ហត្ថាកសិករ ឧបត្ថម្ភ ៤ពាន់ដុល្លារ ដល់កម្មវិធីសប្បុរធម៌ «កាបូបនៃក្តីសង្ឃឹម» របស់ស្ថានីយ ទូរទស្សន៍ CTN

ភ្នំពេញ៖ ថវិកាចំនួន ៤ពាន់ដុល្លាអាមេរិក ត្រូវបានបរិច្ចាគពី ហត្ថាកសិករ លីមីតធីត ទៅកម្មវិធីសប្បុរសធម៌ «កាបូប នៃក្តីសង្ឃឹម» របស់ស្ថានីយទូរទស្សន៍ CTN។

កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកា សម្រាប់ទិញសម្ភារសិក្សា ផ្តល់ជូនទៅសិស្សានុសិស្ស មួយចំនួន ដែលមានជីវភាពគ្រួសារលំបាក ពី២៥ខេត្ត-ក្រុង ដែលបានជ្រើសរើសតាម រយ: ក្រសួង អប់រំ យុវជន និងកីឡា។
ក្នុងពិធីប្រគល់សម្ភារសិក្សា ជូនដល់តំណាងសាលា លោកស្រី វណ្ណ បូនីដា នាយិកាគ្រប់គ្រង ធុរៈកិច្ច សង្គមរបស់ ហត្ថាកសិករ បានបង្ហាញពីភាពរីករាយ និងបទសម្ភាសថា៖ ហត្ថាកសិករ លីមីតធីត មានមោទនភាព ដែលបាន ក្លាយជាផ្នែកមួយនៃកម្មវិធីដ៏មានអត្ថន័យមួយនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា កាបូប និងសម្ភារសិក្សាទាំងនេះ នឹងបានទៅដល់ដៃប្អូនៗសិស្សានុសិស្ស ដែលចាប់ផ្តើមបវេសនកាលក្នុងពេលដ៏ខ្លីខាងមុខ។ ដោយចាត់ទុក កិច្ចការ សង្គម និងមនុស្សធម៌ជាទិសដៅអាទិភាពរបស់យើង ហត្ថាកសិករ តែងតែស្វះស្វែងចូលរួមជាដៃគូក៏ដូចជាបង្កើត កម្មវិធីឧបត្ថម្ភដោយផ្ទាល់ទៅតាមមូលដ្ឋានដែលត្រូវមានតម្រូវការ។ លោកស្រី បានបន្ថែមទៀតថា ហត្ថាកសិករ នឹងរក្សាជំហរគាំទ្ររាល់សកម្មភាពសប្បុរសធម៌ជាបន្តទៅទៀត។

តាមរយៈពេលកន្លងមក យើងសង្កេតឃើញថា ហត្ថាកសិករ បានផ្តល់វិភាគទានជាច្រើន ចូលរួម អភិវឌ្ឍ សង្គម ដូចជាការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពោធិ៍សាត់ ការផ្តល់ជូនកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដល់ វិទ្យាល័យពោធិ៍សាត់ ការឧបត្ថម្ភសម្ភារសិក្សាដល់សិស្សពូកែ លោកគ្រូអ្នកគ្រូ និង សាលាបឋមសិក្សា អ្នក ឧកញ៉ា មហាភក្តី ហ៊ុន នាង បឹងត្របែកខាងកើតព្រមទាំងសកម្មភាពគួរអោយកត់សម្គាល់ផ្សេងៗជាច្រើនទៀត ។

សូមបញ្ជាក់ថាហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេដែលមាន បណ្តាញប្រតិបត្តិការ ១៥១ការិយាល័យនៅទូទាំង ២៥ ខេត្ត-រាជធានី គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ ហត្ថាកសិករ លីមីតធីត មានសមតុល្យ ឥណទានរហូតដល់ ៣២៤,៨លានដុល្លាររដ្ឋអាមេរិក នៅក្នុងដៃ អតិថិជនចំនួន ១០៨.៨០៥នាក់ និងមានអតិថិជន ចំនួន ២១៤.០៧៣ នាក់បាននិងកំពុងដាក់ប្រាក់បញ្ញើ សន្សំជាមួយហត្ថាកសិករ ដែលមានទឹកប្រាក់បញ្ញើសរុប ចំនួន ២២៩,៦ លានដុល្លាររដ្ឋអាមេរិក៕

ហត្ថាកសិករ ឧបត្ថម្ភ ៤ពាន់ដុល្លារ ដល់កម្មវិធីសប្បុរធម៌ «កាបូបនៃក្តីសង្ឃឹម» របស់ស្ថានីយ ទូរទស្សន៍ CTN