ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Widodo ជួប​ជាមួយលោក​ Obama

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Widodo ជួប​ជាមួយលោក​ Obama

លោក​ប្រធានាធិបតី Barack Obama ចាប់​ដៃ​ជាមួយ​លោក​ប្រធានាធិបតី Joko Widodo នៅ​ក្នុ​ងអំឡុង​ពេល​ជួប​ប្រជុំ​នៅ​ការិយាល័យ Oval Office នៃ​​ប្រធានាធិបតី​ក្នុង​​សេតវិមាន កាល​ពី​ថ្ងៃ​ចន្ទ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។​

បញ្ហាប្រែប្រួល​អាកាសធាតុ​ ពាណិជ្ជកម្ម ​និង​កិច្ច​សហប្រតិបត្តិការ​ដែន​សមុទ្រ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ថិត ​នៅ​លើ​គេ​ក្នុង​របៀបវារៈ​នៅ​ពេល​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo ជួប​ជាមួយ​លោក​ប្រធានាធិបតី​ស.រ.អា. Barack Obma នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ។​

លោក​ Widodo ជា​មេដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី​ទី​មួយ​ ដែល​បានអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ស.រ.អា.ក្នុង​ពេល​មួយ​ទសវត្សរ៍​នេះ។​

លោក​បាន​ចូល​មក​កាន់​តំណែង​កាល​ពីមួយ​ឆ្នាំ​មុន​នេះ​ ជា​អ្នក​នៅ​ខាង​ក្រៅ​ក្រុម​វរជន​នយោបាយ​របស់​ប្រទេស​ ដោយ​លោក​បាន​សន្យា​ថា​នឹង​ធ្វើការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ក៏​ប៉ុន្តែ​ដូចជា​លោក​ Obama ដែរ នៅ​ពេល​លោក​ចូល​មក​កាន់​អំណាច​កាល​ពី​៦ឆ្នាំ​មុន​នេះ លោក​បាន​ជួប​ប្រទះ​នឹង​ការពិ​បាក​ជា​ច្រើន​ខាង​សេដ្ឋកិច្ច។

លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រូប​នេះ​កំពុង​ស្វះ​ស្វែង​ទាក់​ទាញ​វិនិយោគ​អាមេរិកាំង​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​លោក ​ដែល​នៅ​ទីនោះ​មាន​តែ​១៧ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​២៥០​លានទេ​ ដែល​មានការ​ទាក់ទង​នឹង​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ហើយ​ជា​ចំនួន​តិច​ជាង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក។​

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ប្រាំ​ថ្ងៃ​របស់​លោក​ក្នុង​ស.រ.អា. ​លោក​នឹង​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ជំនួញ ​ក្រុម​អ្នក​ចាត់​ចែង​ប្រាក់​មូល​និធិ​ និង​ក្រុមអ្នក​ចាត់​ចែង​កិច្ច​ប្រតិបត្តិ​ខាង​បច្ចេកវិទ្យា ​និង​ខាង​រ៉ែ​នៅ​ក្នុង​ទីក្រុង​ San Francisco និង​រដ្ឋធានី​ Washington។​

សេតវិមាន​បាន​និយាយ​ថា ​លោក​អូបាម៉ា​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជិត​ប្រាំ​ឆ្នាំ​ក៏ពិភាក្សា​ជាមួយ​លោក​ Widodo ​ដែរ ​អំពី​បញ្ហា​ការពារ​ប្រទេស​និង​បញ្ហា​សមុទ្រ៕​