រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ វាយប្រហារបីប្រទេស បន្សល់ទុកអ្នកស្លាប់ និងរងរបួសជាង ១ពាន់នាក់

អ៊ីស្លាម៉ាបាដ៖ របាយការណ៍ជាផ្លូវការ និងបឋមមួយ បានឲ្យដឹងថាចំនួន មនុស្សស្លាប់កើន ឡើងដល់ ២២០នាក់ ហើយ និងយ៉ាង ហោចណាស់ មានមនុស្ស រាប់រយនាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី នៅ ព្រំដែនប្រទេសចំនួនបី គឺ អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងរាលដាលដល់ ប្រទេសឥណ្ឌា ផងដែរ។

នេះបើយោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០១៥។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មនុស្សស្លាប់ទំាងអស់ បាន កើនឡើងដល់ ចំនួន ២២០នាក់ហើយ ។ អ្នកស្លាប់ភាគច្រើន ត្រូវបានគេរាយការណ៍មកថា ដោយសារតែ មានការបាក់សង្កត់លើ និងដួលរំលំ ដើមឈើ និងដំបូង ផ្ទះ សម្បែង ខណៈដែលពួកគេ មិនបានប្រុងប្រយ័ត្នជាមុនសោះ។

ក្រោយទទួលរងគ្រោះ រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រនេះ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ បច្ចុប្បន្នរដ្ឋាភិបាល ប៉ាគីស្ថាន និងកងកម្លាំងប្រដាប់អាវុធ បានបើក ប្រតិបត្តិការជួយសង្គ្រោះនៅតាមតំបន់ ជាកន្លែង ដែលកម្រិតរញ្ជួយមាន រង្វាស់ ៨,១ រ៉ិចទ័រ ដោយបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ២២០នាក់ហើយ ដោយតួលេខនេះអាចនឹង មានការ កើនឡើង ពីព្រោះថាប្រតិបត្តិការជួយសង្គ្រោះនៅកំពុងដំណើរនៅឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីជាងមួយទសវត្សរ៍មុន មានករណីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារ ម្ដងរួច មកហើយ ស្ថិតនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន ដោយបាន បន្សល់ទុកអ្នកស្លាប់៧៥.០០០នាក់ និងរបួសជាច្រើន នាក់ទៀត៕

រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ វាយប្រហារបីប្រទេស បន្សល់ទុកអ្នកស្លាប់ និងរងរបួសជាង ១ពាន់នាក់