​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ «​ប្រជាប្រិយ​»​លោក ចា រិទ្ធី បាន​ប្រាប់ថា​រឿង​លោក​មាន​ស្រី​តែ​ប្រពន្ធ​មិន​រករឿង នោះ​គឺ​មកពី​ប្រពន្ធ​លោក​មាន​ចិត្តជា​ព្រះ មិន​ប្រកាន់​ចាប់កំហុស​លោក ហេតុផល​នេះហើយ​ទើប​គ្រួសារ​របស់លោក​នៅតែមាន​សុភមង្គល ។​

​ក្រៅពី​អាជីព​សម្តែង​លោក ចា រិទ្ធី ក៏​ជា​អ្នកគ្រប់គ្រង​កម្មវិធី​តន្ត្រី​ដ៏​ល្បីឈ្មោះ​មួយរូប​លោក​បាន​ចូលប្រឡូក​អាជីព​សិល្បៈ​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក​ម្លេះ ហើយ​លោក​ក៏​ធ្លាប់​ឆ្លងកាត់​បទពិសោធ​សម្តែង​ខ្សែភាពយន្ត​បាន​ជិត ៥០ រឿង​ផងដែរ ។ ដោយឡែក​ការរៀបចំ​ជីវិត​មានគ្រួសារ​លោក​បាន រៀបការ​នៅ​ឆ្នាំ ១៩៩៤ ហើយ​លោក​បានទទួល​ចំណងដៃ​កូនប្រុស​ម្នាក់​អាយុ ១៩ ឆ្នាំ និង ស្រី​ម្នាក់​អាយុ ១៥ ផងដែរ ។​ ការចូល​ប្រឡូក​អាជីព​សិល្បៈ និង ជា​អ្នកគ្រប់គ្រង​កម្មវិធី​តន្ត្រី​នេះ​លោក ចា រិទ្ធី ក្រៅពី​មាន​រូបសម្បត្តិ​សង្ហា​លោក​ក៏​ជា​តារា​មានទ្រព្យ​សម្បត្តិ​ស្តុក និង ចូលចិត្ត​លេងខ្លួន​ហ៊ឺហា មិន​ចាញ់​តារា​រលក​ក្រោយ​នោះទេ ។

ពេលនេះ​លោក​ក៏​ជា​ម្ចាស់​សណ្ឋាគារ​នៅ​ភ្នំពេញ​ថ្មី និង ផ្ទះសំណាក់​នៅ​គិរី​រម្យ​មានតម្លៃ​រាប់លាន​ដុល្លារ ។ ក្រៅពី​អចលនទ្រព្យ​ដ៏​ស្តុកស្តម្ភ​ទាំងពីរ​នេះ ថ្មីៗ​នេះ​លោក ចា រិទ្ធី ក៏​ទើបតែ​ទិញ​រថយន្ត Lexus LX 570 BN ពណ៌​ស ស៊េរី​ឆ្នាំ ២០១៥ មួយគ្រឿង​មានតម្លៃ ១៧៥. ០០០ ដុល្លារ ហើយ​លោក​មិនបាន​លក់​រថយន្ត​ចាស់​ម៉ាក Land Cruiser ស៊េរី​ឆ្នាំ ២០០៨ នោះ​ចោល​ទេ ។ ហេតុផល​នេះហើយ​ដែល​ធ្វើឱ្យ​លោក​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាពិសេស​គឺ​នារី​មាន​វ័យក្មេងៗ​ដែលមាន​បំណង​ចង់បាន​កូន​ជាប់​សាច់ឈាម​ជាមួយ​លោក និង នារី​ដែល​សម្លឹង​ឃើញ​ទឹកប្រាក់​របស់​តារា​វ័យ​ខ្ទង់ ៥០ ឆ្នាំ​រូបនេះ​ផងដែរ ។​

ចំណុច​លេចធ្លោ​ទាំងអស់​នេះហើយ​ទើប​ធ្វើឱ្យ​នារីៗ​មិនតិច​នាក់​ទេ​បាន​លង់​ស្នេហ៍ ហើយ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ប្រាណ​ឱ្យ​លោក ហើយ​តួលេខ​នារី​កំណាន់ចិត្ត​របស់លោក ចា រិទ្ធី ទោះបីជា​មិនមាន​របាយការណ៍​ច្បាស់លាស់​ក្តី​ក៏ត្រូវ​បាន​មតិ​មួយចំនួន​បានលើកឡើង​ថា នារី​វ័យក្មេងៗ​ដែល​លោក ចា រិទ្ធី បាន​ស្គាល់​ខ្លួនប្រាណ​នោះ​មាន​ចំនួន​មិនតិចជាង​រយ​នាក់​នោះទេ ។យ៉ាងណាមិញ​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ «​ប្រជាប្រិយ​» កាលពី​ថ្ងៃទី ២៦ ខែកញ្ញា កន្លងទៅនេះ លោក ចា រិទ្ធី បាន​សារភាពថា លោក​ពិតជា​បុរស​ម្នាក់​ខិលខូច​នឹង​រឿង​ស្នេហា​ពិតមែន ទោះជា​លោក​មិនបាន​ចាំ​តួលេខ​ច្បាស់លាស់ តែ​ប្រហែល​ជាមាន​ចំនួន​ច្រើន​មិន​ក្រោម​រយ​នាក់​ឡើយ ។

លោក ចា រិទ្ធី បាន​បន្តទៀតថា ទោះបី​លោក​ជា​បុរស​មាន​ដៃគូ​ស្នេហា​ច្រើនក្តី ប៉ុន្តែ​ក្នុង​ជីវិត​លោក​គឺ​រៀបការ​ជាមួយ​ប្រពន្ធ​តែម្តង​ទេ ហើយ​បើ​និយាយ​រឿង​គ្រួសារ​របស់លោក​ក៏​មិន​កើតមាន​បញ្ហា​អាស្រូវ ឬក៏​ជួប​រឿង​រកាំរកូស​ព្រោះតែ​លោក​មាន​ស្រី​នេះដែរ ។ លោក ចា រិទ្ធី បាន​បន្ត​ប្រាប់ទៀតថា ភាព​ខិលខូច​របស់លោក​ប្រសិនបើ​ប្រពន្ធ​របស់លោក​ប្រកាន់​ខឹង គឺ​លោក​ប្រហែលជា​ត្រូវ​រៀប​ការមិន​ក្រោម​មួយរយ​ដងនោះ​ទេ តែ​ភរិយា​របស់លោក​តែងតែ​មិន​ចាប់កំហុស និង មិន​ប្រកាន់​ខឹង​នោះទេ ដូច្នេះ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​អរគុណ​ភរិយា​ដ៏​ល្អ​កម្រ​រកបាន ។

​ការបញ្ជាក់​ប្រាប់​ខាងលើនេះ​បង្ហាញ​យ៉ាងច្បាស់​ថា លោក ចា រិទ្ធី មិន​មានបំណង​លាក់បាំង​រឿងអាស្រូវ​របស់ខ្លួន​ទៀត​ទេ ព្រោះ​ពេលនេះ​លោក​ក៏បាន​បញ្ជាក់ថា លោក​បាន​បោះបង់​រឿង​ស្នេហា​ក្រៅ​ផ្ទះ​រហូតដល់​ទៅ ៩០ ភាគរយ​ហើយ មានន័យថា​ពី​ដើមឡើយ​លោក​ប្រព្រឹត្ត​រឿង​ស្នេហា​មាន​ស្រី ១០០ ភាគរយ ឥឡូវ​នៅ​សល់ត ១០ ភាគរយ​ប៉ុណ្ណោះ ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​តារា​សម្តែង​ល្បីឈ្មោះ និង ជា​អ្នកគ្រប់គ្រង​កម្មវិធី​តន្ត្រី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លោក ចា រិទ្ធី បាន​ចេញមុខ​បញ្ជាក់ថា លោក​លះបង់​ឈប់​ខិលខូច​រឿង​ស្នេហា​ក្រៅ​ផ្ទះ​ទៀតហើយ ព្រោះ​លោក​ក៏បាន​លើកឡើង​ដែរ​ថា លោក​ជិនណាយ​នឹង​រឿង​ស្នេហា​ប្រភេទ​នេះ​ណាស់ ៕​ចន្ថា​
​  

Related