រសៀល​ថ្ងៃនេះ តុលាការក្រុង​ភ្នំពេញ នឹង​ជម្រះក្តី​លោក ផែង វណ្ណៈ និង​លោកស្រី ហង្ស បូរី ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​នេះ ចៅក្រម​តុលាការ​សាលាដំបូង ក្រុង ភ្នំពេញ នឹងធ្វើ​ការជំនុំជម្រះ​ទោស លោក​ផែង វណ្ណៈ និង​លោកស្រី ហង្ស បូរី ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ លោកស្រី កែវ ម៉ាលី ជា​សាធារណៈ ដែល​បណ្តឹង​ដូចគ្នានេះ ចំពោះ​លោក​ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត ត្រូវបាន​ចៅក្រម​តុលាការ ក្រុងភ្នំពេញ ប្រកាស​សាលក្រម សម្រេច​ពិន័យ​ក្នុង​ម្នាក់ៗ ៥ លាន​រៀល បង់​ចូល​ថវិការដ្ឋ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី ក្នុង​ម្នាក់ៗ ១០ លាន​រៀល​ថែមទៀត ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក ថេ​ង ម៉េង​អ៊ី មេធាវី​តំណាង​លោកស្រី កែវ ម៉ាលី បានអោយដឹង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ថា លោក​ទទួលយក​ការសម្រេចសេចក្ដី​នេះ ហើយ​បើ​ជនជាប់ចោទ សុំទោស​វិញ​នោះ ដើមបណ្ដឹង​នឹង​ទម្លាក់ចោល​ការប្ដឹង​ទាំងអស់​វិញ​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​ប្រកាស ស្ដីពី​ការផ្ទេរ​ភារកិច្ច​លោក​វរសេនីយ៍ទោ ផែង វណ្ណៈ អត្តលេខ​០៧៥៩០ ពី​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង មក​នាយកដ្ឋាន​បុគ្គលិក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ករណី​ល្មើស​វិន័យ បទបញ្ជា​កងកម្លាំង​នគរបាលជាតិ​។​

​នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ ដដែល​នោះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បណ្ដឹង​ពាក់ព័ន្ធ លោក​វរសេនីយ៍ទោ ផែង វណ្ណៈ ហើយ​គណៈកម្មការ​នេះ ត្រូវ​រាយការណ៍ អំពី​លទ្ធផល ស្រាវជ្រាវ ស៊ើបអង្កេត ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច និង​អនុវត្ត​ទៅតាម​នីតិវិធី​៕V​/S

រសៀល​ថ្ងៃនេះ តុលាការក្រុង​ភ្នំពេញ នឹង​ជម្រះក្តី​លោក ផែង វណ្ណៈ និង​លោកស្រី ហង្ស បូរី ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍​