ឆក់កាបូប​ពី​ស្ត្រី​ចំណាស់ម្នាក់​​​​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​​នៅ​ផ្លូវ​ម៉ៅ​សេទុង

រាជ​ធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​​បក្ខពួក​២នាក់​​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ចំណាស់​ម្នាក់​មិន​បាន​សម្រេច ត្រូវ​ប្រជា​ពលរដ្ឋ​​​​ចាប់​បាន​វាយ​ទ្រម​ខ្លួន​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​បង្ក​​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃទី​២៧ តុលា ​២០១៥ ស្ថិត​នៅ​​​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អ​ទី៣ ​​ខណ្ឌ​ទួល​គោក ។

​​​មន្ត្រី​​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​​ដែល​​សមត្ថកិច្ច​ឃាត់​ខ្លួន​នេះ​ ឈ្មោះ ម៉ាច ទិង អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ខាង​ក្រោយ​សាលាសាមគ្គី ​និង​​​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​រត់​រួច​ឈ្មោះ ភ័ណ្ឌ ​អាយុ​២៨ឆ្នាំ ​រីឯម៉ូតូ​​ជន​សង្ស័យ​​ដែល​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​វីវ៉ា ។ ចំណែក​​ស្ត្រី​​ម្ចាស់កាបូប​ឈ្មោះ ​ហ៊ុយ ហេង អាយុ​៥៥​ឆ្នាំ ​ស្នាក់​នៅ​​​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែន​ជ័យ ។

​ស្ត្រី​​ម្ចាស់​កាបូប​​ បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គាត់​ជិះ​ម៉ូតូ​​ដឹកចៅ​៣នាក់​ទៅ​សាលារៀន​ចិន ​លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់​តែ​មានជន​២នាក់​ជិះ​ម៉ូតូ​មក​អែប រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គាត់​តែ​ម្តង​ ​ប៉ុន្តែ​ដោយ​​សារ​​ស្មារតី​គាត់​រឹង​មាំ​ និង​បាន​ចៅ​​​ផង ក៏ទាញ​យក​​កាបូប​នោះ​មកវិញ​​​​ ហើយ​ស្រែក​ថា «ចោរៗ» ធ្វើ​ឱ្យ​ម៉ូតូ​​ជន​សង្ស័យ​ដួល​​​ត្រូវ​អ្នក​​ដំណើរ​​​​​​ចាប់​​បាន​ម្នាក់ ​ហើយ​ម្នាក់​ទៀត​រត់​រួច​​ ​ដោយ​ទប់​កំហឹង​មិន​​បាន​​​ប្រជា​ជន​ពលរដ្ឋ​ក៏​នាំ​គ្នា​ស្វាគមន៍​​​ម្នាក់​មួយ​ដៃ​មួយ​ជើង​​ស្ទើរ​ទ្រមខ្ឡួន​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ​នគរ​បាល​ ។

ក្រោយ​កើត​ហេតុ ​ស្ត្រី​ម្ចាស់​​កាបូប​ក៏​ទៅ​ដាក់​ពាក្យ​បណ្តឹង​​​នៅ​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​​ទឹកល្អ​ទី៣ ដើម្បី​ឱ្យ​​សមត្ថកិច្ច​ស្រាវជ្រាវ​​តាម​ចាប់​ជន​សង្ស័យ​​ម្នាក់​ទៀត​ដែល​រត់​រួច​​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​​នាំ​យកមក​ប៉ុស្តិ៍​​សួរនាំ ​និង​ធ្វើកំណត់​ហេតុ​បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕