បារាំងផ្តល់ កម្ចីសម្បទាន ដល់កម្ពុជា លើ៤គម្រោង

ភ្នំពេញ៖ កម្ពុជា-បារាំង បានចុះហត្ថលេខា លើឯកសារសំខាន់ ចំនួន៦ដែលផ្តោតសំខាន់ ទៅលើវិស័យអប់រំ ទឹកស្អាត ទេសចរណ៍ និងអគ្គិសនីនៅកម្ពុជា តាមតំបន់ជនបទ។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោយជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ លោក Laurent Fabiusរដ្ឋមន្រ្តីក្រសួងការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ បើយោង តាមបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់សម្តេចតេជោ។

ឯកសារសំខាន់ៗចំនួន៦រួមមាន៖ ១-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់៩លានអឺរ៉ូ សម្រាប់អនុវត្តគំរោង ផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ ២-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់១១លានអឺរ៉ូ សម្រាប់គំរោង សាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ ៣-កិច្ចព្រម ព្រៀង ស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ១៤លានអឺរ៉ូ សម្រាប់គំរោងពង្រីងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ ដែលចុះហត្ថលេខា ដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ លោក Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា។ ៤-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ៧០លានអឺរ៉ូ សម្រាប់គំរោង សាងសង់ប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង ចុះហត្ថលេខារវាង លោក កែវ រតនៈ អគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា ជាមួយលោក Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍។

ជាមួយគ្នានេះមានឯកសារចំនួនពីរផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខាដោយឡែក ក្នុងនោះគឺ៖ ៥-អនុសញ្ញា ស្តីពី បត្យាប័ន ចុះហត្ថលេខារវាងលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយ លោកស្រី Christiane TAUBIRA រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំង និង ៦-កិច្ចព្រមព្រៀងស្តីពីការផ្តុំបដិមាករខ្មែរ រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរ Guimet បារាំង ចុះហត្ថលេខាដោយលោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ និង លោក គង់ វិរៈ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងនាយកសារមន្ទីរ Guimet បារាំង៕

បារាំងផ្តល់ កម្ចីសម្បទាន ដល់កម្ពុជា លើ៤គម្រោង

បារាំងផ្តល់ កម្ចីសម្បទាន ដល់កម្ពុជា លើ៤គម្រោង

បារាំងផ្តល់ កម្ចីសម្បទាន ដល់កម្ពុជា លើ៤គម្រោង