លោក ​ហូ​ឡង់​ អំពាវនាវ​ឲ្យ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​សន្ទនា​ក្នុង«ក្របខណ្ឌដែលស្ងប់»

​ក្រុងប៉ារីស​៖ នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័រ ហូ​ឡង់ បាន​លើកទឹកចិត្ត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ឲ្យ​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គ្រប់​គណបក្សនយោបាយ ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ខែកក្កដា ឆ្នាំ​២០១៤ ។ លោក​ហូ​ឡង់​ក៏បាន​ថ្លែងអំណរគុណ​លោក​ហ៊ុន សែន ផងដែរ ដែល​បាន​បញ្ជូន​កងទ័ព​ឲ្យ​ទៅ​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ​ក្នុង​ការរក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេស​ដូចជា អាហ្វ្រិក​កណ្តាល ម៉ាលី រឺក៏​លី​បង់​ជាដើម​។​

​ក្នុងជំនួប ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រធានាធិបតី​បារាំង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វប្បធម៌​សន្ទនា​នយោបាយ រវាង​គ្រប់​គណបក្សនយោបាយ​នៅ​កម្ពុជា ក្នុង​ក្របខណ្ឌ​ដែល​ស្ងប់ ពោលគឺ​ចៀស​ផុតពី​ភាព​តានតឹង ពី​អារម្មណ៍​តានតឹង​។ រដ្ឋាភិបាល​បារាំង ក៏បាន​លើកឡើង​ពី​បំណង​បារាំង​ក្នុងការ​ជ្រោមជ្រែង កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ ក្នុង​ក្របខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស​ផងដែរ​។

​ការអំពាវនាវ នេះ​ធ្វើឡើង​ស្របពេល​កម្ពុជា​កំពុង​ជួប​ភាព​តានតឹង​នយោបាយ​។ ទន្ទឹមនេះដែរ រដ្ឋាភិបាល​បារាំង​តែងមាន​ប្រពៃណី​ទំនៀមទម្លាប់​លើកឡើង​ពី​ជំហរ​នៃការគោរព​សិទ្ធិមនុស្ស ពី​ស្ថានភាព​តានតឹង​នយោបាយ ពេល​ដែលមាន​ជំនួប​ជាមួយ​តំណាង​រដ្ឋាភិបាល រឺ​បក្សនយោបាយ​ណាមួយ មកពី​បណ្តា​ប្រទេស​ដែល​កំពុងមាន​ភាព​តានតឹង​នយោបាយ​។ មុន​ជំនួប​រវាង​លោក​ហូ​ឡង់ ជាមួយ​លោក​ហ៊ុន សែន បណ្តា​អង្គការសិទ្ធិមនុស្ស​ដូចជា ADHOC, LICADHO និង​សម្ព័ន្ធ​សិទ្ធិមនុស្ស​នៅ​បារាំង បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​ហូ​ឡង់ បរិហារ​ពី​បញ្ហា​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លើសពីនេះ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​កន្លងទៅ មុន​លោក​ហ៊ុន សែន មកដល់​ក្រុងប៉ារីស ប្រជាជន​ខ្មែរ​មួយចំនួន​ដែល​រស់នៅ​ស្រុក​បារាំង​បាននាំគ្នា​ធ្វើបាតុកម្ម ទាមទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ពី​អំណាច​។​

​បារាំង​និង​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD​។ គួរ​បញ្ជាក់ថា បា​រាំងជា​ប្រទេស​ផ្តល់ជំនួយ​ទ្វេភាគី​លំដាប់​ទី​២​ដល់​កម្ពុជា​។ ដោយឡែក នៅ​ចុងខែ​វិច្ឆិកា​ខាងមុខ បារាំង​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​។ លោក​ហូ​ឡង់ បាន​លើកឡើងថា កម្ពុជា​ក៏​ជា​ប្រទេស​ដែល​រង​ការប៉ះពាល់​ពី​ការ​កើន​សីតុណ្ហភាព​ភពផែនដី​ផងដែរ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​