អាមេរិក​កំពុង​ដុត​កំហឹង​ក្រុង​ប៉េកាំង​ ដោយ​ត្រៀម​បញ្ជូន​នាវាចម្បាំង ​ទៅ​ក្បែរ​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាង​ត្បូង​


អាមេរិក​កំពុង​ដុត​កំហឹង​ក្រុង​ប៉េកាំង​ ដោយ​ត្រៀម​បញ្ជូន​នាវាចម្បាំង ​ទៅ​ក្បែរ​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាង​ត្បូង​

កងទ័ព​ជើង​ទឹក​អាមេរិក​គ្រោង​បញ្ជូន​​នាវា​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​កោះ​សិប្បនិមិត្ត​ចិន​ ដែល​កំពុង​សាង​សង់​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​មាន​ជម្លោះ ​នៅ​ថ្ងៃ​អង្គារ​ ទី​២៧តុលា​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​អាមេរិក​ម្នាក់។

 

និយាយ​ក្នុង​លក្ខខណ្ឌ​​មិន​បញ្ចេញ​ឈ្មោះ ​មន្ត្រី​រូប​នោះ​ប្រាប់​សារព័ត៌មាន​បារាំង​ AFP ​ថា ​​នាវា​ចម្បាំង​ផ្ទុក​មីស៊ីល​ USS Lassen ​​ នឹង​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ ​២២​គីឡូម៉ែត្រ​​ពី​ប្រជុំ​កោះ​ជម្លោះ​ Spratly។

 

អាមេរិក​កំពុង​ដុត​កំហឹង​ក្រុង​ប៉េកាំង​ ដោយ​ត្រៀម​បញ្ជូន​នាវាចម្បាំង ​ទៅ​ក្បែរ​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាង​ត្បូង​

 

 

ភាព​តាន​តឺង​បាន​បន្ត​កើន​ឡើង​ ចាប់​តាំង​ពី​ចិន​​ប្រែក្លាយ​​ថ្ម​ប៉ប្រះ​ទឹក​ទៅ​ជា​កោះ​ក្នុង​​សមុទ្រ ធ្វើ​ឲ្យ​មាន​ការ​​ព្រួយ​បារម្ភ​​ពី​ប្រទេស​​ជាប់​របង​ជា​ច្រើន​ និង​កូន​កោះ​តូច​ៗ​​មួយ​ចំនួន​​​ត្រូវ​ចិន​ដាក់​សម្ភារៈ​យោធា ដែល​ចំណាត់​ការ​នេះ​អាមេរិក​ហៅ​ថា​ ជា​ការ​គំរាម​កំហែង​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក។

 

ទីក្រុង​វ៉ាស៊ីនតោន​​បាន​និយាយ​ច្រើន​លើក​ច្រើន​សារ​ថា​ ខ្លួន​មិន​បាន​ទទួលស្គាល់​​ការ​អះអាង​របស់​ចិន​​ចំពោះ​ដែន​ទឹក​​ជុំ​វិញ​កោះ​សិប្បនិមិត្ត​នេះ​ទេ។ មន្ត្រី​អាមេរិក​ដដែល​ថា​ “យើង​ប្រតិបត្តិការ​តាម​ធម្មតា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​យើង​នឹង​ធ្វើ​ដំណើរ​តាម​ដែន​ទឹក​អន្តរជាតិ​នៅ​ពេល​​​ណាមួយ”។

 

លោក​បន្ថែម​ថា ​នាវា​ USS Lassen នឹង​ធ្វើ​ដំណើរ​ទៅ​ជិត​កោះ​តូច​ៗ​ផ្សេង​គ្នា​ ដើម្បី​ធានា​ថា​ការ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព។

 

ទីក្រុង​ប៉េកាំង​ទទូច​ថា ​ខ្លួន​​​មាន​សិទ្ធិ​អធិបតេយ្យ​ភាព​​ ស្ទើរ​ទាំង​អស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ សូម្បី​តែ​ដែន​ទឹក​នៅ​ជិត​ឆ្នេរ​ប្រទេស​ផ្សេងៗ។

 

សមុទ្រ​នេះ​​គឺ​ជា​ផ្លូវ​ទឹក​​យុត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​កប៉ាល់​ដឹក​ឆ្លង​កាត់ ​ដែល​ស្មើនឹង​ប្រមាណ ១ភាគ៣ នៃ​ពាណិជ្ជកម្ម​ប្រេង​ពិភព​លោក​បាន​ឆ្លង​កាត់​ តែ​ជម្លោះ​​នេះ​​បាន​ធ្វើ​ឲ្យ​មានការ​​ព្រួយ​បារម្ភ​នៃ​ការ​ប៉ះ​ទង្គិច​នានា។

 

​ប្រទេស​ចំនួន​​៤​នៅ​អាស៊ាន​មាន​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​វៀតណាម ក៏​បាន​​អះអាង​​ផ្នែក​ខ្លះ​នៃ​សមុទ្រ​​ជា​របស់​ខ្លួន​ដែរ។ ឯ​កោះ​តៃវ៉ាន់​ក៏​អះ​អាង​​ថា​ ខ្លួន​ក៏​មាន​ចំណែក​​ដែរ៕

 

ចុច​អាន៖ ប្រទេស​​​ចំនួន​១០​ដែល​ចំណាយ​ទឹក​ប្រាក់​មហាសាល​​​លើ​វិស័យ​យោធា

 

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ channelnewsasia