បុរស​ម្នាក់​ត្រូវ​រថយន្តទួរីស​បុក​ស្លាប់​ពេល​កំពុង​ជិះ​ម៉ូតូតាម​ផ្លូវ​លេខ​៤១

ខេត្ត​កំពង់​ស្ពឺ ៖ រថយន្ត​ទួ​រី​ស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​​​ កាល​ពី​ម៉ោង៤ និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​២៦ តុលា លើ​ផ្លូវ​លេខ​41​ ចំណុចគីឡូម៉ែត្រ​លេខ​5-6​ ​ស្ថិត​ក្នុង​ភូមិ​កំណប់ ឃុំ​រលាំង​គ្រើល  ស្រុក​សំរោង​ទង ​។​

ភាគី​រង​គ្រោះ​ជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​គុបជ្រុង គ្មានស្លាកលេខ អ្នក​ស្លាប់​ឈ្មោះ​នៅ មក​រា ភេទ​ប្រុស អាយុ​២៥ឆ្នាំ រស់នៅ​ភូមិសេក​ពង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​ចំណែក​ភាគី​រថយន្ត​បង្ក​១គ្រឿង​ម៉ាក​សាំ​ងយ៉ុ​ង ព​ណ៌លឿង ពាក់​ស្លា​ក​លេខ​ភ្នំពេញ​2AD.9410 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ និង​ទីលំនៅ​។

សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្កធ្វើ​ដំណើរ​​ពី​ជើង​ទៅ​​ត្បូង លុះ​មក​ដល់​ចំណុច​ខាងលើមិន​ដឹង​យ៉ាង​ម៉េច​​ស្រាប់តែ​បុក​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​គុបជ្រុង គ្មាន​ស្លា​កលេខ ដែល​កំពុង​ធ្វើ​ដំណើរបញ្ច្រាសទិស​គ្នា​ពេញទំហឹងបណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

លោក​វរ​សេនី​យ៍ត្រី​ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវ​បាន​ស្គាល់​អ​ត្តសញ្ញាណ​នោះ​ទេ ​ព្រោះ​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ដោយ​បន្សល់​ទុក​តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ៕