ករណី​អ្នកមាន​លុយ​អ្នកមានអំណាច ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​

កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អំពើ​រំលោភ​ដីធ្លី​ជិត​២០០​នាក់ បាន​ជួបជុំគ្នា​នៅ​ស្នាក់ការ​សមាគម​អាដហុក គ្រោង​ធ្វើបាតុកម្ម​មុខ​សាលាដំបូង​ខេត្តរតនគិរី ទាក់ទិន​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​អ្នកមានអំណាច​និង​អ្នកមាន​លុយ​។ ប៉ុន្តែ​គម្រោង​បាតុកម្ម​តវ៉ា​មុខ​សាលាដំបូង​ខេត្តរតនគិរី ត្រូវបាន​ផ្អាក​ដោយសារ​ចៅក្រម​ជំនុំជម្រះ​ពន្យារពេល​បើកសវនាកា​រ​ទៅលើ​សំនុំ​រឿងនេះ​។ ការពន្យារពេល​របស់​ចៅក្រម​ជំនុំជម្រះ​អ្នកស្រី សួស ឡា បានធ្វើ​ឲ្យ​មានការ​សង្ស័យ​រឿង​មន្ត្រី​តុលាការ បម្រើ​ផលប្រយោជន៍​អ្នកមាន​លុយ​អ្នកមានអំណាច​ផងដែរ​។

តាម​ប្រភពពី​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​១១២​គ្រួសារ​រស់នៅ​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ហេង សំរិន ប្រធានរដ្ឋសភា អន្តរាគមន៍​ដល់​ពួកគាត់​ករណី​អ្នកមាន​លុយ​អ្នកមានអំណាច​រំលោភ​យ​ក​ដីធ្លី​ពួកគាត់​១៨៦​ហិកតា​។ សេចក្ដីអំពាវនាវ​រប​ស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​ដោយសារតែ​អាជ្ញាធរ​ខេត្តរតនគិរី និង​ស្ថាប័ន​ថា្នក់​ជាតិ មិនអាច​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន ហើយ​សំណុំរឿង​ស្ថិតក្នុង​ដៃ​តុលាការ​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​តវ៉ា​ទាមទារ​យុត្តិធម៌​តាំងពី​ឆ្នាំ​២០១២ ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​បញ្ជាក់ថា លោក ហ៊ាង សុជាតិ បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្ងាត់ៗ​ជាន់​លើ​ដីធ្លី​របស់​ពួកគាត់​ជាង​១០០​គ្រួសារ ដែល​កំពុង​រស់នៅ​និង​អាស្រ័យ​ផលកាល​ពី​ឆ្នាំ​២០១២​។ ប្រជាពលរដ្ឋ​រងគ្រោះ​ធ្លាប់​បានដាក់​ញត្តិ​ទៅ​រដ្ឋសភា​និង​ស្ថាប័ន​ថ្នាក់ជាតិ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ផងដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ស្រែចម្ការ​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជិត​២០០​នាក់​តំណាង​១១២​គ្រួសារ គ្រោង​ទៅធ្វើ​បាតុកម្ម​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្តរតនគិរី ប៉ុន្តែ​ត្រូវបាន​ផ្អាក​វិញ​ដោយសារ​ចៅក្រម​ពន្យារពេល​លើ​រឿងក្ដី​នេះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មន្ត្រី​តុលា​ការផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មោះ ហ៊ាង សុជាតិ ដែល​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​៕

image