ករណី​វាយ​តំណាងរាស្ត្រ៖ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​ចម្រុះ ស៊ើបអង្កេត​ស្វែង​រកមុខ​ជនដៃដល់

ក្រសួងមហាផ្ទៃ កំពុង​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​បើក​ការស៊ើបអង្កេត​ស្វែងរក​ជនដៃដល់ ដែល​បាន​ប្រើ​អំពើហិង្សា ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ២រូប បណ្ដា​ឲ្យ​រងរបួស​ធ្ងន់​កាលពី​ម្សិលមិញ មក​ផ្តន្ទាទោស​តាមច្បាប់។ កាលពី​ថ្ងៃទី២៦ តុលា មាន​បាតុករ​មួយក្រុម​តូច បាននាំគ្នា​ព្រួត​វាយ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ២រូប ដែល​បានចេញ​មកពី​កិច្ចប្រជុំ​ក្នុង​រដ្ឋសភា។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ​គ័ បាន​បញ្ជាក់ថា នៅពេលនេះ​ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​គណកម្មកា​រ​ចម្រុះ​មួយ ដើម្បី​បើក​ការស៊ើបអង្កេត​ស្វែង​រកមុខ​បាតុករ ដែល​បាន​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ផ្តន្ទាទោស​តាមច្បាប់។ លោក ខៀវ សុភ​គ័ បាន​បញ្ជាក់ថា ទង្វើ​ប្រើ​អំពើហិង្សា​របស់​ក្រុមបាតុករ​មួយចំនួន​តូច​នោះ គឺជា​ទង្វើ​ខុសច្បាប់​ដែល​មិនអាច​លើកលែងទោស​ឲ្យ​បាន។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា«យើង​កំពុងដំណើរការ​រៀបចំ​គណៈកម្មការ​ចម្រុះ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​បាតុករ ដែលជា​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​មានការ​សោកស្ដាយ​ចំពោះ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​ជន​អនាធិបតេយ្យ​នេះ។ហើយ​យើង​សូម​មិន​គាំទ្រ​ចំពោះ​អំពើហិង្សា​នេះឡើយ»។

កាលពី​ថ្ងៃទី២៦ តុលា ម្សិលមិញ​នេះ​ក៏មាន​បាតុករ​មួយក្រុម​តូច បាន​ប្រើ​អំពើហិង្សា​លើ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ២រូប គឺ​លោក គង់ សុភា និង​លោក ញ៉យ ចំរើន ខណៈដែល​តំណាងរាស្ត្រ​ទាំងពីរ​នេះ ចាក​ចេញពី​កិច្ចប្រជុំ​ក្នុង​រដ្ឋសភា ។ ហើយ​នៅ​ព្រឹក​ថ្ងៃទី ២៧ តុលា គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​បញ្ជូន​តំណាងរាស្ត្រ​របស់​របស់​ខ្លួន​ដែល​ទទួលរង​អំពើហិង្សា​ទាំងពីរ​រូបនេះ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។

បើតាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មូល​ហេតុដែល​គណបក្ស​នេះ សម្រេច​បញ្ជូន​លោក​តំណាងរាស្ត្រ​ទាំងពីរ​ទៅ​ព្យា​ល​បាល​នៅ​ថៃ ដោយសារតែ​លោក គង់ សភា និង​លោក ញ៉យ ចំរើន មាន​របួសធ្ងន់ និង​បាក់ឆ្អឹង​ជាច្រើន​កន្លែង៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​