ក្រុម​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា​វ័យក្មេង​ខ្មែរ​បង្កើត​មនុស្ស​យន្ត​បម្រើ​វិស័យ​ភោជនីយដ្ឋាន

រាជធានី​ភ្នំពេញ ៖ ការ​អប់រំ​ទំនើប​កម្ម និង​សម្ភារ​និយម​នៅ​ក្នុង​យុគសម័យ​ទំនើប​នា​សតវត្សរ៍​ទី​២១​នេះ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​មួយ​ចំនួន​មានការ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​យ៉ាង ខ្លាំង​ទៅ​លើ​បច្ចេកវិទ្យា ។ បើ​ទោះបីជា​ការ​ប្រឹងប្រែង​របស់​គេ មិន​សង្ឃឹមថា នឹង​ទទួល​បាន​ជោគជ័យ​១០០%​ដូច​ការ​រំពឹង​ទុក​ក៏​ដោយ តែ​វា​ប្រៀប​បាន​នឹង​ការ​ដក​ពិសោធ​មួយ​សម្រាប់​ជំហាន​ដំបូង​នៃ​ការ​សាកល្បង ហើយ​នេះ​ក៏​ជា​មោទនភាព​មួយ​សម្រាប់​កូន​ខ្មែរ​ដែល​មានគំនិត​ច្នៃប្រឌិត​ផង​ដែរ ។

យឹ​ម ប៊ុ​ន​ឆាត ជា​យុវជន​ដែល​មាន​ចំណង់​ចំណូលចិត្ត និង​ស្រឡាញ់​ការ​បង្កើត​ថ្មី​នូវ​សម្ភារ​បែប​ទំនើប​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ។ យុវជន​រូប​នេះ ជា​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​លើក​បច្ចេកវិទ្យា និង​ជា​ប្រធាន​ក្រុម​ArrowDot ដែល​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​វ័យក្មេង​ដែល​បាន​បង្កើត​ឡើង​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២។

យុវជន​វ័យ​២៧​ឆ្នាំ​រូប​នេះ កំពុង​ធ្វើ​មនុស្ស​យន្ត​មួយ​ប្រភេទ​សម្រាប់​រត់​តុ​ក្នុង​ភោជនីយដ្ឋាន ដែល​បាន​សម្រេច​ផល​ប្រមាណ​ជា​៩០​ភាគរយ​ក្នុង​ការ​ដំឡើង បាន​រៀបរាប់​ពី​ការ​លេចឡើង​នូវ​គ្រឹះ​បង្កើត​មនុស្ស​យន្ត​សម្រាប់​រត់​តុ​ដំបូង​នៅ​កម្ពុជា​នេះ ដោយ​លោក​និយាយ​ថា វា​ជា​ផលិតផល​ថ្មី​ក្នុងស្រុក​តែ​មួយ​គត់ ដែល​កំពុង​ផលិត​ឡើង​ដោយ​យុវជន​ក្មេង​ៗ​មួយ​ក្រុម​របស់​កម្ពុជា ។

ប៊ុ​ន​ឆាត​បាន​និយាយ​ថា ៖ « ដោយសារ​ភោជនីយដ្ឋាន​ក្នុងស្រុក​ខ្មែរ​សុទ្ធតែ​ប្រើ​មនុស្ស​ធ្វើការ ដូច្នេះ​វា​[​មនុស្ស​យន្ត​]​នឹង​ក្លាយជា​ការងារ​ថ្មី​មួយ​ដែល​ជួយ​សម្រួល​ដល់​កម្លាំង​ពលកម្ម​មនុស្ស​សម្រាប់​ប្រទេស​ខ្មែរ​យើង » ។

លោក​បន្ថែម​ថា «​ការ​ផលិត​Robot រត់​តុ​នេះ វា​បង្កើត​មុខរបរ​ថ្មី​សម្រាប់​ក្រុម​អ្នក​ផលិត​យើង​ផង ហើយ​ក៏​អាច​លើកទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​បង្កើត​មុខរបរ​ដូច​យើង​ដែរ បើ​ទោះបីជា​មិនមែន​ការ​ផលិត​Robot ដូច​ពួក​ខ្ញុំ​ក៏​ដោយ » ។

មនុស្ស​យន្ត​រត់​តុ​ដែល​មិន​ទាន់​ត្រូវ​បាន​ដាក់​ឈ្មោះ​នេះ នៅ​មិន​ទាន់​ចេញ​រូបរាង​ខាងក្រៅ​នៅឡើយ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​សាកល្បង​ជា​ច្រើន​លើក​ជា​ច្រើន​សា ដែល​អាច​និយាយ​បាន​ថា ដំណើរការ​របស់​ល្អជា​ប្រក្រតី ។

ប៊ុ​ន​ឆាត​បាន​ឲ្យ​ដឹង​ថា មនុស្ស​យន្ត​រត់​តុ​នេះ​នឹង​មិន​ត្រូវ​ដាក់​លក់​នៅ​ទីផ្សារ​ក្នុង​ឬ​ក្រៅ​ស្រុក​ទេ ដោយសារ​តែ​លោក​មាន​បំណង​បង្កើត​ដើម្បី​ដៃគូ​អាជីវកម្ម​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ក្នុងស្រុក​ប៉ុណ្ណោះ ។ លោក​បាន​និយាយ​ថា « មនុស្ស​យន្ត​រត់​តុ​នេះ វា​នឹង​ធ្វើ​ឲ្យ​ការ​បម្រើ​សេវាកម្ម​ក្នុង​ភោជនីយដ្ឋាន ទី​១​គឺ​លឿន ទី​២​វា​ជា​មនុស្ស​យន្ត ដូច្នេះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អតិថិជន​ទាស់ចិត្ត​ឡើយ ហើយ​បើ​មានការ​ថ្នាំងថ្នាក់​ចិត្ត​ពី​ភ្ញៀវ​នោះ គឺជា​មួយ​ពួក​យើង​ដែល​អ្នក​ធ្វើ​Program ។ ដូច្នេះ​អតិថិជន​គ្រាន់តែ​មក​កាន់​ហាង និង​អង្គុយ​កុម្ម៉ង់​នោះ គាត់​នឹង​ទទួល​បាន​សេវាកម្ម​រហ័ស​ទាន់ចិត្ត ពិសេស​នឹង​មានការ​ប្លែក​ភ្នែក ដោយសារ​តែ​ហាង​ដែល​មាន​អ្នក​រត់​តុ​ជា​មនុស្ស​យន្ត នឹង​មាន​តែ​មួយ​នៅ​កម្ពុជា»។

ប៊ុ​ន​ឆាត​បាន​បន្ត​ថា « បើ​និយាយ​ឲ្យ​ខ្លី​គឺ​មនុស្ស​យន្ត​នេះ វា​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​បាន​លឿន​ជាង​មនុស្ស ហើយ​វា​នឹង​មិន​ចេះ​ភាន់ច្រឡំ​ដូច​មនុស្ស​ទេ » ។

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​លើក​បច្ចេកវិទ្យា​ArrowDot មាន​សមាជិក​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​សមាជិក​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្រាវជ្រាវ និង​កំពុង​ផលិត​មនុស្ស​យន្ត​រត់​តុ​នេះ ។

ក្រុម​ArrowDot ទទួល​បាន​មោទនភាព​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ច្នៃប្រឌិត ជា​ពិសេស​ពួក​គេ​មាន​គោលការណ៍ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម និង​ផ្តល់​ភាព​ងាយ​ដល់​មនុស្ស​រស់​ក្នុង​សម័យ​ទំនើប ។ ការ​ផលិតផល​មនុស្ស​យន្ត​រត់​តុ នឹង​មិន​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​ការ​ប្រកប​របរ​របស់​មនុស្ស​ទេ ដោយ​ហេតុតែ​ពួក​គេ​នឹង​មិន​បង្កើត​របស់​ទាំងឡាយ​ណា​ដែល​ផ្តល់​មហន្តរាយ​ដល់​សង្គម ។

លោក​បង្ហាញ​ថា « មុន​នឹង​ផលិត​មនុស្ស​យន្ត​នេះ យើង​មានការ​សិក្សា​ច្បាស់លាស់​។ នៅ ArrowDot​របស់​យើង គឺ​មានច្បាប់ ទី​១​ដូច​ជា​ការ​ផលិត​អាវុធ ឬ​របស់​ណា​ដែល​វា​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម នោះ​យើង​នឹង​មិន​ធ្វើការ​ស្រាវជ្រាវ​លើ​រឿង​ហ្នឹង​ទេ ។ ទី​២ គឺ Technology ទាំងឡាយ​ណា​ដែល​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​មនុស្ស ។ ដូច្នេះ​ត្រង់​ចំណុច​ហ្នឹង ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​បង្កើត​មនុស្ស​នេះ​មែន​សម្រាប់​លក់​ទូទៅ​ទេ ប៉ុន្តែ​វា​បង្កើត​ឡើង​សម្រាប់​តែ​ដៃគូ​របស់​ArrowDot ប៉ុណ្ណោះ »​។

លោក​បាន​បន្ត​ថា « យុវជន​ដែល​មក​ពី​តាម​ខេត្ត គាត់​ពឹង​លើ​ការងារ​ក្រៅ​ម៉ោង ដូច​ជា​រត់​តុ​តាម​ភោជនីយដ្ឋាន​ជាដើម ប្រសិនបើ​មនុស្ស​យន្ត​ទាំង​អស់នេះ​ទៅ​ជំនួស​ការងារ​របស់​គាត់ នោះ​គាត់​នឹង​មានការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ »​។

ទៅ​តាម​ការ​គោង​របស់​ក្រុម ArrowDot មនុស្ស​យន្ត​សម្រាប់​រត់​តុ​នេះ នឹង​មិន​ត្រូវ​បាន​ដាក់​នៅ​តាម​ទីផ្សារ​ទេ ដោយសារ​តែ​កង្វល់​ធ្វើ​ឲ្យ​ប៉ះ​ដល់​ការ​បាត់បង់​ការងារ​របស់​មនុស្ស ដូច្នេះ​វា​នឹង​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ភោជនីយដ្ឋាន​ជាក់លាក់​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ជា​ដៃគូ​អាជីវកម្ម​របស់ ArrowDot ។
លោក​ប៊ុ​ន​ឆាត​បាន​និយាយ​ថា « ខ្ញុំ​មានគំនិត​ពីរ ទី​១ រក​អ្នក​វិនិយោគទុន​ក្នុង​គំនិត​ធ្វើ​អាជីវកម្ម​ដោយ​ប្រើប្រាស់​មនុស្ស​យន្ត​ដែល​យើង​ផលិត​នេះ ឬ​បើក​ភោជនីយដ្ឋាន​ដោយ​ខ្លួនឯង​តែ​ម្តង ។ បើ​ភោជនីយដ្ឋាន​ដៃគូ​របស់​យើង ដែល​នឹង​ត្រូវ​រកបាន​នោះ នឹង​ជា​ភោជនីយដ្ឋាន​តែ​មួយ​គត់​ក្នុងស្រុក​ខ្មែរ » ។

មនុស្ស​យន្ត​សម្រាប់​រត់​តុ​គំរូ​នេះ ត្រូវ​ប្រើ​រយៈពេល​ជិត​១​ឆ្នាំ​ក្នុង​ការ​ផលិត និង​អស់​ទឹកប្រាក់​ប្រមាណ​ជា​៤០០​ដុល្លារ ដែល​នៅ​សល់​តែ​១០​ភាគរយ​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​បញ្ចប់​រូបរាង​ចុង​ក្រោយ​របស់​វា ។

ដោយឡែក ការ​ផលិត​មនុស្ស​យន្ត​នេះ​មានការ​លំបាក​មួយ​ចំនួន​ដោយសារ​សម្ភារ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​វា​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការ​រង់ចាំ​ផលិតផល​នាំ​ចូល ។ រីឯ​ការ​ដំឡើង​ក៏​មាន​លំបាក ដោយសារ​បញ្ហា​លើ​ផ្នែក​ប​ចេ្ច​ក​ទេស​ជាដើម ។ ជាង​នេះ​ទៅ​ទៀត ការងារ​របស់​ក្រុម​ArrowDot មិន​ទទួល​បាន​ប្រាក់បៀវត្ស​ជា​ប្រចាំខែ​នោះ​ទេ គឺ​ត្រូវ​ជំរុញ​ឲ្យ​សមាជិក​ក្រុម​ប្រកបការងារ​ក្រៅ​បន្ថែម ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​រៀង​ៗ​ខ្លួន ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ផលិត​មនុស្ស​យន្ត​មាន​ភាព​យឺតយ៉ាវ ។

ទោះបី​យ៉ាងណា ប៊ុ​ន​ឆាត​មាន​សុទិដ្ឋិនិយម​ថា នឹង​ទទួល​បាន​ជោគជ័យ ដោយ​ពឹងផ្អែក​លើ​សិក្សា​ជ្រាវ​ច្បាស់លាស់​។ លោក​បញ្ជាក់​ថា បើ​ទោះបីជា​ការ​ផលិត​មនុស្ស​យន្ត​នេះ​មិន​ទទួល​បាន​ជោគជ័យ​១០០%​ដូច​ការ​រំពឹង​ទុក​ក៏​ដោយ វា​ប្រៀប​បាន​នឹង​ការ​ដក​ពិសោធ​មួយ​សម្រាប់​ជំហាន​ដំបូង​នៃ​ការ​សាកល្បង ។

ប៊ុ​ន​ឆាត បាន​និយាយ​ថា «​យើង​ចង់​ជួយ​ដល់​យុវជន​ខ្មែរ​ដែល​ស្រឡាញ់​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​ការ​ស្រាវជ្រាវ​ដើម្បី​ឲ្យ​កាន់តែ​មានគំនិត​ច្នៃប្រឌិត ព្រោះ​យុវជន​ជា​ស្នូល​នៃ​សេដ្ឋកិច្ច បើ​យុវជន​មានការ​ងារ​ធ្វើ និង​វិជ្ជាជីវៈ​ច្បាស់លាស់​ក្នុង​ការ​ចិញ្ចឹមជីវិត វា​នឹង​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មានការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច »៕