ប្រធានាធិបតី​បារាំងស្នើ ហ៊ុន សែន ​ឲ្យ​ថែរក្សា​«វប្បធម៌​សន្ទនា»


ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានថ្លែងក្នុងជំនួប ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទទី២៦ ខែតុលានេះ ជំរុញឲ្យបន្ត «រប្បធម៌សន្ទនានយោបាយ» រវាងក្រុម​បក្ស​នយោបាយ​នានា នៅក្នុង​ប្រទេស​កម្ពុជា។ វប្បធម៌សន្ទនា ដែល​កំពុង​ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ។
ប្រធានាធិបតី​បារាំងស្នើ ហ៊ុន សែន ​ឲ្យ​ថែរក្សា​«វប្បធម៌​សន្ទនា»

លោក ហ្វ្រង់ស៊័រ ហូឡង់ ដឹកដៃលោក ហ៊ុន សែន ចូលក្នុងវិមានប្រធានាធិបតីបារាំង អេលីហ្សេ។ (រូបថត elysee.fr)

ប្រធានធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ បានលើកឡើងពីសារៈសំខាន់ ដែលវប្បធម៌សន្ទនា ត្រូវបន្តធ្វើ​ទៅ​ទៀត នៅក្របខណ្ឌ​ដើម្បីកាត់បន្ថយ​កំដៅនយោបាយ រវាងក្រុមអ្នកនយោបាយនានា បន្ទាប់ពីកិច្ចព្រមព្រៀង​នយោបាយ កាលពីខែកក្កដា ឆ្នាំ២០១៤។ នេះជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញ​ផ្សាយពីខុទកាល័យប្រធានាធិបតីបារាំង បន្ទាប់ពីជំនួប រវាងប្រមុខរដ្ឋបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរឲ្យដឹងទៀតថា លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ បានបង្ហាញ​ពីបំណងរបស់ប្រទេសបារាំង ក្នុងការជួយកម្ពុជា ឲ្យដើរនៅលើផ្លូវ នៃការអភិវឌ្ឍន៍ និងលិទ្ធិប្រជាធិបតេយ្យ ដោយត្រូវគោរពសិទ្ធិមនុស្ស យ៉ាងខ្ជាប់ខ្ជួន។

កំដៅនយោបាយកម្ពុជា បានកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​បីទសវត្សន៍របស់កម្ពុជា បានបង្ហាញសាច់ដុំរបស់ខ្លួន កាន់តែខ្លាំងឡើង នៅចំពោះក្រុមអ្នកនយោបាយប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ ដើម្បីលើកតម្កើនសិទ្ធិមនុស្ស នៅក្នុងប្រទេស។ រាប់តាំងពីខែ​កក្កដា ឆ្នាំ២០១៤កន្លងមក សមាជិក និងអ្នកគាំទ្រជាច្រើន របស់គណបក្សប្រឆាំង ត្រូវបានចាប់ឃុំក្នុង​ពន្ធនាគារ នៅក្នុងហេតុការណ៍ជាច្រើន កើតឡើងបន្តបន្ទាប់គ្នា។

វិមានប្រធានាធិបតីបារាំង បានឲ្យដឹងទៀតថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងប្រទេសកម្ពុជា និង​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងត្រូវធ្វើក្នុងពេលខាងមុខនេះ។ បារាំង គឺជាប្រទេសទីពីរ ដែលបានផ្ដល់ជំនួយ​ច្រើន​ជាងគេ ដល់ប្រទេសកម្ពុជា។ នៅក្នុងជំនួប រវាងមេដឹកនាំទាំងពីរ លោក ហ្វ្រង់ស៊័រ ហូឡង់ បាន​ថ្លែង​អំណរ​គុណ ដល់ប្រទេសកម្ពុជាដែលបានចូលរួម ក្នុង«បេសកកម្មថែរក្សាសន្តិភាព» របស់អង្គការសហប្រជាជាតិ នៅ​ក្នុង​ប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់៕