មាស ចាន់ណា ប្រតិកម្ម​រឿង​លើក​ពេល​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី២


មាស ចាន់ណា ប្រតិកម្ម​រឿង​លើក​ពេល​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី២

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល បាន​សម្ដែង​ការ​អន់​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពេល​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី២ ជាមួយ​ក្រុម​កំពូល​តារាង​បឹង​កេត​អង្គរ ត្រូវ​លើក​រហូត​ដល់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា។

 

មាស ចាន់ណា ប្រតិកម្ម​រឿង​លើក​ពេល​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី២
លោក មាស ចាន់ណា(រូបកណ្ដាល)

 

លោក មាស ចាន់ណា បាន​និយាយ​ថា៖ «លើក​ការ​ប្រកួត​អ៊ីចឹង​ដូច​ជា​មិន​យុត្តិធម៌​សោះ​សម្រាប់​ក្រុម​ខ្ញុំ… ខ្ញុំ​មិន​ថា​អី​ទេ តែ​ចង់​បាន​ការ​ស្មើ​ភាព​គ្នា… ពេល​កីឡាករ​ខ្ញុំ​របួស​ច្រើន​ចាញ់​ជាប់​គ្នា ៥​ប្រកួត​​ក៏​ខ្ញុំ​មិន​ដែល​សុំ​លើក​ពេល​ដែរ… បើ​ដឹង​បែប​នេះ ខ្ញុំ​មិន​ទុក​ជើង​កីឡាករ​ពេល​លេង​ជា​មួយ​ស្វាយ​រៀង​ទេ»។

 

យ៉ាង​ណា​​ក្ដី គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា មិន​ព្រួយ​បារម្ភ​ចំពោះ​ជំនួប​ជើង​ទី២ ឡើយ។ បច្ចុប្បន្ន​កីឡាករ​ទាំង​អស់​របស់​លោក​កំពុង​ពេញ​ជើង​ល្អ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជើង​ទី២ ​នា​ថ្ងៃ​ខាង​មុខ។ ចំណែក​ប្រតិកម្ម​រឿង​លើក​ពេល​ប្រកួត ​មិន​មែន​ដោយសារ​ខ្លាច​ខាង​ក្រុម​បឹងកេតអង្គរ​មាន​កីឡាករ​ពេញ​ជើង​​វិញ​នោះ​ទេ គឺ​លោក​ចង់​បាន​ត្រឹម​តែ​ស្មើ​ភាព​គ្នា​ប៉ុណ្ណោះ។

 

ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​បឹងកេតអង្គរ ៣-១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ(ស្តាត​ចាស់) កាល​ពី​ថ្ងៃ​ទី២៥ កន្លង​ទៅ។ តាម​កាល​វិភាគ​ចាស់ ក្រុម​ទាំង​២ នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​ជើង​ទី២ ​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែ​​ត្រូវ​លើក​ទៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​វិញ ដោយសារ​ក្រុម​បឹងកេតអង្គរ​ជាប់​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ហើយ​កីឡាករ​ជម្រើស​ជាតិ​មួយ​ចំនួន​ត្រូវ​ចូល​រួម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​ប្រ៊ុយណេ​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា៕

 

មាស ចាន់ណា ប្រតិកម្ម​រឿង​លើក​ពេល​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី២

ក្រុម​ណាហ្គាវើល

 

អត្ថបទ៖ គង់ វិសាល