​រថយន្ត​ផ្តាច់​ព្រលឹង បើក​បុក​ម៉ូតូ​បណ្តាល ឲ្យ​យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ​

កំពង់ស្ពឺ: យុវជន​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​តាក់ស៊ី ផ្តាច់​ព្រលឹង​ដឹក​អ្នកដំណើរ ពី​ស្រុក​បសេដ្ឋ ទៅ​ក្រុង​ប៉ោយប៉ែត បាន​បើក​បុក​ម៉ូតូ ពេញ​មួយ​ទំហឹង លាន់​ដូច​រន្ទះ កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤១ ខាងត្បូង​គល់​ស្ពាន​គុណគ្រូ ប្រហែល​ជាង ១០០ ម៉ែត្រ ក្នុងភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់់ស្ពឺ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុក​សំរោង​ទង បាន​ប្រាប់ថា ជនរងគ្រោះ ដែល​បាន​ស្លាប់ ឈ្មោះ នៅ មករា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​សេក​ពង ឃុំ​លំហាច ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល ។​

​ចំណែក​រថយន្ត​បង្ករ ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-9410 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បាន​រត់គេចខ្លួន បាត់ស្រមោល ។​

​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​និយាយ​ប្រាប់ថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា គុប​ជ្រុង ពណ៌​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ​ជិះ​ដោយ​យុវជន​ម្នាក់ ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងត្បូង​ស្ពាន​គុណគ្រូ ប្រហែល​ជាង ១០០ ម៉ែត ស្រាប់​តែមាន​រថយន្ត​សាំ​យ៉ុង​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-9410 មួយគ្រឿង ធ្វើដំណើរ​មកពី​ជើង​ទៅ​ត្បូង ក្នុងទិសដៅ​បញ្ច្រាស​គ្នា បើកបរ​យ៉ាង​លឿន បាន​វ៉ា​រថយន្ត​ដឹក​កម្មករ​​រោងចក្រ បាន​ជ្រុល​ទៅបុក​ម៉ូតូ ពេញ​មួយ​ទំហឹង អូស​ជិត ២០​ម៉ែត្រ បណ្តាល​ឲ្យ​យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ​តែម្តង ។

​សាក្សី​បន្តថា ក្រោយពេល​បុក​រួច អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​អ្នកដំណើរ​ចំនួន ២​នាក់ ដែល​ជិះ​លើ​រថយន្ត​សាំ​យ៉ុង បាន​បដិសេធ​មិន​ស្គាល់​តៃកុង​រថយន្ត​នោះទេ ។​
 
​ក្រោយពី​សមត្ថកិច្ច វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​បានប្រគល់​សាកសព ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ ប្រមូល​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំរោង​ទង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕V​/S