លោក សម រង្ស៊ី ចាត់ទុក​អំពើហិង្សា​ថា​ជា​ចេតនា​បញ្ចៀស​ការបោះឆ្នោត​នៅពេល​ខាងមុខ

ជុំវិញ​បញ្ហា​អំពើហិង្សា​ប្រឆាំង​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​បញ្ជាក់ថា អ្វីដែល​សំខាន់​នោះ គឺ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហាក់ដូចជា​ចង់រក​លេស​ប្រើ​អំពើហិង្សា​កាន់តែច្រើន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អវិជ្ជមាន និង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ចៀសវាង​ការបោះឆ្នោត​ខាងមុខ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​បំណង​បែបនេះ​ឃើញ​កាន់តែច្បាស់ តាំងពី​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​ជឿ​ទុកចិត្តបាន ពីព្រោះ​បើ​មានការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន មិនអាច​ឈ្នះ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ ២០១៧ និង ការបោះឆ្នោតជាតិ នៅ​ឆ្នាំ ២០១៨ បានទេ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា អំពើហិង្សា​កាលពី​ម្សិលមិញ​នេះ នៅ​ទីក្រុង​ភ្នំពេញ គឺជា​ការឆ្លើយតប​ពី​សំណាក់​គណបក្សកាន់អំណាច ទៅនឹង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​មាន​កំហឹង​យ៉ាងខ្លាំង​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលឹកថា មុន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង លោក ហ៊ុន សែន បាន​ព្រមាន​ថា បើ​ក្រុមប្រឆាំង​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នៅ​ទីក្រុង​ប៉ារីស អ្នកគាំទ្រ​លោក ហ៊ុន សែន នឹងធ្វើ​បាតុកម្ម​ប្រឆាំង​អ្នកគាំទ្រ​លោក សម រង្ស៊ី  វិញ​នៅ​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី ចាត់ទុកថា នេះ​ទម្លាប់​នៃ​ការបំភិតបំភ័យ​ពី​សំណាក់​គណបក្សកាន់អំណាច គេ​អាច​ទស្សន៍ទាយ​ថា អំពើហិង្សា​អាច​នឹង​កើតមាន​ជា​បន្តបន្ទាប់​ទៀត នៅ​ថ្ងៃមុខ​។​

​យ៉ាងណាក្តី​លោក សម រង្ស៊ី បាន​លើក​ហេតុផល​ថា ទោះជា​យ៉ាងណាក៏ដោយ​បាតុកម្ម​ដែល​ជនជាតិខ្មែរ​យើង​រៀបចំ​ធ្វើ​នៅ​ប្រទេស​បារាំង តែងតែ​ជា​បាតុកម្មអហិង្សា គោរព​ច្បាប់ និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច មិន​ដូច​បាតុកម្ម​ពួក​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន នៅ​ប្រទេស​កម្ពុជា ដែល​តែងតែ​ប្រើ​ហិង្សា​ដើម្បី​បំភិតបំភ័យ​ប្រជាពលរដ្ឋ ដូច​អ្វីដែល​លោក ហ៊ុន សែន ខ្លួនឯងបាន​បំភិតបំភ័យ​ប្រជាពលរដ្ឋ ក្នុងពេល​ថ្មីៗ​នេះ ដោយ​ប្រកាសថា នឹងមាន​សង្គ្រាម​បើ​គណបក្សប្រឆាំង​ឈ្នះឆ្នោត​ហើយ​មកកាន់​អំណាច​។ ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ទៅមុខទៀត លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ពួក​ហ្វា​ស៊ី​ស្ត  នៅ​ប្រទេស​អ៊ីតាលី ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សា ទៅលើ​អ្នកតំណាងរាស្ត្រ និង​អ្នក​ដទៃទៀត ពី​ឆ្នាំ ១៩២២ ដល់​ឆ្នាំ ១៩៤៥៕

12038531_10154323189674148_399520118809922713_n 12046940_10154323189704148_8836755298498066701_n 12049545_687530991381469_8625403176391984086_n 12049552_1002473593137796_7484899220188213987_n 12191859_687530928048142_7105429495074392587_n