ជនជាតិស៊ីរី ១២ម៉ឺននាក់ទៀត ភៀសខ្លួន ដោយសារតែ សង្គ្រាមក្នុង ខែតុលានេះប៉ុណ្ណោះ

យូអិន៖ សហគមន៍មនុស្សធម៌ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ក៏មានប្រជាជនស៊ីរី ចំនួន ១២០.០០០ នាក់ដែរ បានភៀសខ្លួនចេញ ពីទីខេត្ត អាឡេប៉ូ ហាម៉ា និង អ៊ីដលីប នៅក្នុង អំឡុងខែតុលា ឆ្នាំ ២០១៥ នេះ បន្ទាប់ពីការប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមឧទ្ទាម បាន និង កំពុងធ្វើឡើងយ៉ាងក្តៅគគុក នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០១៥ នេះដោយ ដកស្រង់សម្តីរបស់អ្នក នាំពាក្យយូអិន លោក ស្ទេហ្វិន ដួហ្សារិក ថា “ប្រជាជន បានធ្វើការ ភៀសខ្លួន បន្ទាប់ពីទីក្រុងរបស់ពួកគេ បាន ទទួល រងការគម្រាមកំហែង ដោយសារតែការ ប្រយុទ្ធគ្នា។ ពួកគេបានភៀសខ្លួនទៅរស់នៅជុំរុំ ក្បែរព្រំដែនជាមួយ នឹងប្រទេសតួកគី។”

ឆ្លើយតបទៅនឹងការជម្លៀសដ៏ច្រើនសន្ធឹកសន្ធាប់នេះ មន្ត្រីអង្គការសហប្រជាជាតិបានអះអាង ថា កម្លាំងរបស់ខ្លួន បានត្រៀមនូវតំរូវការចំបាច់ដូចជា ចំណីអាហារ ទឹក តង់ និង ថ្នាំសង្កូវ ជាដើម ដើម្បីជួយផ្គត់ផ្គង់ ដល់ជនភៀសខ្លួន ទាំងនោះឲ្យបានទាន់ពេល។

គួរបញ្ជាក់ថា សង្គ្រាមស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ មក បានបណ្តាលឲ្យមនុស្ស ២៥០.០០០ នាក់បាត់បង់ជីវិត និង ១១លាននាក់ រត់ភៀសខ្លួនទាំងនៅក្នុងប្រទេស និង ទៅក្រៅ ប្រទេស៕

ជនជាតិស៊ីរី ១២ម៉ឺននាក់ទៀត ភៀសខ្លួន ដោយសារតែ សង្គ្រាមក្នុង ខែតុលានេះប៉ុណ្ណោះ