លោក សម រង្ស៊ី៖ ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គឺ​ជា​ការ​សងសឹក

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​អំពើ​ហិង្សា​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​រូប​ពី​សំណាក់​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នៅ​មុខ​មន្ទីរ​រដ្ឋសភា។ ទោះ​បី​យ៉ាង​ណា​ក្តី លោក​ស្នើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​បន្ត​ធ្វើ​ការងារ​នៅ​រដ្ឋសភា​ដើម្បី​បម្រើ​រាស្ត្រ​តាម​ធម្មតា។

លោក សម រង្ស៊ី ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​បារាំង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទីក្រុង​ប៉ារីស ថា ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​ទាំង​ពីរ​ជា​ការ​សងសឹក​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ក្រុម​បាតុករ​ខ្មែរ-​បារាំង បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​បារាំង។

​លោក សម រង្ស៊ី៖ «មិន​ថា​បក្ស​ណា ឬ​បក្ស​ណា​ទេ តែ​តំណាងរាស្ត្រ​ត្រូវ​មាន​សិទ្ធិ​សំដែង​មតិ​បំពេញ​ការងារ​ពួកគេ ហើយ​មិន​ត្រូវ​រងគ្រោះ​ដោយ​អំពើ​ហិង្សា ការ​វាយ​ដំ និង​ធ្វើ​បាប​ដូច​នៅ​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ​ទេ»

​ប្រតិកម្ម​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រុម​បាតុករ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​វាយ​ប្រហារ​ឲ្យ​រង​របួស​ធ្ងន់។

លោក សម រង្ស៊ី គ្រោង​នឹង​ប្ដឹង​ទៅ​ស្ថាប័ន​អន្តរជាតិ និង​អង្គការ​សិទ្ធិមនុស្ស​ពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។ លោក​ស្នើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​បន្ត​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ ដោយ​កុំ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព៖ «អត់​មាន​លាក់​ខ្លួន​អ្វី​ទេ។ បើ​គេ​ហ៊ាន​ចូល​ទៅ​ចាប់​មនុស្ស​នៅ​ក្នុង​រដ្ឋសភា ចាប់​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ទៅ​វាយ​ដំ ឬ​សម្លាប់​គឺ​ចប់​ហើយ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ចប់​ហើយ​នៅ​កម្ពុជា។ បើ​ចប់​ហើយ​វា​ចប់​ទៅ ខ្ញុំ​ក៏​អស់​ចិត្ត​ដែរ»

លោក សម រង្ស៊ី សរសេរ​ក្នុង​ទំព័រ (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​២៦ តុលា ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​បំណង​រារាំង​ដំណើរ​ការ​បោះឆ្នោត​ដោយ​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី​នឹង​អាច​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​បាន។

លោក សម រង្ស៊ី បន្ត​ទៀត​ថា លោក ហ៊ុន សែន ដឹង​ថា គណបក្ស​កាន់​អំណាច​នឹង​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​បាន។ លោក​ថា លោក ហ៊ុន សែន ជ្រើស​រើស​មធ្យោបាយ​ប្រើ​អំពើ​ហិង្សា​គំរាមកំហែង និង​បំភិតបំភ័យ​ពី​អសន្តិសុខ​ជាតិ និង​សង្គ្រាម​ក្នុង​ស្រុក​ដើម្បី​បន្ត​កាន់​អំណាច​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។