ឃួន ឡាបូរ៉ាវី ​សង្ឃឹម​៨០​% ​​ឈ្នះ​ក្រុម​ឡាវ​ និង​មីយ៉ាន់ម៉ា​ ​នៅ Toyota Mekong Cup


ឃួន ឡាបូរ៉ាវី ​សង្ឃឹម​៨០​% ​​ឈ្នះ​ក្រុម​ឡាវ​ និង​មីយ៉ាន់ម៉ា​ ​នៅ Toyota Mekong Cup

ឃូន ឡាបូរ៉ាវី ​ប្រធាន​ក្រុម​បឹង​កេត​អង្គរ បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា​រូប​គេ​មាន​សង្ឃឹម​ខ្ពស់​ដល់​ទៅ​៨០​%​ ​យក​ជ័យជម្នះ​ក្នុង​វគ្គ​ជម្រុះ​ដំបូង​ពាន​រង្វាន់ Toyota Mekong Cup 2015 ​ជាមួយ​ក្លិប Lao Toyota FC ​របស់​ប្រទេស​ឡាវ​និង​ក្រុម Yangon United ​របស់​មីយ៉ាន់ម៉ា​បាន។

 

ឃួន ឡាបូរ៉ាវី ​សង្ឃឹម​៨០​% ​​ឈ្នះ​ក្រុម​ឡាវ​ និង​មីយ៉ាន់ម៉ា​ ​នៅ Toyota Mekong Cup

 ឃួន ឡាបូរ៉ាវី

 

បឹង​កេត​អង្គរ​ជា​ក្លិប​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup 2015 ​នេះ ដោយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​ឡាវ និង​មីយ៉ាន់ម៉ា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។ មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នេះ​ដែរ ខ្សែ​ប្រយុទ្ធ ឃូន ឡាបូរ៉ាវី ​ដែល​ត្រូវ​ជា​ប្រធាន​ក្រុម​របស់​បឹងកេត​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ផ្សារ​ AEON ​ថា​រូប​គេ​ក៏​ដូច​ជា​សមាជិក​ក្នុង​ក្លិប​ទាំង​អស់​មាន​ទំនុក​ចិត្ត​ថា​ឈ្នះ​ក្រុម​ខ្លាំង​ទាំង​ពីរ​ខាង​លើ​បាន ព្រោះ​សមត្ថភាព​កីឡាករ​ពួកគេ​ក៏​មិន​លើស​កម្ពុជា​ប៉ុន្មាន​ដែរ។

 

ងាក​ទៅ​ខាង ​លោក បែ មករា ​អ្នក​ចាត់​ការ​របស់​ក្លិប​បឹងកេត​បាន​លើក​ឡើង​ចំពោះ​រឿង​ខាង​លើ​ដែរ​ថា​បឹង​កេត​មាន​សង្ឃឹម​ច្រើន​ថា​ឈ្នះ ព្រោះ​ក្លិប​មាន​ទម្រង់​លេង​ល្អ​ហើយ​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់។ អ្វី​ដែល​ជា​ចំណុច​សំខាន់ លោក​បាន​សួរ​ទម្រង់​លេង​របស់​ក្លិប​នៅ​ឡាវ​រួច​រាល់​អស់​ហើយ ពី​មិត្តភ័ក្ដិ​របស់​លោក​ដែល​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ទី​នោះ ។

 

ឃួន ឡាបូរ៉ាវី ​សង្ឃឹម​៨០​% ​​ឈ្នះ​ក្រុម​ឡាវ​ និង​មីយ៉ាន់ម៉ា​ ​នៅ Toyota Mekong Cup

 កីឡាករ​ក្រុម​បឹងកេត​ថតជាមួយ​ថ្នាក់ដឹកនាំ Toyota Mekong Cup

 

ចំពោះ​ក្លិប​របស់​ប្រទេស​មីយ៉ាន់ម៉ា Yangon United ​វិញ ​លោក បែ មករា ​បាន​បន្ត​ថា​៖ “ពួកគេ​មាន​កម្រិត​លើ​យើង​បន្តិច​មែន ប៉ុន្តែ​ប្រកួត​នោះ​លេង​នៅ​ដី​យើង ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ ក៏​ដូចជា​សមត្ថភាព​កីឡាករ​ផ្ទាល់​អាច​នឹង​ឱ្យ​កម្ពុជា​មាន​សង្ឃឹម​បាន ហើយ​ខាង​ Yangon ​ក៏​ពិបាក​ធ្វើ​ស៊ី​ហើយ​ដែរ”។

 

ក្រុម​បឹងកេត​អង្គរ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ​ Lao Toyota FC នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ខណៈ​ដែល​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា ​ក្រុម Yangon United ​របស់​មីយ៉ាន់ម៉ា ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ឡាវ​វិញ​ម្ដង ដែល​ទីកន្លែង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ចំពោះ​ប្រកួត​ចុង​ក្រោយ កម្ពុជា​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម Yangon United ​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ បន្ទាប់​ពី​៣​ប្រកួត​នេះ​ចប់ ក្រុម​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ប៉ះ​ជាមួយ​ក្រុម Becamex Binh Duong FC ​របស់​វៀតណាម មុន​ឆ្លង​ទៅ​ប៉ះ​ថៃ​បន្ត​ទៀត៕

 

​អត្ថបទ៖ មុន្នី រម្យ