ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ គួរពិនិត្យមើល​អំពើ​ខុសច្បាប់​របស់លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​នៅ​ខេត្តក្រចេះ​ជាបន្ទាន់

លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ កំពុង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​យ៉ាង​គឃ្លើន​តាមរយៈ​សុំ​លិខិត​បេសកម្ម​ពី​ថ្នាក់លើ ទៅ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​របស់ខ្លួន​ចេញ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ បាន​រិះគន់ថា​លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ បាន​ប្រើប្រាស់​អំណាច​បញ្ជា​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ ដឹក​ជន្លង់ម្រេច​យ៉ាង​ពេញបន្ទុក ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​និង​ដឹកឈើ​បន្តិចបន្តួច​យកមក​ជួសជុល​លំនៅដ្ឋាន​ក៏ត្រូវ​កូនចៅ​លោក ឈឹម ផល្លី ជំរិត​យកលុយ​ដែរ​។  ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល ស្រុក​សំបូរ និង​ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជន្លង់ម្រេច ត្រូវតែ​បង់លុយ​ឲ្យ​កម្លាំងយោធា​ស៊ើបការណ៍​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​ខេត្ត​។ សូម្បីតែ​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​បន្តិចបន្តួច​ក៏ត្រូវ​ក្រុម​យោធា​កូនចៅ​លោក ឈឹម ផល្លី ជំរិត​យកលុយ​ដោយ​គ្មាន​ការយោគយល់​ដែរ​។ មិនតែប៉ុណ្ណោះ​មន្ត្រី​យោធា​ក្រោម​ការគ្រប់គ្រង​របស់លោក ឈឹម ផល្លី ធ្លាប់ប្រើ​ប្រាស់​រថយន្ត​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​ដើម្បី​ជំរិត​យកលុយ​យ៉ាង​កំរោល​។

ទង្វើ​របស់​មន្ត្រី​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ​ក្រោម​ការគ្រប់គ្រង​របស់លោក ឈឹម ផល្លី កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ហើយ​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ និង​ស្អប់ខ្ពើម​យ៉ាងខ្លាំង​។ ដូច្នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​អំពើអាក្រក់​របស់លោក ឈឹម ផល្លី មេ​យោធា​ស៊ើបការណ៍​ខេត្តក្រចេះ​និង​កូនចៅ​ក្រោម​ឱវាទ​ជាបន្ទាន់ កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា​មន្ត្រី​យោធា​មាន​តួនាទី​ការពារជាតិ​ទឹកដី និង​ការពារ​ប្រជាពលរដ្ឋ ហើយ​គ្មាន​ភារកិច្ច​អ្វី​ទៅ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ​ឬ​ពី​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​នោះទេ​៕

maxresdefault​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ W@t-26103​    ​