ជំនួបរវាងសម្តេច​ តេជោ និង ប្រធានាធិបតី Hollande ៖ បារាំង ផ្តល់ប្រាក់កម្ចី បន្ថែមទៀតដល់កម្ពុជា និង បន្ថែមទំហំពាណិជ្ជកម្ម

ប៉ារីស ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិ ភាក្សាការងារជាមួយ លោក François Hollande ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាល Elysée នៅទីក្រុង Paris។

សម្តេចតេជោ ហ៊ុន សែន មានសោមនស្សរីករាយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកទី១ បន្ទាប់ពីបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសបារាំងកាលពីឆ្នាំ២០០៩។ សម្តេចតេជោ ក៏បាន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនិងរដ្ឋាភិបាលបារាំង និងក្រុមគ្រួសារសព ចំពោះឧប្បទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណរដ្ឋាភិបាលបារាំង ដែលបានផ្តល់ផែនទីដល់កម្ពុជា ក្នុងការផ្ទៀងផ្ទាត់ ជាមួយ និងប្រទេសជិតខាងកន្លងមក និង ពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD ដែលកម្ពុជាបានទទួលកម្ចីសម្បទាន ៤០៦លានEURO។ នៅថ្ងៃនេះរដ្ឋាភិបាលបារាំង ក៏បានផ្តល់កម្ចីបន្ថែមកទៀតដល់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានស្នើភាគីបារាំងឲ្យពង្រីកទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរឲ្យបានធំទ្វេឡើង។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ភាគីបារាំង ផ្តល់នូវជំនួយបច្ចេកទេស រួមទាំងហិរញ្ញវត្ថុ និងធនធានមនុស្សដល់កម្ពុជា ក្នុងការជួយជំរុញ ឲ្យដំណើរការនៃការអនុវត្តគោលនយោបាយស្តីពី វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ទទួលបានជោគជ័យ។

សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះតួនាទីរបស់បារាំង ក្នុងនាមជាសហប្រធានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដែលបានរួមចំណែកយ៉ាងសកម្ម ដល់ការថែរក្សានិងអភិរក្សប្រាសាទអង្គរកម្ពុជា និងការរួមចំណែកជួយដល់ការជួយជំរុញ កំណើនទេសចរណ៍របស់កម្ពុជា ពិសេសការចុះបញ្ជីប្រាសាទ ព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរចំពោះប្រទេសបារាំង ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីបម្រែបម្រួលធាតុអាកាស ដែលគ្រោងធ្វើឡើងនៅ ខែធ្នូ ឆ្នាំ២០១៥។ សម្តេចតេជោ ហ៊ុន សែន បានវាយ តម្លៃខ្ពស់ ចំពោះលោកប្រធានាធិបតីដែលបានថ្លែង នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្ររដ្ឋាភិបាលបារាំង ក្នុងការវាយប្រហារ តាមជើងអាកាសទៅលើក្រុមភេរវកម្ម ISIS ។

លោកប្រធានាធិបតីបារាំង François Hollande នឹងជួយជំរុញអ្នកវិនិយោគបារាំងទៅកម្ពុជា ពិសេសការ វិនិយោគលើវិស័យអាកាសចរ ទឹកស្អាត និងរថភ្លើងក្នុងក្រុង។ លោកប្រធានាធិបតីបារាំង ក៏ចង់ឲ្យកម្ពុជាចូល រួមក្នុង សន្និសីទស្តីពីការប្រែប្រួលធាតុអាកាសផងដែរ រួមទាំងចង់ឲ្យកម្ពុជា ប្រើប្រាស់ភាសារបារាំង ក្នុងការអភិវឌ្ឍហ្រ្វង់កូហ្វូនី ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

លោកប្រធានាធិបតីបារាំង បានទទួលយកនូវព្រះរាជសារព្រះមហាក្សត្រកម្ពុជា ក្នុងការអញ្ជើញលោកទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាដ៏សមស្របខាងមុខ។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក François Hollande បានបង្កើននូវចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ បារាំង-កម្ពុជា៕