នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​

មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ ដែល​ចូលកាន់​តំណែង​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ត្រឹម​ជាង​១​ខែ​ប៉ុណ្ណោះ​ក៏​ចាប់ផ្ដើម​ប្រើ​អំណាច​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឆេង សុវត្ថិ កំពុង​ធ្វើ​សកម្ម​ភាពមិន​ខុសពី​លោក ចាប សុ​ផា​រិ​ទ្ធ អតីត​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដែល​ត្រូវ​ដកហូត​តំណែង​នោះទេ​។ បញ្ហា​នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិនត្រូវ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ទៀតឡើយ​។

​ប្រជាពលរដ្ឋ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​លើ​លោក ឆេង សុវត្ថិ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​លោក ឆេង សុវត្ថិ បានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​តាម​គោលដៅ​ជាច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ គោលដៅ​ដែល​លោក ឆេង សុវត្ថិ ដាក់ពង្រាយ​កូនចៅ​តាមរបៀប​កុងត្រូលជជុះ​មានដូចជា នៅលើ​ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ច្រកព្រំដែន​ស្រុក​ម៉ាឡៃ ច្រក​បឹង​ត្រកួន និង​ច្រក​ប៉ោយប៉ែត​ជាដើម ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ប្រភព​ចំណូល​សំខាន់បំផុត​របស់លោក ឆេង សុវត្ថិ នៅពេលនេះ​គឺ​គាត់​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ឃ្លាំមើល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដើម្បី​ជំរិត​យកលុយ​។ សូម្បីតែ​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​ស្របច្បាប់​និង​គ្រឿងឧបភោគ​បរិភោគ​ដូចជា ត្រី សាច់ បន្លែបង្ការ និង​ផ្លែឈើ​ជាដើម ក៏ត្រូវ​កូនចៅ​លោក ឆេង សុវត្ថិ ជំរិត​យកលុយ​យ៉ាង​កំរោល​ដែរ​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់វិធានការ​លុបបំបាត់​ជាបន្ទាន់ កុំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

Net-savoeun2222