អ្នកប្រដាល់ ៤រូបប្រជែងកៅអី ដណ្តើមជើង ឯកខ្សែក្រវ៉ាត់ TIFFY Super Fight

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាង មុខនេះជាការប្រកួតជម្រុះលើកចុងក្រោយ ក្នុងដំណាក់កាលទី៣ដោយមានអ្នកប្រដាល់ ឡុង សំណាង ក្លឹបសាលវ័ន្តកីឡា អ្នកប្រដាល់ ថន ភឿត ក្លឹបឃ្លាំងមឿងកីឡា អ្នកប្រដាល់ ធន់ ចាន់តាក់ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម និងអ្នកប្រដាល់ ឌុន ប៊ុនធឿន ក្លឹបខេត្តព្រៃវែង ។  

រវាង ឡុង សំណាង និង ថន ភឿត ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ។ កាលពីក្នុងដំណាក់កាលទី១ ឡុង សំណាង បានវាយឈ្នះកីឡាករ ម៉ន គឹមឡុង ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ ហើយក្នុងដំណាក់កាលទី២ គេបានឈ្នះ ផុន ផុល ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុទៀត ។ ថន ភឿត វាយឈ្នះ ផល សីហា ក្លឹបសុភានូ ដោយពិន្ទុដែរ និងលើកទី២ ឈ្នះ យ៉ាម ឡយ ក្លឹបរស្មីកុមារកំព្រាក្នុងទឹកទី២ ។ សម្រាប់ការជួបគ្នារវាង ឡុង សំណាង និង ថន ភឿតនេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា សំណាង ទំនងជាមិនឈ្នះ ថន ភឿត នោះឡើយ ។ ព្រោះ ថន ភឿត វាយបុកខ្លាំង និងមានផ្លែល្អជាងសំណាង ។

ចំពោះការប្រកួតរវាង ធន់ ចាន់តាក់ និង ឌុន ប៊ុនធឿន វិញគូនេះទើបជាគូដែលមានការប្រកួតតឹងតែង ពិបាកទស្សន៍ ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះណាស់ ព្រោះពួកគេទាំងពីរមានសមត្ថភាព និងបច្ចេកទេសប្រហាក់ ប្រហែលគ្នា ។ ប៉ុន្តែយ៉ាងណា ឌុន ប៊ុនធឿន គេជាអ្នកប្រដាល់ស្រករមុន ចាន់តាក់ និងមានកលល្បិច និងបទពិសោធន៍លើរេញច្រើនជាង ចាន់តាក់ ។ ទោះជាយ៉ាងណា អ្នកណាឈ្នះ អ្នកណាចាញ់នោះ មិនអាចទាយមុនបានឡើយ ។

កាលពីប្រកួតក្នុងដំណាក់កាលទី១នោះ ធន់ ចាន់តាក់ វាយឈ្នះ ម៉ឺន ដា ក្លឹបខ្លារខិនមានរិទ្ធដោយពិន្ទុ ដំណាក់កាលទី២ គេឈ្នះ ប្រាក់ រ៉ាម៉ាញ ក្លឹបតាឯកដំបងដែក មានរិទ្ធក្នុងទឹកទី២ ។ ឯ ឌុន ប៊ុនធឿន លើកទី១គេវាយឈ្នះ ធឿន គឹមហៀង ក្លឹបកងពលតូចលេខ៨ ក្នុងទឹកទី២ ហើយលើកទី២ គេឈ្នះ ទេស ឧត្តម ក្លឹបកងពលតូចលេខ៧០ ដោយពិន្ទុ ៕

អ្នកប្រដាល់ ៤រូបប្រជែងកៅអី ដណ្តើមជើង ឯកខ្សែក្រវ៉ាត់ TIFFY Super Fight