ចោរ​5​នាក់​ប្លន់​ផ្ទះ​ដូរ​លុយ​កណ្តាលថ្ងៃត្រង់​ដេញ​ស្ទាក់​ចាប់​បាន​ម្នាក់

ចោរ​5​នាក់​ប្លន់​ផ្ទះ​ដូរ​លុយ​កណ្តាលថ្ងៃត្រង់​ដេញ​ស្ទាក់​ចាប់​បាន​ម្នាក់

ខេត្តស្វាយរៀង ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បាន​លើកគ្នា​មក​ប្លន់​ផ្ទះ​ដូរ​ប្រាក់ និង​លក់​គ្រឿងទេស​មួយ​ទាំង​កណ្ដាលថ្ងៃត្រង់ ដោយ​វាយ​បំបែក​ទូ​ប្រមូល​យក​លុយ​អស់​ប្រមាណ​៣​លាន​រៀល និង​៧០០​ដុល្លារ រួច​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​អ្នកស្រុក​ឃើញ​ក៏​នាំ​គ្នា​ស្រែក​ឆោឡោ និង​ប្ដឹង​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​ម្នាក់ និង​ម៉ូតូ​ម៉ាក​ស្គូ​ពី​១​គ្រឿង ពាក់ស្លាក​លេខ ភ្នំពេញ ១AW-៩៨៦៣ ដែល​ជិះ​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ តុលា ។ ម្ចាស់ផ្ទះ​ដូរ​លុយ​និង​លក់​គ្រឿងទេស​ឈ្មោះ នុ​ត ផ​ល្លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ។

នគរបាល​ស្រុក​ស្វាយ​ទាប​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរប្លន់​ឈ្មោះ ដួង សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្នេហ៍ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូត ស្រុក​ស្វាយ​ទាប ត្រូវ​បាន​ចាប់ខ្លួន ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​ខណៈ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​ហូប​បាយ​នៅ​ខាងក្រោយ​ផ្ទះ​ជុំ​គ្នា ស្រាប់​តែ​មាន​ចោរប្លន់​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ចូល​ទៅ​រក​ទិញ​ទំនិញ ។ ពេល​នោះ​ដោយ​ឃើញ​ឱកាសល្អ ព្រោះ​ម្ចាស់ផ្ទះ​ហូប​បាយ​នៅ​ខាងក្រោយ​ផ្ទះ ក៏​ធ្វើ​សកម្មភាព​ប្លន់​ភ្លាម​ៗ ដោយ​ចោរ​ម្នាក់​ចូល​វាយ​បំបែក​ទូ​យក​ប្រាក់​ដែល​មាន អស់​៣​លាន​រៀល និង​៧០០​ដុល្លារ រួច​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ ។

ប៉ុន្តែ​ពេល​នោះ​អ្នក​ជិតខាង​ឃើញ ក៏​ស្រែក​ឆោឡោ​ឡើង និង​ប្ដឹង​សមត្ថកិច្ច ព្រមទាំង​ជិះ​ម៉ូតូ​ដេញ​តាម​ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ស្ទាក់​ចាប់ ធ្វើ​ឱ្យ​ក្រុម​ចោរ​ភិតភ័យ​បើក​ម៉ូតូ​គេចខ្លួន បាន​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ក៏​ផ្ដួល​ម៉ូតូ​ស្គូ​ពី​ចោល​រត់​ចូល​ព្រៃ តែ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ទាន់ ក៏​ព័ទ្ធ​ចាប់​បាន​ម្នាក់​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ហើយ​បាន​បញ្ជូន​ទៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​សាកសួរ​រក​បក្សពួក ៕