​ក្រឡាប់​រថយន្ត​នៅ​លើកំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ស្លាប់​២​នាក់​ របួស​ធ្ងន់​​២នាក់​

​​ខេត្ត​ពោធិ៍​សាត់ ៖ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​២នាក់ និង​របួស​ធ្ងន់​​២នាក់ ​ក្នុង​​ករណី​ក្រឡាប់​រថយន្ត​​មួយគ្រឿង​នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៥​​ កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៦ តុលា ២០១៥ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​​​ស្ថិត​នៅ​​​​​ភូមិ​ថ្មី ឃុំ​ត្រពាំង​ជង ស្រុក​បានកាន ។

ប្រភព​ព័ត៌​មាន បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិចស៊ីស​RX300 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​​២N-៤៦១២ មួយ​គ្រឿង​​​ ​ជិះ​គ្នា​៤នាក់ (ស្ត្រី៣នាក់) ​បើក​បរ​ដោយ​បុរស​ម្នាក់ ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​៥​​ទិស​ដៅ​ពី​​លិច​ទៅ​កើត លុះ​មកដល់​កន្លែង​កើតហេតុ​​សង្ស័យ​អ្នក​បើក​បរ​ងោកមួយភាំង​​រថយន្ត​រេ​ចង្កូត​ធ្លាក់​​​ចិញ្ចើម​ផ្លូវ​ក្រឡាប់​៣-៤ត្រឡប់ ​បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី២នាក់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ មាន​ ម្នាក់​ឈ្មោះ លីម សៅធូ អាយុ​២៤ឆ្នាំ ​​​រស់នៅ​​ក្នុង​ភូមិ​អន្ស​ក្តាម ​​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់​ និង​ម្នាក់​ទៀត​ឈ្មោះ ​ស្រី ល័ក្ខ អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​រលក​សថ្មី ​សង្កាត់​រលក ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​ ។

ចំណែក​​អ្នក​រង​របួស​​​២នាក់​​​ ម្នាក់​ឈ្មោះ ​អ៊ុច សុខ ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​ជា​អ្នក​បើក​បរ រស់នៅ​ភូមិ​​ពោ​លកំបោល ឃុំ​វាល ស្រុក​កណ្តៀង ​​ខេត្ត​ពោធិ៍សាត់​ ​និង​ម្នាក់​ទៀត​ឈ្មោះ នី សា ​ភេទ​ស្រី អាយុ​​២៤​ឆ្នាំ រស់​នៅ​​ភូមិ​សាន​សុខ ​ស្រុក​កំរៀង ​ខេត្ត​បាត់​​ដំបង ។​

​ក្រោយ​កើតហេតុ អ្នក​​បើក​​បរ​រថយន្ត​​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​អ្នក​ស្លាប់​​២នាក់ របួស​ធ្ងន់​ម្នាក់ និង​រថយន្ត​មួយគ្រឿង ៕​