កុមារី​​គូរូប​​គំនូរដែលល្បីលើបណ្តាញ​ហ្វេសប៊ុក ​ ទទួល​បានការ​ឧបត្ថម្ភ​ពី​លោក​ទៀ បាញ់ និង​អាជ្ញាធរ​អប្សរា

ខេត្តសៀមរាប ៖ ស្នាដៃ​គំនូរ​របស់​កុមារី ប្រម ដា​នី ហៅ​ស្រី​ណុ​ច ត្រូវ​លោក​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​​ពេញចិត្ត ហើយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល តាម​រយៈ​លោក​លី សំ​រិ​ទ្ធ នាយក​រដ្ឋបាល​សាលាខេត្ត លោក​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប និង​ក្រុមការងារ​គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត​ដែល​នាំ​ទៅ​ប្រគល់​ជូន​ដល់​លំនៅ​ឋាន ។

កុមារី​ប្រម ដា​នី ហៅ​ស្រី​ណុ​ច មាន​អាយុ​៦​ឆ្នាំ មាន​បងប្អូន​៧​នាក់ នាង​ជា​កូន​ទី​៧ រៀន ថ្នាក់​ទី​២​នៅ​សាលា​បឋម​សិក្សា​ដូន​ឱ និង​មាន​ទីលំនៅ​ក្នុងភូមិ​ភ្ន​ង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។ ការ​នាំ​យក​ប្រាក់​រង្វាន់​ទៅ​ប្រគល់​ជូន​នោះ កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ ។

អ្នកស្រី​ធួ​ក រី ជា​ម្តាយ​របស់​កុមារី​ប្រម​ដា​នី ហៅ​ស្រី​ណុ​ច បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ​បាញ់ និង​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប ដែល​ផ្តល់​ប្រាក់​ចំនួន​១​លាន​រៀល​ជូន​ដល់​កូន​របស់​គាត់ ។ ពួក​គាត់​ជា​ឪពុក ម្តាយ យក​ប្រាក់​នេះ​ទិញ​កង់​ឱ្យ​កូន​ជិះ​ទៅ​រៀន ឯ​ប្រាក់​សល់ ទុក​សម្រាប់​ទិញ​សម្ភារ​សិក្សា និង​ផ្គត់ផ្គង់​ឱ្យ​កូន​រៀន ។

នៅ​មុខ​ប្រាសាទព្រះខ័ន តាម​ដងផ្លូវ​ចូល​គេ​ឃើញ​មានការ​ដាក់​តាំង​លក់​រូបគំនូរ ផ្សេង​ៗ  ជា​ពិសេស​រូប​ប្រាសាទ​នានា​នៅ​ក្នុង​តំបន់​អង្គរ​ជា​ស្នាដៃ​របស់​វិចិត្រករ ឬ​គូររូប​តាម​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ ។ នៅ​ក្នុង​សកម្មភាព​បែប​នោះ​ក៏​មាន​វត្តមាន​កុមារី​ប្រម ដា​នី ហៅ​ស្រី​ណុ​ច និង​បងស្រី​ឈ្មោះ​ប្រម នី​ត ហៅ​ស្រី​នី​ត​ដែរ ដែល​ពួក​នាង​មិនមែន​ជា​អ្នក​អាជីព​ទេ តែ​មាន​ទេព​កោសល្យ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ។ ពួក​នាង​បាន​បង្ហាញ​ស្នាដៃ​គំនូរ​របស់​ខ្លួន​នៅ​លើ​ដី​នៅ​តាម​ផ្លូវ​ចូល​ប្រាសាទព្រះខ័ន នៃ​តំបន់​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ។ 
ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​ការ​គូររូប​នៅ​លើ​ដី​របស់​កុមារី​រូប​នោះ​ត្រូវ​គេ​បង្ហោះ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

កុមារី​ប្រម នី​ត និយាយ​ថា គ្រួសារ​ពួក​នាង​ជា​គ្រួសារ​ក្រីក្រ ។ ចំពោះ​សាលារៀន​របស់​ស្រី​ណុ​ច ជា​ប្អូន​មាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ ពី​ផ្ទះ  ចំណែកឯ​វិទ្យាល័យ​ដែល​រូប​នាង​ផ្ទាល់​រៀនមាន​ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ ។ សព្វ​ថ្ងៃនេះ ប្រម នី​ត មាន​កង់​១​គ្រឿង ដែល​ជា​រង្វាន់​បាន​ពី​ការ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ប្រចាំ​ថ្នាក់​កាលពី​នាង​រៀន​នៅ​ថ្នាក់​ទី​៤ សម្រាប់​ជិះ​ឌុ​ប​ប្អូនស្រី​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ។ ពេល​ចេញពីផ្ទះ​ទៅ​សាលារៀន​ប្រម នី​ត ត្រូវ​ដឹក​ប្អូន​ទៅ​ដាក់​សាលា​សិន ទើប​បង្ហួស​ទៅ​វិទ្យាល័យ​របស់​ខ្លួន ។

នៅ​ពេល​នេះ ទទួល​បាន​ប្រាក់​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ នឹង​ជួយ​ឱ្យ​ជីវភាព​របស់​គ្រួសារ​នាង​បាន​ធូរ​ស្បើយ​​មួយ​កម្រិត ។ចំណែក​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា​ដោយ​មើលឃើញ​ជាក់ស្តែង​ពី​ស្នាដៃ​របស់​ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ តាម​ហ្វេ​ស​ប៊ុ​ក និង​ទទួលស្គាល់​ពី​ទេព​កោសល្យ​អស្ចារ្យ​នោះ ទើប​អ​ជ្ញា​ធរ​អប្សរា យកចិត្តទុក​ដាក់​ចំពោះ​​ជីវភាព​រស់នៅ​របស់​ពួក​នាង និង​ក្រុម​គ្រួសារ ។

អាជ្ញាធរ​អប្សរា​បាន​ជួយ​ឧបត្ថម្ភ និង​សន្យា​ជួយ​សម្រួល​ដល់​ការ​សិក្សា​រៀន​សូត្រ​​របស់​កុមារី​ទាំង​ពីរ​នាក់ ទាំង​ថ្នាក់​ចំណេះដឹង​ទូទៅ ថ្នាក់​ជំនាញ​គូររូប និង​ថ្នាក់​ភាសាបរទេស ។ ការ​ឧបត្ថម្ភ​គាំទ្រ​ទាំងនេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​លោក​សុខ សង្វារ អគ្គនាយក​រង អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឱកាស​ដែល​នោះ​លោក​ដឹកនាំ​ក្រុមការងារ​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​ក្មេង​ស្រី​ទាំង​ពីរ​នាក់ និង​ក្រុម​គ្រួសារ ដែល​រស់នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៥ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា អាជ្ញាធរ​អប្សរា​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដូច​ជា សម្ភារ​គូររូប កៅអី ក្ដារខៀន កង់​២​គ្រឿង និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ដល់​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ទាំង​ពីរ​នាក់​នោះ ។ នៅ​ក្នុង​ឱកាស​នោះ​ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន នាំ​គ្នា​គូរគំនូរ​ដ៏​ស្រស់​ស្អាត​ជូន​ទុកជា​អនុស្សាវរីយ៍​ដល់​លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ៕