PN បណ្ដុះ​សិស្ស​ក្រីក្រ​រាប់​ពាន់​គ្មាន​យក​កម្រៃ គោលដៅ​យក​គុណភាព​ជា​ចម្បង


PN បណ្ដុះ​សិស្ស​ក្រីក្រ​រាប់​ពាន់​គ្មាន​យក​កម្រៃ គោលដៅ​យក​គុណភាព​ជា​ចម្បង

បើ​ទោះ​បី​មាន​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​វិស័យ​បច្ចេកវិទ្យា​​រដ្ឋ​ និង​ឯកជន​កំពុង​មាន​វត្តមាន​យ៉ាង​ច្រើន​សន្ធឹក​​នៅ​​កម្ពុជា​ក៏​ដោយ​ ក៏​គ្រឹះស្ថាន​ទាំង​នោះ​នៅ​ជា​តែ​ជា​ស្ថាប័ន​​ស្វែង​រក​ប្រាក់​ចំណេញ​ ពោល​គឺ​សម្រាប់​​​និស្សិត​ក្រី​ក្រ​​នៅ​តាម​តំបន់​ដាច់​ស្រយាល​​​​ ពុំ​មាន​លទ្ធភាព​​បង់​ថ្លៃ​សិក្សា​ទេ​បើ​ទោះ​បី​ជា​​​តម្លៃ​សិក្សា​នោះ​​​ថោក​យ៉ាង​ណា​​​ក៏​ដោយ​។

 

ដោយសារ​តែ​សម្លឹង​ឃើញ​យ៉ាង​នេះ​ហើយ​ ទើប​អង្គការ Passerelles Numerique Cambodia (PNC) ដែល​ប្តូរ​ឈ្មោះ​ពី CIST ត្រូវ​បាន​​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​អាច​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា (​IT) ដោយ​ឥត​បង់​ថ្លៃ។

 

PN បណ្ដុះ​សិស្ស​ក្រីក្រ​រាប់​ពាន់​គ្មាន​យក​កម្រៃ គោលដៅ​យក​គុណភាព​ជា​ចម្បង

 

តើ​ PNC ជួយ​ដល់​និស្សិត​ក្រី​ក្រ​យ៉ាង​ម៉េច​ខ្លះ​ទៅ​? បង្កើត​ឡើង​ដោយ​អ្នក​ណា​? ​មាន​ប្រវត្តិ​ដូច​ម្ដេច​? មាន​ជំនាញ​អ្វី​ខ្លះ​ទៅ​? ចុះ​គុណភាព​វិញ​យ៉ាង​ម៉េច​ដែរ​? ជ្រើស​រើស​សិស្ស​ក្រី​ក្រ​មែន​ឬ​អត់​?

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នូវ​ប្រវត្តិ​ ចក្ខុវិស័យ​ បេសកកម្ម​ និង​គោល​បំណង​របស់​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាញ​ជំនាញ​បច្ចេកវិទ្យា​មិន​ស្វែង ​រក​ប្រាក់​ចំណេញ​មួយ​នេះ​​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​តាម​ដាន​ស្វែង​យល់​​​​ជា​មួយ​ Sabay ​នៅ​ក្នុង​ទំព័រ​នេះ​ដូច​ខាង​ក្រោម​។

 

ទីតាំង
បច្ចុប្បន្ន​ PNC មាន​ទីតាំង​និង​អាគារ​ផ្ទាល់​ខ្លួន​ ​ដែល​មាន​ទំហំ​ធំ​ល្មម​ ស្ថិត​​នៅ​ភូមិ​​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ (បូរីសឡា) ខណ្ឌ​សែន​សុខ ក្រុង​ភ្នំ​ពេញ​។

 

ប្រវត្តិ

 

PNC ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០០៥​​ ជ្រក​ក្រោម​​ស្ថាប័ន​ធំ​មួយ​ទៀត​ឈ្មោះ​ថា​ Passerelles Numeriques។

មជ្ឈមណ្ឌល​​បណ្តុះបណ្តាល​នេះ​បង្កើត​ឡើង​ដំបូង គ្រាន់​តែ​​​ជា​គម្រោង​មួយ​ដែល​ផ្ដាច់​ចេញ​ពី​​អង្គការ​ កុមារ​មេគង្គ​ (Enfants du Mekong)​ ប៉ុណ្ណោះ​។ កុមារ​មេគង្គ​គឺ​ជា​​​អង្គការ​​មួយ​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ក្រី​ក្រ​នៅ​តាម ​តំបន់​ដាច់​ស្រយាល​ឲ្យ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​​នៅ​មហាវិទ្យាល័យ​។ នៅ​ពេល​នោះ​​ PNC ជា​អ្នក​ទទួល​សិស្ស​ពី​អង្គការ​កុមារ​មេគង្គ​ តែ​ក្រោយ​មក​ PNC ក៏​បាន​ពង្រីក​ទំហំ​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​បាន​ផ្ដាច់​ចេញ​ពី​ អង្គការ​នេះ​ និង​បាន​​ចុះ​ទៅ​ជ្រើស​រើស​សិស្ស​នៅ​តាម​តំបន់​ដាច់​ស្រយាល​នៃ​​បណ្ដា​ខេត្ត ​មួយ​ចំនួន​ឲ្យ​មក​រៀន​​លើ​មុខ​ជំនាញ​​ព័ត៌មាន​វិទ្យា​ផ្ទាល់​តែ​ម្ដង​​​​ ចាប់​ពី​ឆ្នាំ​២០០៥​មក​។

ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​ ​​​មិន​ទាន់​មាន​ទីតាំង​ និង​អាគារ​ធំ​នៅ​ឡើយ​​ទេ ​ក្រោយមក​ដោយ​សារ​តែ​មាន​​អ្នក​ជួយ​ឧបត្ថម្ភ​ផ្ដល់​ជំនួយ​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​គឺ​ Passerelles Numeriques ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​មួយ​នេះ​ ពង្រីក​ទីតាំង​អគារ​សិក្សា​ និង​ការិយាល័យ​កាន់​តែ​ធំ​ ហើយ​ថែម​ទាំង​មាន​ទីតាំង​ផ្ទាល់​ខ្លួន​​ថែម​ទៀត​ផង​។

 

Passerelles Numeriques ដែល​ជា​​ឪពុក​ម្ដាយ​របស់​ PNC បច្ចុប្បន្ន​នេះ​​មាន​បី​សាខា​ធំ​ៗ​គឺ​នៅ​ហ្វីលីពីន​ (2009) វៀតណាម​(2010) និង​កម្ពុជា​។ ក្នុង​ចំណោម​សាខា​​​​ទាំង​បី​ គឺ​មាន​ឈ្មោះ​ និង​ប្រតិបត្តិការ​ទៅ​តាម​ផែន​ការ​រៀង​ៗ​ខ្លួន​ ចំណែក​​ PNC ដែល​បង្កើត​ឡើង​មុន​គេ​មាន​ហិរញ្ញវត្ថុ​​រឹង​មាំ​ជាង​គេ​ ហើយ​ថែម​ទាំង​មាន​បរិក្ខារ​គ្រប់​គ្រាន់​សម្រាប់​ផ្ដល់​ឲ្យ​សិស្ស​ និង​និស្សិត​សិក្សា​​ថែម​ទៀត​ផង​។

 

បេសកកម្ម​ចម្បង

 

PNC គឺ​ជា​គ្រឹះស្ថាន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ដំបូង​បំផុត ​ដែល​ផ្ដល់​អត្ថប្រយោជន៍​​ចំនួន​បី​សំខាន់​ៗ​​ដល់​និស្សិត​។ ​ទី​មួយ​​ជួយ​ដល់​​​និស្សិត​ក្រី​ក្រ​នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល​ដែល​ ពុំ​មាន​លទ្ធភាព​​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​បាន​។ ទីពីរ​​គឺ​ ជា​ស្ថាប័ន​​ក្រៅ​រដ្ឋាភិបាល​​ដំបូង​ដែល​បណ្ដុះ​បណ្ដាល​លើ​មុខ​ជំនាញ​​ បច្ចេកវិទ្យា​ IT។ ការ​បណ្ដុះ​បណ្ដាល​នេះ​មិន​មែន​មាន​គោល​បំណង​​​ត្រឹម​តែ​បណ្ដុះបណ្ដាល​ឲ្យ​ ចេះ​ប្រើ​ប្រាស់​ធម្មតា​នោះ​ទេ តែ​​គឺ​ដើម្បី​ឆ្លើយ​តប​សេចក្ដី​ត្រូវ​ការ​របស់​ទីផ្សារ​ការ​ងារ​។

ចំណែក ​ទិសដៅ​ចុង​ក្រោយ​នោះ​គឺ​​បង្កើត​ការ​ងារ​ដល់​​និស្សិត​ដែល​បញ្ចប់​ការ​ សិក្សា​ពី​សាលា​នេះ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នៃ​បេសកកម្ម​ចុង​ក្រោយ​នេះ​គឺ​ជា​ផ្នែក​មួយ​​នៃ​ ការ​ចូល​រួម​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​​។

 

ពាក្យ​ស្លោក​តំណាង​​ PNC

 

PNC មាន​ពាក្យ​ស្លោក​បី​​ជា​តម្លៃ​​មូលដ្ឋាន​ដែល​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​មួយ​នេះ​ផ្ដល់​ឲ្យ​គឺ​៖
Responsibility៖ និស្សិត​​គ្រប់​រូប​ដែល​សិក្សា​នៅ​ PNC ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​​ចំពោះ​​ខ្លួន​​ឯង​ មាន​ន័យ​ថា​ គាត់​ត្រូវ​​ចេះ​ទទួល​ខុស​ត្រូវ​រាល់​កិច្ចការ​ការ​ងារ​ និង​សកម្មភាព​ដែល​ខ្លួន​បាន​ធ្វើ​ និង​មិន​ត្រឹម​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ​របស់​ខ្លួន​តែ​មួយ​មុខ​ ប៉ុណ្ណោះ​ទេ​តែ​ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ​​ចំពោះ​គ្រួសារ​និង​សង្គម​ជាតិ​ផង​ដែរ​។

Trust៖ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​ PNC ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នឹង​មាន​​ការ​ងារ​ធ្វើ​ត្រូវ​ធ្វើ​ខ្លួន​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​​ដែល​ជ្រើស​រើស​និស្សិត​ទាំង​នោះ​ មាន​ទំនុក​ចិត្ត​ទៅ​លើ​ខ្លួន​​​​ទាំង​គុណវុឌ្ឍិ ​និង​អត្តចរិត​​។
Solidarity៖ សំដៅ​ទៅ​លើ​សាមគ្គីភាព​​ដែល​និស្សិត​ PNC ម្នាក់​ៗ​ត្រូវ​មាន​ មិន​ថា​អ្នក​នោះ​កំពុង​សិក្សា​ ឬ​បាន​​ការ​ងារ​ធ្វើ​ហើយ​ក៏​ដោយ​ គឺ​​​ត្រូវ​តែ​មាន​សាមគ្គី​រវាង​គ្នា​និង​គ្នា​​ដែរ​​។

 

ដំណាក់​កាល​​ជ្រើស​រើស​​សិស្ស​ចូលសិក្សា​
PNC គឺ​ជា​​ស្ថាប័ន​ដែល​​ជ្រើស​រើស​សិស្ស​ឲ្យ​ចូល​រៀន​មាន​​តម្លាភាព​បំផុត​។ ​និស្សិត​ដែល​អាច​ចូល​រៀន​នៅ​សាលា​នេះ​បាន​ ទាល់​តែ​ជា​​សិស្ស​ដែល​​​ប្រឡង​ជាប់​ថ្នាក់​ទី​១២​​ (អាច​ដាក់​បាន​បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​ទី​១២​​ពីរ​ឆ្នាំ​) ជា​សិស្ស​ដែល​មាន​ជីវភាព​ក្រី​ក្រ​ពិត​ៗ​ គ្មាន​លទ្ធភាព​​មក​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ និង​ជា​សិស្ស​ដែល​មាន​សមត្ថភាព​ទៀត​ផង​​។

 

តើ​ជ្រើស​រើស​យ៉ាង​ម៉េច​ទៅ​ទើប​បាន​សិស្ស​ដែល​មាន​សមត្ថភាព​ ហើយ​ក្រី​ក្រ​ពិត​ប្រាកដ​នោះ​?

 

PNC បាន​បញ្ជូន​​ភ្នាក់​ងារ​ជ្រើស​រើស​​សិស្ស​ទៅ​ដល់​សាលា​នៅ​តាម​តំបន់​ជនបទ​​​ ហើយ​សិស្ស​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​​លើ​មុខ​វិទ្យា​​គណិតវិទ្យា ​​តក្ក​វិទ្យា និង​អង់គ្លេស​។ មិន​ត្រឹម​តែ​ឆ្លង​កាត់​ការ​ប្រឡង​ប៉ុណ្ណោះ​ទេ​ ​​ ​ភ្នាក់​ងារ​ជ្រើស​រើស​​ទាំង​នោះ​ត្រូវ​ចុះ​ទៅ​ដល់​ផ្ទះ​របស់​សិស្ស​​​ដែល​បាន​ធ្វើ​តេស្ដ​ជាប់​នោះ​ថែម​ទៀត​ ផង​​ ដោយ​ត្រូវ​សង្កេត​មើល ​និង​វាយ​តម្លៃ​​យ៉ាង​លម្អិត​ ​ថា​តើ​ពិត​ជា​ក្រី​ក្រ​គ្មាន​លទ្ធភាព​មែន​ឬ​អត់។

 

អត្ថប្រយោជន៍​ចំពោះ​និស្សិត

 

និស្សិត​ដែល​បាន​ចូល​រៀន​​​​​​​​​​​​​​​​នៅ​សាលា​ PNC នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖

– សិក្សា​ជំនាញ​ IT ដោយ​ឥត​គិត​ថ្លៃ
– ទទួល​បាន​កន្លែង​ស្នាក់​នៅ​សមរម្យ
– ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ចំណាយ​​លើ​ម្ហូប​អាហារ (ជាង​30​ដុល្លារ​)
– នៅ​​អំឡុង​ពេល​សិក្សា​ សិស្ស​ម្នាក់​ៗ​នឹង​ទទួល​បាន​បទពិសោធន៍​តាម​រយៈ​ការ​ផ្ដល់​​ឱកាស​ចុះទៅ​ Internនៅ​តាម​បណ្ដា​ក្រុមហ៊ុន​ធំៗ
– លទ្ធភាព​និស្សិត​បញ្ចប់​ការ​សិក្សា​​ទទួល​​បាន​ការ​ងារ​ជិត​ 90​​%
– និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ ជា​ធន​ធាន​​ដ៏​​​មាន​តម្លៃ​បំផុត​ ពី​ព្រោះ​មិន​ត្រឹម​តែ​ចេះ​ជំនាញ​តែ​មួយ​មុខ​ទេ​ ​ ប៉ុន្តែ​និស្សិត​​​​ថែម​ទាំង​ចេះ​​ភាសា​​អង់គ្លេស​ ​ជំនាញ​ធុរកិច្ច​ និង​​​​​ប្រកប​ដោយ​ ក្រម​សីលធម៌​​​ និង​គុណធម៌​ថែម​ទៀត​ផង​។

 

ជំនាញ​បណ្ដុះ​បណ្ដាល

 

PNC បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ IT ចំនួន​បួន​សំខាន់​ៗ​គឺ​​​​​​​​៖

1.Web Development បណ្ដុះបណ្ដាល​លើ​មុខ​វិទ្យា​​​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖
Programming : C, C++, C#, Java
Database: Access, SQL Server, MySQL
Content Management Systems (CMS): Joomla, Woodpress, PhpBB, OSCommerce, Pay pal
Web Technologies: XHTML&CSS, XML, Photoshop for Web, Flash with action script, Java script, PHP& MySQL, ASP .NET with C#
2.SNA (Systems & Networks Administration) បណ្ដុះ​បណ្ដាល​លើ​មុខ​វិទ្យា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖
Computer Maintainance
Microsoft XP Professional
Microsoft Windows Server 2003
SLES (SuSE Linux Enterprise Server)
CISCO CCNA Discovery 1,2,3
3. បណ្ដុះបណ្ដាល​​លើ​វគ្គ​​ខ្លី​ៗ​ផ្សេង​ៗ​ទៀត​ដូច​ជា​ WCT (Wireless Communications Training) និង​DEO (Data Entry Operator)។

 

ម្ចាស់​ជំនួយ​

 

ដោយ​សារ​តែ​ PNC គឺ​ជា​ស្ថាប័ន​​​ក្រៅ​រដ្ឋាភិបាល​ រាល់​​ដំណើរការ​ប្រព្រឹត្ត​ទៅ​គឺ​ពឹង​ផ្អែក​ទៅ​លើ​​ម្ចាស់​ជំនួយ​ជា​ច្រើន​ ជា​ពិសេស​ Passerelles Numeriques ជា​អ្នក​ស្វែង​រក​មូលនិធិ​​ធំជាង​គេ​ពី​ប្រទេស​បារាំង​ និង​​​ហើយ​ថែម​ទាំង​មាន​ដៃ​គូ​ឧបត្ថម្ភ​ជា​​ច្រើន​ទៀត​ដូច​ជា៖ Microsoft, CESCO, Accenture, Steria, Xecs, ICB Europe, ICT: CAM, Econocom, Ernst & Young, Osiatis, ITC (សាលា​ Techno), SUPINFO, ស្ថាន​ទូត​បារំាង​ប្រចាំ​នៅ​កម្ពុជា​, HP, IBM និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​។

 

PN បណ្ដុះ​សិស្ស​ក្រីក្រ​រាប់​ពាន់​គ្មាន​យក​កម្រៃ គោលដៅ​យក​គុណភាព​ជា​ចម្បង

 

ការ​ទទួល​ស្គាល់​គុណភាព​ពី​បណ្ដា​ក្រុមហ៊ុន​​ក្នុង​ស្រុក​ និង​អន្តរជាតិ៖

 

និយាយ​ពី​គុណភាព​ដែល​ PNC ផ្ដល់​ទៅ​ឲ្យ​និស្សិត​ ​​មិន​ចាញ់​ស្ថាប័ន​ឯកជន​ផ្សេង​ទៀត​នោះ​ទេ​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ និង​ស្ថាប័ន​ឯកជន​ជាង​300​នៅ​កម្ពុជា​ទទួល​ស្គាល់​គុណភាព​ ជា​ពិសេស​ផ្ដល់​ឱកាស​ដល់​​និស្សិត​​ចុះ​ Intern ​និង​​ទទួល​យក​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាលា​ ​ឲ្យ​បម្រើ​ការ​ងារ​នៅ​ស្ថាប័ន​របស់​ខ្លួន​​​ថែម​ទៀត​ផង​។ ស្ថាប័ន​​ទាំង​នោះ​មាន​ដូច​ជា​ អម្រឹត​មីក្រូ​ហិរញ្ញវត្ថុ​, Angkor Gate Tour, Asia Form, AZ Communication, Blue Technology, Bophana Audiovisual Resource Center, Cmanet, Mfone, CMSC, ConicalHat, Digital Divide Data (DDD), Educatech, Europ Continents, First Cambodia, UN Food, Auram Systems/R.M. Asia, BAT, Caminfo Service, Camtech Computer, Chamroeun Microfinance Services, Chuan Wei, CMSC Network, Comin Khmer Conical Hat, DDD, Deam Computer, EDM, EZECOM, FAO, Friends International, Gatesway Communication, GERES, Graphic Roots, GRET, HR Inc, iOne Centre, Indochina Research, ITC, IT Global Computer, KhmerDev, Latelz, Ly Chhuong Construction & Import/Export, Manich, MD POS, Medicom, Microsoft MDP, MSF, NEOCOM Telecommuncation, Netpro Cambodia, Nokor IT, Online, OPENNET, Pepy, PSE, Resolvo, SCA, SI Group, Solaris International, TE AIK HONG, THAKRAL, Wicam, Yejj, Yellow Pages/Yoolk International, Nokia-KTH, Open Institute, Ogilvy Action Cambodia, NA Clinic, Hagar, HATTHA KAKSEKAR,, Allweb​, IBM និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​។

 

គម្រោង​ Solidarity Act

 

គឺ​ជា​​គម្រោង​​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​ដៅ​​​ជំរុញ​​ឲ្យ​អតីត​និស្សិត​ដែល​បាន ​បញ្ចប់​ការ​សិក្សា​​​​ហើយ​គ្រប់​ជំនាន់​​ ​ ចូល​រួម​ចំណែក​បង់​ជា​វិភាគ​ទាន​ដល់​សាលា​ជា​រៀង​រាល់​ខែ​​។ ​មុន​ឆ្នាំ​២០១១​​​​ការ​បង់​ជា​វិភាគ​ទាន​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ ប៉ុណ្ណោះ​ តែ​ចាប់​ពី​ឆ្នាំ​២០១១​នេះ​ទៅ​ ​និស្សិត​មាន​កាតព្វកិច្ច​បង់​ដោយ​ខាន​ពុំ​បាន​។

ការ​ចូល​រួម​បង់​​ជា​វិភាគ​ទាន​នេះ​​មាន​រយៈ​ពេល​បី​ឆ្នាំ​ ដោយ​ក្នុង​ឆ្នាំ​ទី​មួយ​ត្រូវ​បង់​មួយ​ខែ​​៥​ដុល្លារ​ ​ឆ្នាំ​ទី​ពីរ​ត្រូវ​បង់​មួយ​ខែ​១០​ដុល្លារ​ ចំណែក​ឆ្នាំ​ទី​បី​ត្រូវ​បង់​មួយ​ខែ​​១៥​ដុល្លារ​។ ការ​បង់​នេះ​ទៀត​សោត​គឺ​ធ្វើ​​ឡើង​សម្រាប់​តែ​និស្សិត​ដែល​បញ្ចប់​ការសិក្សា ហើយ​មាន​ការ​ងារ​ធ្វើ​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី​​១២០​ដុល្លារ​ឡើង​តែ​ប៉ុណ្ណោះ​​ បើ​សិន​មិន​ទាន់​មាន​ការ​ងារ​ធ្វើ​ទេ មិន​តម្រូវ​ឲ្យ​បង់​ឡើយ​។ ​សរុប​​ទាំង​បី​ឆ្នាំ​​គឺ​មាន​តម្លៃ​៣៦០​ដុល្លារ​។ នៅ​ពេល​ដែល​បង់​ចប់​សព្វ​គ្រប់​ហើយ​ បើ​សិន​ជា​និស្សិត​ចង់​ចូល​រួម​ចំណែក​បន្ត​​អាច​បង់​​ទៀត​បាន​។

 

ចំពោះ​ថវិកា​ដែល​ទទួល​បាន​ពី​គម្រោង​នេះ​ ត្រូវ​បាន​​យក​មក​ជួយ​ឧបត្ថម្ភ​​ដល់​និស្សិត​​ដែល​កំពុង​​សិក្សា។

 

កម្មវិធី​ Internship

 

ដើម្បី​បាន​​សញ្ញាប័ត្រ​ពី​សាលា​នេះ​ និស្សិត​តម្រូវ​ឲ្យ​ចុះ​ Intern។ Internship Program នេះ​​មិន​មែន​​​ឲ្យ​និស្សិត​ស្វែង​រក​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​នោះ​ទេ​ គឺ​សាលា​ជា​អ្នក​ស្វែង​រក​ដៃ​គូ​ដែល​ជា​ស្ថាប័ន​ឯកជន​ ឬ​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​​ឲ្យ​និស្សិត​ចុះ​ទៅ​ធ្វើ​កម្មសិក្សា​​។ កម្មវិធី​ចុះ​ Intern នេះ​បែង​ចែក​ខុស​ៗ​គ្នា​ទៅ​​តាម​ជំនាញ​នីមួយៗ​​។

+ចំពោះ​ SNA (System & Networks Administration) ត្រូវ​ចំណាយ​ពេល​ចុះ​ Internចំនួន​ពីរ​ដង​គឺ​នៅ​ចុង​ឆ្នាំ​ទី​មួយ​ និង​ចុង​ឆ្នាំ​ទី​ពីរ​។ នៅ​ចុង​ឆ្នាំ​ទី​មួយ ​​និស្សិត​ត្រូវ​ចំណាយ​ពេល​បី​ខែ​ ចំណែក​នៅ​ចុង​ឆ្នាំ​ទីពីរ​ត្រូវ​ចំណាយ​ពេល​៨​ខែ​ ដោយ​នៅ​ឆ្នាំ​ទី​ពីរ​នេះ​ និស្សិត​ត្រូវ​ចំណាយ​ពេល​ចុះ​ Intern មួយ​សប្ដាហ៍​ ​និង​មក​រៀន​​​មួយ​សប្ដាហ៍​។

+ចំពោះ​ Web Developer ត្រូវ​ចំណាយ​ពេល​៤​ខែ​ដោយ​សិក្សា​ជា​មួយ​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង​។
ការ​ចុះ​ទៅ Internរបស់​និស្សិត​នេះ​ ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ពី​​ក្រុមហ៊ុន​។ ជា​ទូទៅ​ ចំពោះ​និស្សិត​ដែល​បាន​បញ្ចប់​កម្មវិធី​នៅ​តាម​ស្ថាប័ន​ឯកជន​ហើយ​ ជិត​​៩០​ភាគ​រយ​មាន​សមត្ថភាព​អាច​​បំពេញ​ការ​ងារ​បាន ហើយ​មាន​និស្សិត​មួយ​ចំនួន​មាន​សមត្ថភាព​​លើស​ពី​តម្រូវ​ការ​ទីផ្សារ​ទៀត​ផង ​។ ម្យ៉ាង​វិញ​ទៀត​​ ចំពោះ​និស្សិត​ ដែល​​មិន​ទាន់​មាន​សមត្ថភាព​អាច​បំពេញ​ការ​ងារ​បាន​ ​សាលា​​ត្រូវ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ទៀត​ រហូត​ទាល់​តែ​​អាច​បំពេញ​ការ​ងារ​បាន​។

 

តំបន់​ជ្រើស​រើស​និស្សិត

 

PNC ធ្វើ​ការ​ជ្រើស​រើស​សិស្ស​​ដែល​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា​​នៅ​មហា​ វិទ្យាល័យ​​ ចេញ​ពី​បណ្ដាល​ខេត្ត​មួយ​ចំនួន​ ​ដូច​ជា​​ បន្ទាយ​មាន​ជ័យ​ បាត់​ដំបង​ កំពង់​ឆ្នាំង​ ពោធិ៍សាត់ ព្រៃវែង​ ស្វាយ​រៀង​ តាកែវ​ កំពត ​កណ្ដាល កំពង់​ស្ពឺ​ មណ្ឌល​គិរី និង​ខេត្ត​ជា​ច្រើន​ទៀត​ (សូម​មើល​ផែន​ទី​ខាង​ក្រោម​)។

 

ដោយ៖ សុភារិទ្ធ