លោកយាយ​អាយុ​១១៦​ឆ្នាំនៅ​ខេត្ត​កំពង់​ស្ពឺ​សុំ​ហូប​ឆ្ងាញ់​នា​ជីវិត​ចុង​ក្រោយ​​

ខេត្ត​កំពង់​ស្ពឺ ៖ ​លោកយាយ​ម្នាក់​មាន​អាយុ​១១៦​ឆ្នាំ ​មាន​ស្មារតី​ និង​សុខភាព​ល្អ​មិន​វង្វេងវង្វាន់ឡើយ សព្វថ្ងៃ​លោកយាយ​​រស់នៅ​ជាមួយ​កូនស្រី​ពៅ​ដែល​មាន​អាយុ​៥២​ឆ្នាំ​។

​ជួប​ជាមួយ​អ្នក​យក​ព័​ត៌​មាន​កោះសន្តិភាព​លោក​ប៉ែន រី ​បានឱ្យ​ដឹង​ថា​ គាត់​កើត​នៅ​ឆ្នាំ​១៩០០​ នៅ​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​កក់​ ស្រុក​គង​ពិសី ​ខេត្តកំពង់ស្ពឺ​ មាន​ម្តាយ​ឈ្មោះ​ម៉ី មិ​ញ ​កើត​ឆ្នាំ​១៨៨១ ​និង​ឪពុក​ឈ្មោះ​ប៉ក់​ប៉ែន​ កើត​នៅ​ឆ្នាំ​១៨៨០​។

​លោកយាយ​ប៉ែន​រី ​បានឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃនេះ​លោកយាយ​រស់នៅ​ជាមួយ​កូនស្រី​ពៅ​នៅ​ភូមិ​ជ័យ​ថ្មី ​ឃុំ​ព្រៃ​ក្មេង​ ស្រុក​ភ្នំស្រួច​ ។ បច្ចុប្បន្ន​​លោក​យាយមិន​អាច​ប្រកប​កិច្ចការ​អ្វី​បាន​ឡើយ ​ក្រៅពី​មើល​ផ្ទះសម្បែង​ និង​ទៅ​វត្ត​រក្សាសីល​ ហើយ​ការ​ដែ​ល​ទៅ​វត្ត​រក្សាសីល​នេះ​មិន​ទៀង​នោះ​ទេ​ ម្តង​បាន​ទៅ​ ម្តង​មិន​បាន​ទៅ​តាម​ល​ទ្ឋ​ភាព​របស់​កូន ​ហើយ​ជីវិត​រស់​ដល់​រាល់​ថ្ងៃនេះ​ គឺ​ដោយសារ​កូន​ស្រី​ជា​អ្នកចិញ្ចឹម​និង​ថែទាំ​។​

លោកយាយ​បន្ត​ថា ​លោកយាយ​ក៏​អាណិត​កូនស្រី​ដែរ ​ព្រោះថា​ជីវភាព​កូនស្រី​ក៏​មិនសូវ​ធូ​រធា ណាមួយ​ត្រូវ​ទំនុកបំរុង​កូន​ណាមួយ​ត្រូវ​មើលថែ​គាត់​ជា​ម្តាយ​។ ​លោកយាយ​ប៉ែន ​រី​ បាន​បន្ត​ទៀត​ថា លោកយាយ​មានកូន​៣​នាក់​ ប្រុស​២​ ស្រី​១​ តែ​កូន​ប្រុស​២​នាក់ ​ម្នាក់​អាយុ​៨០​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៨២​ឆ្នាំ​ បាន​ស្លាប់​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន ​គឺ​ស្លាប់​ដោយសារ​ជរាពាធ​។

លោកយាយ​ប៉ែន​ រី ​បាន​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​សូម​ជួយ​ឧបត្ថម្ភ​ដល់​គាត់​ជាគ្រឿង​ឧបភោគ ​បរិ​ភោគ​ដើម្បី​បាន​ហូប​ឆ្ងាញ់​នា​ជីវិត​ចុង​ក្រោយ​នេះ​ផង ​រាល់​ថ្ងៃនេះ​គាត់​មិន​អាច​ទៅ​ប្រកប​របរ​អ្វី​បាន​ឡើយ​ក្រៅពី​នៅផ្ទះ​និង​ទៅ​វត្ត​រក្សាសីល​​។

មន្ត្រី​សាលាខេត្ត​មួយ​រូប​បានឱ្យ​ដឹង​ដែរ​ថា ​លោកយាយ​ពិតជា​មាន​អាយុ​វែង​ជាងគេ​មែន​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​។ ​ចំណែក​មន្ត្រី​សាលាស្រុក​ភ្នំស្រួច​វិញ​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ​កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ ២០១៥ ​មាន​ក្រុមការងារ​របស់​ស្ថានីយ​ទូរ​ទស្ស​ន៏​CTN ​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ ​និង​បរិភោគ​មួយ​ចំនួន​ធំ​របស់​សប្បុរសជន​ក្នុង ​និង​ក្រៅប្រទេស​ទៅ​ជូន​ដល់​លោកយាយ​ប៉ែន​ រី​ ក្នុង​នោះ​ថវិកា​​២៦០​ដុល្លារ​ផង​ដែរ​៕​​