វិចារណកថាៈ មេរៀនសម្រាប់ ការធ្វើបាតុកម្ម នៅពេលខាងមុខ

បាតុកម្មទាមទារ បណ្តេញលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កំពុងតែក្លាយទៅជាប្រធានបទ ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ តាមដានដោយយកចិត្ត ទុកដាក់ មកលើស្ថានការណ៍ក្នុង ប្រទេសកម្ពុជា ។ ដោយហេតុថា ដំបូងបាតុកម្មបានធ្វើឡើង ដោយអហិង្សាក្នុងការ ទាមទារ បណ្តេញ លោក កឹម សុខា ចេញពីតំណែង ប៉ុន្តែបន្ទាប់មកស្រាប់តែមានជនបិទ មុខមួយចំនួនប្រើ អំពើហិង្សាទៅលើតំណាងរាស្រ្ត គណបក្សសង្រ្គោះ ជាតិ ២នាក់ឲ្យរងរបួសធ្ងន់នៅវេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃបាក់រសៀល ។ ការវាយប្រហារទៅលើលោក គង់ សភា តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលកំពង់ ចាមបានធ្វើឲ្យប៉ះពាល់ដល់តម្លៃ នៃបាតុកម្មបណ្តេញលោក កឹម សុខា ចេញពីតំណែង ហើយកំពុងក្លាយទៅជាមេរៀន មួយសម្រាប់ការធ្វើបាតុកម្មនៅលើ កក្រោយៗទៀត ដើម្បីចៀសវាងនូវអំពើហិង្សា ។

ការវាយប្រហារទៅលើតំណាងរាស្រ្ត២រូប ពីគណបក្សប្រឆាំង និងវាយកម្ទេចរថយន្តដែលពាក់ស្លាកលេខ រដ្ឋសភា២គ្រឿង កំពុងក្លាយទៅជាព័ត៌មានគួរឲ្យចាប់អារម្មណ៍នៅលើគេហទំព័រ និងសារព័ត៌មាននានា ក៏ដូចជា នៅក្នុង បណ្តាញទំនាក់ទំនង សង្គម (Facebook) ។ អ្នកប្រើអំពើហិង្សា ទៅលើតំណាងរាស្រ្ត ត្រូវបានគេថត ជាប់រូបភាព យកមក ផ្សព្វផ្សាយជា សាធារណៈ រួចទៅហើយ ដូច្នេះសមត្ថកិច្ចងាយស្រួល ក្នុងការតាមវែក មុខពួកគេ យកទៅផ្តន្ទាទោសតាម ច្បាប់ជាធរមាន ។ ដោយហេតុថា ការធ្វើបាតុកម្មអហិង្សាសម្តែងមតិ គឹជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលមានចែង យ៉ាងច្បាស់ក្នុង រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល នៃព្រះរាជា ណាចក្រកម្ពុជា ប៉ុន្តែបាតុកម្មដែលនាំឲ្យមានអំពើហិង្សាបណ្តាល ឲ្យតំណាងរាស្រ្ត២រូបរងរបួសធ្ងន់ ហើយ វាយបំផ្លាញរថយន្តដែលមានពាក់ស្លាកលេខរដ្ឋសភា គឹជាការប្រព្រឹត្តខុសច្បាប់ ទាំងស្រុង ។ ដូច្នេះសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធត្រូវវែកមុខជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់ ព្រោះពួកគេបាន ធ្វើឲ្យការធ្វើបាតុកម្ម បណ្តេញលោក កឹម សុខា ចេញពីតំណែងត្រូវអស់តម្លៃ ហើយបង្កឲ្យមានការរិះគន់ទៅវិញ ។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះលោក សួស យ៉ារ៉ា មន្រ្តីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់មជ្ឍ មណ្ឌលព័ត៌មានដើមអម្ពិល ដោយបានស្នើឲ្យសមត្ថកិច្ចជួយស្វែងរកតាមចាប់ជនដៃដល់ដែលវាយតប់ទៅលើអ្នក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។ លោក សួស យ៉ារ៉ា បានសរសេរនៅ លើទំព័រ Facebook របស់លោកថា បាតុកម្មជាសិទ្ធិសេរីភាពតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែជន ប្រព្រឹត្តអំពើហិង្សាត្រូវ តែផ្តន្ទាទោសតាមច្បាប់ ។ មានមជ្ឈដ្ឋានជាច្រើនបានរិះគន់ ចំពោះអំពើហិង្សា ទៅលើតំណាងរាស្រ្តគណបក្សសង្រ្គោះ ជាតិ ព្រោះតំណាងរាស្រ្តទាំង២រូបនោះមិនមែន ជាគោលដៅនៃការធ្វើបាតុកម្មទេ ។ ម្យ៉ាងទៀតរូបភាពនៃការវាយតប់ ទៅលើលោក ញ៉យ ចំរើន និងលោក គង់ សភា មើលទៅមានភាពសាហាវព្រៃផ្សៃយ៉ាងខ្លាំងដែលជារឿងមិនគួរកើត មាននៅក្នុងបាតុកម្មអហិង្សាឡើយ ។

តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺពីគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ានី បានថ្កោលទោសចំពោះ អ្នក ប្រើអំពើហិង្សាទៅលើតំណាងរាស្រ្ត២រូបពីគណបក្សសង្រ្គោះជាតិ ហើយបានស្នើឲ្យសមត្ថកិច្ចតាមចាប់ជនដៃ ដល់យក ទៅផ្តន្ទាទោសតាមច្បាប់ ។ នៅលើទំព័រ Facebook លោក ហ៊ុន ម៉ានី បានសរសេរថា ក្នុងនាម លោកជាតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាលោកតែងតែយកចិត្តទុកដាក់ចំពោះការតវ៉ា សំណូមពរ និងមតិយោបល់របស់ប្រជាជនដោយ គ្មានការរើសអើង ហើយលោកថ្កោលទោសអំពើហិង្សា ដែលប្រព្រឹត្តទៅ លើប្រជាពលរដ្ឋ និងជាពិសេសតំណាងរាស្រ្ត ។ លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តន៍ច្បាប់ដើម្បីវែកមុខ និងដាក់ទោសជនដៃដល់ដែល បានប្រព្រឹត្តអំពើហិង្សាទាំងនេះស្របតាម គោលការណ៍នីតិរដ្ឋ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្តែងការ សោកស្តាយចំពោះការប្រើអំពើ ហិង្សា លើអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែរ ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបានកើតមានលើអ្នកតំណាងរាស្រ្តមកពីគណបក្ស សង្រ្គោះជាតិ ទាំង២រូប ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ក្រុមអ្នកបង្កអំពើហិង្សាអាចនឹងប្រឈម ចំពោះមុខច្បាប់តាម អំណាចតុលាការ ហើយលោកអំពាវនាវដល់ក្រុមអ្នកតវ៉ាទោះបីមកពីប្រភពណាក៏ដោយ សូមកុំប្រើអំពើហិង្សា ។ ទន្ទឹម នឹងនេះក្រុមអ្នកតាមដានដំណើរការបាតុកម្មកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានកត់សម្គាល់ថា ដំបូងឡើយ បាតុកម្មប្រព្រឹត្តទៅដោយអហិង្សាយ៉ាងរលូនក្នុង ការទាមទារ បណ្តេញលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ។ ប៉ុន្តែនៅវេលាម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃបាក់រសៀល បែរជាមានក្រុមជនបិទមុខប្រើអំពើហិង្សា យ៉ាងសាហាវព្រៃផ្សៃទៅលើតំណាងរាស្រ្ត ២រូប និងវាយបំផ្លាញរថយន្តពាក់ស្លាកលេខរដ្ឋសភា២គ្រឿង ដែលបញ្ហានេះ កំពុងស្ថិតក្រោមការតាមដាន ដោយយកចិត្តទុកដាក់ពីមជ្ឈដ្ឋានទូទៅក្នុងប្រទេសកម្ពុជា ៕