តើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកនយោបាយ​កម្ពុជា​រូប​ណា មាន​អ្នក​ចូលចិត្ត​ច្រើនជាងគេ​?

​ភ្នំពេញ​៖ ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក សម្រាប់​ទាក់ទាញ​ប្រជាប្រិយភាព​របស់​អ្នកនយោបាយ កម្ពុជា  គឺជា​រឿង​ពេញនិយម​ខ្លាំងណាស់ នៅក្នុង​ដំណាក់កាល​នៃ​សម័យ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​ទីលាន​នយោបាយ ដ៏​មាន​សារៈសំខាន់ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត ។ ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ អ្នកនយោបាយ​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។ តើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​រូប​ណា មាន​អ្នក​ចូលចិត្ត​ច្រើនជាងគេ​?

​នៅក្នុង​ចំណោម ទំព័រ​ហ្វេ​ស​ប៊ុ​ក អ្នកនយោបាយ​កម្ពុជា​ទាំងអស់ ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ចំនួន​អ្នក​ចូលចិត្ត​(Like)​ច្រើនជាងគេ​នៅថ្ងៃនេះ គឺ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះថា Sam Rainsy គឺមាន​ចំនួន ១,៧៨៤,២៧៤ នាក់ គិត​ត្រឹម​ម៉ោង​៩:៤២​នាទី​។ បើ​ប្រៀបធៀប​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដែលមាន​ចំនួន​អ្នក​ចូលចិត្ត​ចំនួន ១,២៧៦,១៩៦​នាក់ គឺ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី មាន​អ្នក​ចូលចិត្ត​ច្រើនជាង​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន សែន ជាង​កន្លះ​លាន​នាក់ គិត​ត្រឹម​ម៉ោង​៩​និង​៤១​នាទី​។​

​ដោយឡែក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​កម្ពុជា​ល្បីៗ​ដទៃទៀត ដូចជា ទំព័រ​ហ្វេ​ស​ប៊ុ​កលោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះថា Kem Sokha មាន​អ្នក​ចូលចិត្ត ៥០៩,៥០០​នាក់ គិត​ត្រឹម​ម៉ោង​៩​និង​៤៣​នាទី​។ រីឯ​គណនី​ហ្វេ​ស​ប៊ុ​ក លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ឈ្មោះថា Hang Chuon Naron មាន​អ្នក Follow ចំនួន​២៧,៦៥៦ នាក់ គិត​ត្រឹម​ម៉ោង​១០ និង​៤២ នាទី​។ ចំណែកឯ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក យ៉ែម បុញ្ញ​រិ​ទ្ធ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​អ្ន​ចូលចិត្ត​ចំនួន ២១៧,០១៤ នាក់ គិត​ត្រឹម​ម៉ោង​៩ និង​៤៥​នាទី​។ រីឯ​គណនី​ហ្វេ​ស​ប៊ុ​កកូន​ស្រី​លោក​កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា ដែលមាន​ឈ្មោះថា Monovithya Kem មាន​អ្នក​Follow ចំនួន​១១,៩៧៥ នាក់ គិត​ត្រឹម​ម៉ោង​៩​និង​៤៩​នាទី​។ ចំណែកឯ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​ហ៊ុន មា​នី កូនប្រុស​របស់លោក​ហ៊ុន សែន ដែលមាន​ឈ្មោះថា Hun Many មាន​អ្នក​ចូលចិត្ត​ចំនួន ៨២,២៧៦ នាក់ គិត​ត្រឹម​ម៉ោង​៩​និង​៤៦​នាទី​។

​គួរ​បញ្ជាក់ថា មកដល់​ពេលបច្ចុប្បន្ន​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​កម្ពុជា បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ផ្តល់ព័ត៌មាន ដល់​អ្នកសារព័ត៌មាន និង​ផ្សព្វផ្សាយ​ពី​សកម្មភាព​នយោបាយរ​បស់​ខ្លួន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​