​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ពិចារណា​លុប​ចោល​​​សិទ្ធិសម្រាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​រស់​នៅ​ផ្នែក​ខាង​កើត​​ទី​ក្រុង​ហ្ស៊េរុយសាឡិម

​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ពិចារណា​លុប​ចោល​​​សិទ្ធិសម្រាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​រស់​នៅ​ផ្នែក​ខាង​កើត​​ទី​ក្រុង​ហ្ស៊េរុយសាឡិម

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និយាយ​ទៅ​កាន់​លោក​ឧត្តម​សេនីយ៍​ត្រី​ Eliezer Toledano​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​នៅ​ក្នុង​ការិយាល័យ​របស់​លោក​​ ក្នុង​ទីក្រុង​ហ៊្សេរុយសាឡិម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ​២០១៥។​

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ពិចារណា​លុប​ចោលអត្ថប្រយោជន៍​ខ្លះ​និង​សិទ្ធិ​នៃ​ការធ្វើ​ដំណើរ​សម្រាប់​ជន​ជាតិ​ប៉ាឡេស្ទីន​រស់​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ទី​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) ជា​ការឆ្លើយ​តប​នឹង​អំពើ​ហិង្សា​ដែល​បន្ត​មានរវាង​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ និង​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល។​

ក្រុម​មន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​លោក​ Netanyahu ​បាន​បញ្ជា​ឱ្យ​មាន​ការពិនិត្យ​សើរើ​ជា​ថ្មី​នូវ​គោល​នយោបាយ​ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​ខាង​សង្គមកិច្ច​អ៊ីស្រាអែល​ទៅ​ឱ្យ​ជន​ជាតិប៉ាឡេស្ទីន​ នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ទី​ក្រុងហ្ស៊េរុយសាឡិម​ និង​លទ្ធភាព​នៃ​ការធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ដែល​ជា​សិទ្ធិ​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ West Bank ​មិន​មាន។

នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បាន​ចាប់ផ្តើម​មាន​កាល​ពី​ខែ​មុន​ នៅ​ឯ​កន្លែង​ពិសិដ្ឋ​សំខាន់​មួយ​ក្នុង​ទី​ក្រុង​ហ្ស៊េរុយសាឡិម​ ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​១០​នាក់​ត្រូវ​បាន​សម្លាប់​ ភាគ​ច្រើន​ដោយ​ការ​ចាក់​សម្លាប់​ ហើយ​ជន​ជាតិ​ប៉ាឡេស្ទីន​៥១​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ ដោយ​មាន​រួម​បញ្ចូល​៣០​នាក់​ជា​អ្នក​ធ្វើការ​វាយ​ប្រហារ នេះ​បើ​តាម​ការ​បញ្ជាក់​អត្តសញ្ញាណ​ដោយ​អ៊ីស្រាអែល​។

លោក​ Netanyahu បាន​ត្អូញ​ត្អែរ​អំពី​អ្វី​ដែល​លោក​ហៅ​ថា​ភាព​គ្មាន​ច្បាប់​ទម្លាប់​ក្នុង​សង្កាត់​ប៉ាឡេស្ទីន​។

នៅ​ក្នុង​អំពើ​ហិង្សា​ថ្មីៗ​បំផុត​កាល​ពី​ថ្ងៃ​ចន្ទ​ កង​កម្លាំង​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​បុរស​ប៉ាឡេស្ទីន​វ័យ​ក្មេង​ម្នាក់​ ដែល​ពួក​គេ​បាន​និយាយ​ថា​បាន​ចាក់​និង​ធ្វើ​ឱ្យ​របួស​ទាហាន​ម្នាក់​នៅ​ជិត​ក្រុង​ Hebron៕