រថយន្ត​ទួរីស​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់ និង​ម្នាក់​របួស​

ប៉ៃលិន: គ្រោះថ្នាក់​ចរាចរ​បង្កឡើងដោយ​រថយន្ត​ទួរីស បើក​បុក​គ្នា​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់​ផ្សេងទៀតបាន​រងរបួស​ធ្ងន់  កាលពី​វេលា​ម៉ោង​ជិត ៥ ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ ដែល​ស្លាប់មាន ឈ្មោះ ម៉េ​ន សាន់​រ៉ា ភេទ​ស្រី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រ​លិ​ត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​អ្នករបួសធ្ងន់​ឈ្មោះ សំ គ​ន្ធា ភេទ​ស្រី អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គឺ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-0425 ជិះ​ឌុប​គ្នា​២​នាក់ លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត ទួរីស​១​គ្រឿង បើក​យ៉ាង​លឿន និង​បាន​វ៉ា​រថយន្ត​១​គ្រឿង​ទៀត នៅ​ពីមុខ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ ដែល​ជិះ​ដោយ​ស្ត្រី ២ នាក់ ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​

​ក្រោយពី​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​។ ចំណែកជនរង គ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ប៉ៃលិន​។​

​ប៉ូលិស បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​បណ្តាលអោយ​កើត​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មកពី​ការបើកបរ​លឿន នៅ​កន្លែង​ដែលមាន​ស្លាក​សញ្ញា​ថ្មើរជើង​ឆ្លងកាត់ និង​ជែង​គ្នា ក្នុង​តំបន់​គ្រោះថ្នាក់​៕V​/S