ផ្ទុះ​មីនតោន​នៅ​​ស្រុក​អូរ​ជ្រៅ​​ងាប់គោ៣ក្បាល បាត់៤ក្បាល

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ​គោ​របស់​អ្នក​ភូមិ​ចំនួន​៣​ក្បាលត្រូវ​​បាន​គេរក​ឃើញ​ងាប់ និង​៤​ក្បាលទៀត​បាត់​រក​មិន​ឃើញ​ បន្ទាប់​ពី​​​​​ផ្ទុះ​មីន​តោន​លាន់​​កក្រើក​នៅបន្ទាត់​ព្រំដែន​កាលពី​ម៉ោង​ជិត១២ថ្ងៃត្រង់​ ថ្ងៃទី២៥ ​តុលា​ ២០១៥ ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

ប្រភព​បន្ត​ថា ​ក្រោយ​ហេតុ​ការ​ណ៍ផ្ទុះ​ដ៏កក្រើក​នេះ​ ម្ចាស់​គោ​ឈ្មោះ​យ៉ិ​ន​ ចំរើន​ អាយុ​៥២​ឆ្នាំ ​និងប្រពន្ធ​ឈ្មោះ​ប្រាក់​ គឹ​ម​រ៉ា​ន់ ​អាយុ​៥៥ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភ​មិ​កើតហេតុ​ ​​បាន​នាំ​គ្នា​ដើរ​​​រកគោ​ក៏​ប្រទះ​ឃើញ​គោងាប់៣​ក្បាល​ក្បែរ​រណ្តៅ​មីនតោន​ ហើយ​នៅ​បាត់គោ​១ក្បាល​មិន​ទាន់​រក​ឃើញ​នៅឡើយ​។

សមត្ថកិច្ច​នៅ​ក្នុងស្រុក​កើតហេតុ​មួយ​រូប​ប្រាប់​ថា​ មីនតោន​ដែល​ផ្ទុះ​ងាប់​គោ​ខាងលើ​អាច​ផ្ទុះ​ម្តង​២គ្រាប់​ក្នុង​រណ្តៅ​តែ​មួយ​ ព្រោះ​សម្លេង​លាន់​ខ្លាំង​ខុសធម្មតា​។ សមត្ថកិច្ច​ដដែល​បន្ត​ថា​ ចំណុច​កើតហេតុ​តាំងពី​អតីត​មក​ទល់​បច្ចុប្បន្ន​ពុំ​ទាន់​មានការ​ដោះ​មីន​ទេ ​ប៉ុន្តែ​ទីនោះ​គោក្របី​អ្នកស្រុក​ទៅ​មក​ស៊ី​ស្មៅ​ជា​រៀង​រាល់​ឆ្នាំ​។

គួរ​បញ្ជាក់​ថា​ តំបន់​ព្រំដែន​ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ពី​អតី​ត​ជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​រវាង​ទ័ពព្រៃ​ និង​យោធា​សម័យ​រដ្ឋ​កម្ពុជា​ ដូច្នេះ​តំបន់​នោះ​នឹង​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ និង​រថក្រោះ​ច្រើន​បន្សល់​ពី​សង្គ្រាម​ដែល​ពលរដ្ឋ​គ្រប់​ក្រុម​គ្រួសារ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​៕​