លោក ​សម រង្ស៊ី ថា​ សម្តេចតេជោហាក់រកលេសប្រើហិង្សាដើម្បីចៀសវាងការបោះឆ្នោតខាងមុខ

រាជធានីភ្នំពេញ ៖ ប្រធានក្រុមតំណាងរាស្រ្តភាគតិចក្នុងសភា លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook)របស់លោក​មានខ្លឹមសារ ទំាងស្រុងថា "អំពើហិង្សាព្រឹកមិញនេះ​នៅទីក្រុងភ្នំពេញ ​គឺជាការឆ្លើុយតបពី​សំណាក់គណបក្សកាន់អំណាច ​ទៅនឹងបាតុកម្មប្រឆាំង​លោក ហ៊ុន សែន កាលពីរសៀល​ម្សិលមិញ ​នៅទីក្រុងប៉ារីស​ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី​មានកំហឺងយ៉ាងខ្លាំង ​។ មុនចេញដំណើរពីប្រទេសកម្ពុជា ​​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង លោក ហ៊ុន សែន​ បានព្រមានថា​ បើក្រុមប្រឆាំងធ្វើ​បាតុកម្មប្រឆាំងលោកនៅ​ទីក្រុងប៉ារីស ​អ្នកគាំទ្រលោក (ហ៊ុន សែន) ​នឹងធ្វើបាតុកម្មប្រឆាំង​អ្នកគាំទ្រលោក សម រង្ស៊ី​ វិញនៅប្រទេសកម្ពុជា ។ ដូចថាមែន!​ ​តាមទម្លាប់នៃការបំភិត​បំភ័យពីសំណាក់​គណបក្សកាន់អំណាច ​គេអាចទស្សន៍ទាយថា​ អំពើហិង្សាអាចនឹង​កើតមាន​ជាបន្តបន្ទាប់​ទៀតនៅថ្ងៃមុខ។

ទោះជាយ៉ាងណាក៏ដោយ​ បាតុកម្មដែលជនជាតិខ្មែរ​យើងរៀបចំធ្វើនៅប្រទេសបារាំង​ តែងតែជាបាតុកម្មអហិង្សា​ ​គោរពច្បាប់ ​និងគោរពគោលការណ៍​ប្រជាធិបតេយ្យ ជានិច្ច ​មិនដូចបាតុកម្មពួកអ្នកគាំទ្រលោក ​ហ៊ុន សែន ​​នៅប្រទេសកម្ពុជា ​ដែលតែងតែប្រើហិ​ង្សាដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ​ដូចអ្វីដែលលោក ​ហ៊ុន សែន ខ្លួនឯង បានបំភិតបំភ័យប្រជាពលរដ្ឋ​ ក្នុងពេលថ្មីៗនេះ​ ដោយប្រកាសថា ​នឹងមានសង្គ្រាមបើ​គណបក្សប្រឆាំងឈ្នះឆ្នោត​ហើយមកកាន់អំណាច។

អ្វីដែលសំខាន់នោះ​ គឺលោក ហ៊ុន សែន​ ហាក់ដូចជាចង់រកលេសប្រើ​អំពើហិ​ង្សាកាន់តែច្រើន ដើម្បីបង្កើតព្រឹត្តការណ៍​អវិជ្ជមាននិងអធម្មនុញ្ញ​ ក្នុងគោលបំណង​ជៀសវាង ការបោះឆ្នោតខាងមុខ​។ បំណងបែបនេះឃើញកាន់តែច្បាស់​ តាំងពីមានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប.)​ ថ្មីមួយ ដែលប្រជាពលរដ្ឋ​អាចជឿ​ទុកចិត្ត បាន ពីព្រោះបើមានការបោះឆ្នោត​ដ៏ត្រឹមត្រូវ ​គណបក្សរបស់លោក ហ៊ុន សែន​ មិនអាចឈ្នះឆ្នោតបានទេ ​នៅឆ្នាំ ២០១៧ (បោះឆ្នោតឃុំ-សង្កាត់) ​និង ឆ្នាំ ២០១៨ (បោះឆ្នោតជាតិ)។

ដូច្នេះ ​ដើម្បីរក្សាអំណាចបានច្រើនឆ្នាំ​ទៅមុខទៀត លោក ហ៊ុន សែន ​កំពុងប្រើវិធីស្រដៀងពួក ​ហ្វាសុីស្ត (fascit) ​នៅប្រទេសអីុតាលី ​ដែលចូលចិត្តប្រើអំពើហិង្សា ទៅលើអ្នក​តំណាងរាស្ត្រ និងអ្នកដទៃទៀត​ ពីឆ្នាំ ១៩២២ ​ដល់ឆ្នាំ ១៩៤៥ "៕