ប្រកួត​អុំទូក​នៅ​ខេត្តបាត់ដំបង អ្នក​ឈ្នះ​ជើងឯក​នឹង​បន្ត​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពិធីបុណ្យ​អុំទូក​ខាង​មុខ

ខេត្តបាត់ដំបង ៖ កាល​ពី​​វេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ទី​២៦​ តុលា​ ឆ្នាំ​​២០១៥ ​គឺ​មាន​ទូក​ខ្នាត​អន្តរជាតិ​​ចំនួន​២៤​គ្រឿង​ មក​ពី​ស្ថាប័ន​​មន្ទីរ​នានា​​ក្នុង​ខេត្ត​ និង​មាន​ទូក​កិត្តិ​​យស​​មក​ពី​ខេត្តកំពង់ឆ្នាំង​ និង​ខេត្ត​ប៉ៃលិនផងដែរ ដោយ​មានការ​​អញ្ជើញ​​ចូលរួម​ពី​មន្ត្រី​ក្នុង​ខេត្ត​ចន្ទ​
បូ​រី​-​ត្រា​ត​ប្រទេស​ថៃ និង​អគ្គ​កុង​ស៊ុល​វៀតណាម​ ដើម្បី​អបអរសាទរ​ក្នុង​កម្មវិធី​បុណ្យ​អុំទូក​ ​។

​លោក​​សុខ គង់​ អភិបាលរង​​ខេត្តបាត់ដំបង​​ជា​ប្រធាន​​គណៈ​កម្មការ​​បុណ្យអុំទូក​នេះ​​បាន​ថ្លែង​​ថា ខេត្តបាត់ដំបង​​ ជា​រៀង​រាល់​ឆ្នាំ តែង​តែ​​ប្រារ​ព្វ​ពិធីបុណ្យ​​អុំទូក​នេះ​ ទៅ​តាម​ប្រពៃណី​​នៃ​ប្រជាជន​​ខេត្តបាត់ដំបង​ ដើម្បី​រំលឹក​ដល់​កងទ័ពជើងទឹក ​ដែល​មាន​តាំងពី​សម័យ​​បុ​រាណ​​មក​នៅ​តំបន់​​នេះ សំខាន់​ការ​រួបរួម​សាមគ្គី​ទំនាក់ទំនង​ល្អ ជា​មួយ​គ្នា​និង​ជួយ​ផ្នែក​សុខភាពឱ្យ​​កាន់តែ​មាន​ភាពល្អ​ប្រសើរ​​ឡើង​​ថែម​​ទៀត ​។

​លោក​​បាន​បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​១៥​ហើយ ​ដែល​ខេត្តបាត់ដំបង​តែងតែ​ធ្វើ​ជា​​រៀង​រាល់​ឆ្នាំ ​ដោយ​មានការ​អាក់ខាន​​២​ឆ្នាំ​ គឺ​ឆ្នាំ​២០១២​ និង​២០១៣​ ដោយ​មាន​កិច្ច​រវល់​បុណ្យ​ធំ​ៗ ​ដែល​ចាំបាច់​ជា​បុណ្យ​នេះ​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​​តែងតែ​ជម្រើស​យក​​គូ​​ដែល​ឈ្នះ​ទៅ​ប្រកួត​បន្ត​នៅ​​រាជធានី​ភ្នំពេញ​ជា​​បន្ត​ទៅ​ទៀត​ ។ ហើយ​ក្នុង​កម្មវិធី​នេះ​ មាន​ទូក​ចំនួន​២៤​គ្រឿង​ខ្នាត​អន្តរជាតិ ​បាន​មក​ចូលរួម​ដែល​​មាន​កីឡាករ កីឡា​ការិ​នី​សរុប​ចំនួន​៨០៧​នាក់ ។ កីឡាករ​ពេញ​សិ​ទ្ធិ​ចំនួន​៥៩១​នាក់​ និង​បំរុង​ចំនួន​២១៦​នាក់​ ក្នុង​នោះ​មាន​
(​កីឡា​ការិ​​នី​ចំនួន​១២០​នាក់​ បំរុង​ចំនួន​៣២​នាក់​) ​។

បន្ទាប់​មក​លោក​​ចន្ទ សុផល​ អភិបាល​ខេត្តបាត់ដំបង​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា កម្មវិធី​នេះ​ គឺ​មិន​ត្រឹមតែ​ជា​ការ​​រំលឹក​ការ​ដឹង​គុណ​ពី​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម​​បន្សល់​ទុក​មក​ប៉ុណ្ណោះ​ទេ​ គឺ​ពេល​នេះ​បាន​ជំរុញ​បន្ថែម​ទៀត​​អាច​អូស​ទាញ​វិស័យសេដ្ឋកិច្ច​ និង​ទេសចរណ៍​​បន្ថែម​ទៀត ​ទៅ​តាម​ការ​រីកចម្រើន​​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ដឹកនាំ​ កន្លង​មក សំខាន់​​​មាន​ប្រ​ព័​ន្ធ​​ផ្លូវថ្នល់​តាម​ខ្សែបន្ទាត់​ព្រំដែន ​និង​ប្រ​ព័​ន្ធ​​ធារាសាស្ត្រ​ ដែល​បាន​ជួយ​លើក​ស្ទួយ​វិស័យ​​កសិកម្ម ក​សិ​ឧ​ស្សហកម្ម​មានមុខមាត់​ថ្មី​ បណ្តាល​​​ឱ្យ​​ខេត្តបាត់ដំបង​ ទទួល​បាន​ពានរង្វាន់​ពណ៌​បៃតង​ (​រំដួល​៣​ទង​)​ ផ្នែក​ទីក្រុង​ស្អាត​បាន​ជាប់​លេខ​១​ប្រចាំ​ឆ្នាំ​បន្ត​បន្ទាប់​ក្នុង​​ប្រទេស​​កម្ពុជា​។​

លោក​បន្ត​ទៀត​ថា កម្មវិធី​នេះ ​គឺ​ជម្រើស​យក​អ្នក​ឈ្នះ​ជើងឯក ​ដើម្បី​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​កម្មវិធី​បុណ្យអុំទូក​ប្រពៃណី​ជាតិ​ ថ្ងៃ​ទី​២៤​ដល់​២៦​​ វិច្ឆិកា ខាងមុខនេះ ​នៅ​រាជធានី​​ភ្នំពេញ​បន្ត​ទៀត​ ។