ប្រធាន Toyota ប្រចាំ​នៅ​កម្ពុជា ​សរសើរ​ភាព​រីក​ចម្រើន​បាល់​ទាត់​​កម្ពុជា

ប្រធាន Toyota ប្រចាំ​នៅ​កម្ពុជា ​សរសើរ​ភាព​រីក​ចម្រើន​បាល់​ទាត់​​កម្ពុជា

​លោក​ប្រធាន​ក្រុម​ហ៊ុន​តូយ៉ូតា​ប្រចាំ​នៅ​កម្ពុជា​បាន​សរសើរ​ភាព​ចម្រើន​នៃ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​ទាំង​គុណភាព​បាល់ទាត់​ និង​អ្នក​គាំទ្រ បន្ទាប់​ពី​​លោក​បាន​ចូល​រួម​ទស្សនា​ផ្ទាល់​ភ្នែក​ពីរ​បី​លើក​កន្លង​មក។ ការ​លើក​ឡើង​របស់​លោក​ប្រធាន​រូប​នេះ​គឺ​ក្នុង​​​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​ការ​ប្រកួត​ជើង​ឯក Toyota Mekong Cup ​Championship 2015 ​នៅ​ផ្សារ​ទំនើប AEON ​ដោយ​មាន​ការ​ចូល​រួម​ពី​ការ​ខាង​សហព័ន្ធ​បាល់​ទាត់​កម្ពុជា ​និង​សមាជិក​ក្លិប​បឹង​កេត​អង្គរ ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។

 

ប្រធាន Toyota ប្រចាំ​នៅ​កម្ពុជា ​សរសើរ​ភាព​រីក​ចម្រើន​បាល់​ទាត់​​កម្ពុជា

 លោក ម៉ាសាអាគី ការ៉ាបាតា (Masaaki Kawabata)

 

លោក ម៉ាសាអាគី ការ៉ាបាតា (Masaaki Kawabata) ​អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតាបាន​និយាយ​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ថា ៖ “ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​សហការ​របស់​សហព័ន្ធ​បាល់​ទាត់​កម្ពុជា សម្រាប់​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក Toyota Mekong Cup 2015 ​នេះ​ឡើង។ គោលបំណង​នៃ​ការ​រៀបចំ​ការ​ប្រកួត​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ជីវភាព​រស់​នៅ​របស់​សហគមន៍ និង​ការ​កសាង​សហគមន៍​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង”។

 

អគ្គនាយក​ជនជាតិ​ជប៉ុន​ខាង​លើ​បាន​​សង្កត់​ធ្ងន់​​ថា ៖“ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​ក្រុម​នៅ​កម្ពុជា៣​ដង​មក​ហើយ យើង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ​រីកចំរើន​ក្នុង​វីស័យ​បាល់​ទាត់​នៅ​ទី​នេះ។ ជំនាញ ​និង​គុណភាព​ក្លិប​នីមួយ​ៗ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​ចំពោះ​អ្នក​គាំទ្រ​វិញ​ក៏​ច្រើន​លើសលប់​ផង​ដែរ”។

 

ប្រធាន Toyota ប្រចាំ​នៅ​កម្ពុជា ​សរសើរ​ភាព​រីក​ចម្រើន​បាល់​ទាត់​​កម្ពុជាក្រុម​បឹងកេត​អង្គរថតរូបតំណាង

 

ចំពោះ​ការ​ប្រកួត​វិញ ត្រូវ​បែងចែក​ជា​៣​ដំណាក់កាល។ ដំណាក់កាល​ដំបូង​ឬ​វគ្គ​ជម្រុះ​បឋម​តម្រូវ​ឱ្យ​ក្លិប​ជើង​ខ្លាំង​នៅ​លីក​កំពូល​ក្នុងប្រទេស​​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​ ប្រកួត​គ្នា​វិល​ជុំ​សិន តាម​ប្រព័ន្ធ​ប្រកួត​បែប​ក្នុង​ដី​និង​ក្រៅ​ដី សន្សំ​ពិន្ទុ។ ដោយ​ក្រុម​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ទាប់។ ក្រុម​បឹងកេត​អង្គរ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ​ Lao Toyota FC នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ខណៈ​ដែល​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា ​ក្រុម Yangon United ​របស់​មីយ៉ាន់ម៉ា ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ឡាវ​វិញ​ម្ដង ដែល​ទីកន្លែង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ចំពោះ​ប្រកួត​ចុង​ក្រោយ កម្ពុជា​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម Yangon United ​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

ប្រធាន Toyota ប្រចាំ​នៅ​កម្ពុជា ​សរសើរ​ភាព​រីក​ចម្រើន​បាល់​ទាត់​​កម្ពុជា

 កីឡាករ​ក្រុម​បឹងកេត​ចូលរួមកម្មវិធី​

 

ចំពោះ​វគ្គ​ជម្រុះ​លើក​ទី​២ ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នឹង​ត្រូវ​ប៉ះ​ក្រុម Becamex Binh Duong FC  ​របស់​ប្រទេស​វៀតណាម ដែល​ការ​ប្រកួត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម។

 

ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​២​ខាង​លើ នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជើង​ឯង​ពាន​រង្វាន់ Toyota League Cup 2015 ​ដែល​មិន​ទាន់​ច្បាស់​ថា​ក្រុម​ណា​នៅ​ឡើយ ព្រោះ​ពាន​រង្វាន់​នេះ​ទើប​តែ​ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ រវាង​ក្រុម Sisaket ​និង Buriram United ។ ការ​ប្រកួត​ជុំ​ទី​៣ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ​២០១៥ ​នៅ​ទីលាន​កីឡដ្ឋាន Supachalasai Stadium ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

 

ងាក​ទៅ​ខាង​ប្រាក់​រង្វាន់​វិញ ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ ៧៥ ០០០​ដុល្លារ​អាមេរិក , ជើង​ឯក​រង ទទួល​បាន ៥០ ០០០​ដុល្លារ​អាមេរិក , ក្រុម​លេខ​៣ ទទួល​បាន ៣០ ០០០​ពាន់​ដុល្លារ , ក្រុម​លេខ​៤ ទទួល​បាន​១០ ០០០​ដុល្លារ​និង​ក្រុម​លេខ​៥​ទទួល​បាន​ ៥ ០០០​ដុល្លារ ៕

 

​អត្ថបទ៖ មុន្នី រម្យ