សម្តេច​តេជោ ហ៊ុន សែន ជួប​ប្រធានាធិបតី​បារាំង​នារសៀលថ្ងៃទី​២៧ តុលា នេះ

រាជធានីភ្នំពេញ ៖ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម (ហ្វេសប៊ុក) ផេកផ្លូវការរបស់​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរបង្ហោះ​នៅ​​​ព្រឹកថ្ងៃទី​២៧ តុលា នេះ ដោយ​មាន​ខ្លឹម​សារ​ទាំងស្រុងថា ​នៅ​រសៀល​ថ្ងៃ​ទី២៦ តុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​​ការងារ​ជាមួយ លោក François Hollande ប្រធានាធិបតី​បារាំង នៅ​វិមាន​រដ្ឋាភិបាល Elysée នៅ​ទីក្រុង Paris​។

សម្តេច​តេ​ជោ ហ៊ុន សែន សោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ បន្ទាប់​ពី​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០០៩​។ សម្តេច​តេ​ជោ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ និង​រដ្ឋាភិ​បាល​​បារាំង ​និង​ក្រុម​គ្រួសារ​សពចំពោះ​ឧ​ប្ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

សម្តេច​តេ​ជោ ក៏​បាន​អរគុណ​រដ្ឋាភិបាល​បារាំង​ដែល​បាន​ផ្តល់​ផែនទី​ដល់​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ជាមួយ​និង​ប្រទេស​ជិតខាង​កន្លង​មក និងពេញចិត្ត​ចំពោះ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​បារាំង AFD ដែល​កម្ពុជា​បាន​ទទួល​កម្ចីសម្បទាន​៤០៦​លាន​EURO​។ នៅ​ថ្ងៃនេះ រដ្ឋាភិបាល​បារាំង​ក៏​បាន​ផ្តល់​កម្ចី​បន្ថែ​មក​ទៀត​ដល់​​កម្ពុជា ​។ សម្តេច​តេ​ជោ បាន​ស្នើ​ភាគី​បារាំង​អោយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ធំ​ទ្វេ​ឡើង​។

ទន្ទឹម​និង​នេះ​ដែរ សម្តេច​តេ​ជោ បាន​ស្នើ​ដល់​ភាគី​បារាំង ផ្តល់​នូវ​ជំនួយ​បច្ចេកទេស រួម​ទាំង​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ដល់​កម្ពុជា​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​នៃ​ការ​អនុវត្ត​គោលនយោបាយ​ស្តី​ពី វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ទទួល​បាន​ជោគ​ជ័យ ​។

សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ចំពោះ​តួនាទី​របស់​បារាំង ក្នុង​នាម​ជា​សហ​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​ថែរក្សា​និង​អភិរក្ស​ប្រាសាទ​អង្គរ​កម្ពុជា និង​ការ​រួមចំណែក​ជួយ​ដល់​ការ​ជួយ​ជំរុញ​កំណើន​ទេសចរណ៍​របស់ កម្ពុជា ពិសេស​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។

សម្តេច​តេ​ជោ ចូលរួម​អបអរសាទរ​ចំពោះ​ប្រទេស​បារាំង​ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​បម្រែបម្រួល​ធាតុអាកាស ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែធ្នូ​ឆ្នាំ​២០១៥​។ សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ប្រធានាធិបតី​ដែល​បាន​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។ សម្តេច​តេ​ជោ ក៏​បាន​គាំទ្រ​រដ្ឋាភិបាល​បារាំង​ក្នុង​ការ​វាយប្រហារ​តាម​ជើង​អាកាស​ទៅ​លើ​ក្រុម​ភេរវកម្ម ISIS​។

លោក​ប្រធានាធិបតី​បារាំង François Hollande នឹង​ជួយ​ជំរុញ​អ្នក​វិនិយោគ​បារាំង​ទៅ​កម្ពុជា ពិសេស​ការ​វិនិយោគ​លើ​វិស័យ​អាកាស​ចរ ទឹក​ស្អាត និង​រថភ្លើង​ក្នុង​ក្រុង​។ លោក​ប្រធានាធិបតី​បារាំង ក៏​ចង់អោយ​កម្ពុជា​ចូលរួម​ក្នុង សន្និសីទ​ស្តី​ពី​ការ​ប្រែប្រួល​ធាតុអាកាស​ផង​ដែរ រួម​ទាំង​ចង់អោយ​កម្ពុជា​ប្រើប្រាស់​ភាសារ​បារាំង​ក្នុង​ការ​អភិវឌ្ឍ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត ​។ លោក​ប្រធានាធិបតី​បារាំង​បាន​ទទួលយក​នូវ​ព្រះរាជ​សារ​ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ការ​អញ្ជើញលោក​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេលវេលា​ដ៏​សម​ស្រប​ខាង​មុខ​។

ជំនួប​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង លោក François Hollande បាន​បង្កើន​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹង​មាំ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ បារាំង​-​កម្ពុជា​៕